ខេត្តកណ្តាល ៖ ដូចជាការគ្រោងទុក យន្តហោះពិសេសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោហើយ ដើម្បីដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន តបតាមការអញ្ជើញរបស់ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និងជាប្រធានអាស៊ានឆ្នាំ២០២៦ ។
អញ្ជើញអមដំណើរ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមានឯកឧត្តមឧបនាយរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ព្រមទាំងតំណាងធុរកិច្ចមកពីសភាពាណិជ្ជកម្ម កម្ពុជា និងសមាគមឧកញ៉ាកម្ពុជាផងដែរ។
ក្រោមមូលបទ «ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា» កិច្ចប្រជុំកំពូលនឹងផ្តល់ជាវេទិកាសម្រាប់ថ្នាក់ដឹកនាំអាស៊ាន ដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗទាក់ទងនឹងការកសាងសហគមន៍អាស៊ាន និងមាគ៌ាឆ្ពោះទៅមុខដោយផ្តោតលើ ៖
១) ការធានាសន្តិសុខថាមពលក្នុងតំបន់ និងភាពធន់ ២) ស្ថិរភាពសន្តិសុខស្បៀង ៣) សុវត្ថិភាពនៃពលរដ្ឋអាស៊ានក៏ដូចជាផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ក្នុងគោល បំណងជំរុញអនាគតមួយ ប្រកបដោយសន្តិភាព វិបុលភាព បរិយាបន្ន និងភាពធន់ ។
ក្នុងឱកាសនៃកិច្ចប្រជុំកំពូលនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំអាស៊ាន ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្តល់អត្ថប្រយោជន៍ទៅវិញទៅមក និងផលប្រយោជន៍រួម ៕


ចែករំលែកព័តមាននេះ