ខេត្តសៀមរាប ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជាលោក ថោង ខុន បានថ្លែងថាវិបត្តិនយោបាយដ៍អាក្រក់នៅប្រទេសថៃនិងវៀតណាម បានដិតដាមខ្លះៗទៅលើវិស័យទេសចរណ៍ប្រទេសកម្ពុជា ដែលមានព្រំប្រទល់គោកនិងទឹកនៅជាប់គ្នា ។
លោក រដ្ឋមន្រ្តីមានប្រសាសន៍យ៉ាងដូច្នេះកាលពីព្រឹកថ្ងៃ ទី០៤មិថុនា ២០១៤ នៅក្នុងបទសម្ភាសន៍ដាច់ដោយឡែកមួយជាមួយអ្នកយកព័ត៌មានកោះសន្តិភាព នៅក្នុងខេត្តសៀមរាបនៅគ្រាឈប់សម្រាកកិច្ចប្រជុំគណៈកម្មការអន្តរជាតិសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍតំបន់អង្គរ ហៅកាត់ថាអាយស៊ីស៊ី លើកទី២៣ រៀបចំឡើងដោយអាជ្ញាធរជាតិអប្សរា។
លោករដ្ឋមន្រ្តីមានប្រសាសន៍ដូច្នេះថា <<តាមការរំពឹងទុកកម្ពុជានៅក្នុងឆ្នាំ ២០១៤ និងអាចទទួលបានភ្ញៀវទេសចរណ៍ក្នុងចន្លោះពី៤,៧ទៅ៤,៨ លាននាក់ ខណៈឆ្នាំ២០១៣ កន្លងទៅកម្ពុជាទទួលបានភ្ញៀវទេសចរណ៍ចំនួន៤,៥លាននាក់>>រួចទៅហើយ ប៉ុន្តែនៅក្នុងរយៈពេលថ្មីៗនេះដោយសារតែប្រទេសជិតខាងយើងកំពុងស្ថិតក្នុងស្ថានភាពដ៍អាក្រក់ផ្នែកនយោបាយ ទោះជាចង់មិនចង់ក៏ជះឥទ្ធពលអាក្រក់ដល់វិស័យទេសចរណ៍កម្ពុជារបស់យើងជាក់ជាមិនខាន។
លោកបានបន្ថែមថា តឹកតាងថ្មីៗមួយចំនួននៃសញ្ញាធ្លាក់ចុះលំហូរភ្ញៀវទេសចរណ៍ឆ្លងកាត់ប្រទេសទាំងពីរនេះបានបង្ហាញរួចទៅហើយ តាមរយៈការចុះទៅសិក្សាតាមច្រកសំខាន់ៗមួយចំនួន ដូចជាច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានធ្លាក់ចុះជាង១០ភាគរយ សូម្បីតែភ្ញៀវវៀតណាម និងភ្ញៀវថៃ ចូលតាមច្រកអាកាសយានដ្ឋានអន្តរជាតិក៏មានការធ្លាក់ចុះប្រហាក់ប្រហែលគ្នាដែរ ។
ព័ត៌មានលម្អិតនិងមានផ្សាយជួននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ