រាជធានីភ្នំពេញ ៖ ការប្រកួតបើកឆាកដណ្តើមខ្សែក្រវាត់ជើងឯកស្រាបៀរកម្ពុជារបស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីថ្ងៃអាទិត្យ ទី២៥ ឧសភា កីឡាករឃីម បូរ៉ា និងកីឡាករឈិន ធារ៉ា បានក្លាយជាបេក្ខភាព២រូបមុនគេដែលទទួលបាន៣ពិន្ទុ ។ បុ៉ន្តែក៏មិនមែនមានន័យថា កីឡាករដែលចាញ់ក្នុងជុំសន្សំពិន្ទុដំបូងនេះក្លាយជាជនដែលអស់សង្ឃឹមនោះដែរ។
កីឡាករឃីម បូរ៉ា មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ទទួលបាន៣ពិន្ទុបន្ទាប់ពីបានយកឈ្នះកីឡាករសួង សុវណ្ណថា មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ដោយវេទនាបំផុតក្នុងវគ្គសន្សំពិន្ទុជុំទី១ ។ នេះជាការប្រកួតបើកឆាកប្រចាំសប្តាហ៍របស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ខណៈដែលនៅថ្ងៃអាទិត្យបន្តបន្ទាប់នឹងមានជើងខ្លាំង៤រូបផ្សេងទៀតក្នុងចំណោម១២រូបដែលជ្រើសរួចនឹងមកប្រកួតបែបនេះដើម្បីដណ្តើមពិន្ទុដូចគ្នា ។ បង្គោលខៀវ ឃីម បូរ៉ា មិនទំនងថាឈ្នះកីឡាករបង្គោលក្រហមនោះទេ ដោយសារតែ សួង សុវណ្ណថា ធ្លាប់ឈ្នះលើកមុនម្តង និងមានឥទ្ធិពលមិនធម្មតាក្នុងពេលវាយលុកជាក់ស្តែង ។ យ៉ាងណាក៏ដោយ ក្រោមការខិតខំប្រឹងប្រែងវាយលុកដោយមិនញញើតចុងក្រោយ ទើបធ្វើឱ្យ សួង សុវណ្ណថា ចាញ់ច្រាប ហើយអាចឱ្យ ឃីម បូរ៉ា យកឈ្នះទាល់តែបាន ។
កីឡាករឈិន ធារ៉ា មកពីក្លិបអប់រំកាយស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ ក៏ជាកីឡាករទី២ ដែលទទួលបាន៣ពិន្ទុពីការប្រកួតវគ្គសន្សំពិន្ទុក្នុងជុំទី១ នេះដែរ បន្ទាប់ពីបានយកឈ្នះកីឡាករសោម វិឆ័យ មកពីក្លិបសាលវ័ន្តកីឡាដោយត្រដាបត្រដួស ។ បើកុំតែបង្គោលក្រហម សោម វិឆ័យ ខ្ចីស្នៀតបន្តិច ហើយអន់កម្ពស់ជាងបន្តិច ប្រហែលជា ឈិន ធារ៉ា គ្មានវាសនាដណ្តើម៣ពិន្ទុពីការប្រកួតនេះបានឡើយ។
យ៉ាងណាក៏ដោយ លទ្ធផលចុងក្រោយបង្ហាញហើយថា កីឡាករ៤រូបក្នុងចំណោម១២រូបដែលបានបង្ហាញខ្លួនក្នុងសប្តាហ៍ដំបូងរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ គឺកីឡាករឃីម បូរ៉ា និងឈិន ធារ៉ា ជាអ្នកក្តោបក្តាប់បាន៣ពិន្ទុនាំមុខមុន ខណៈដែលអ្នកចាញ់ គឺសួង សុវណ្ណថា និងសោម វិឆ័យ បានត្រឹម១ពិន្ទុបុ៉ណ្ណោះពីការប្រកួត ៕
ចែករំលែកព័តមាននេះ