ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈៀវ ​បូរ៉ា​ ក្លាយ​​ជា​ម្ចាស់​​ជើង​ឯក​​អុក​ចត្រង្គ​​ប្រចាំ​ឆ្នាំ​​2014

10 ឆ្នាំ មុន

ខេត្ត​សៀម​រាប​ ៖ ការ​ប្រកួត​កីឡា​អុក​ចត្រង្គ​អបអរ​សាទរព្រឹត្តិ​ការណ៍​អង្គរ​សង្ក្រាន្ត​ ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​​ប្រពៃណី​ជាតិ​ខ្មែរ​ ដែល​រៀបចំ​ឡើង​ក្រោម​កិច្ច​សហ​ការ​រវាង​គណៈ​កម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​​ និង​សហ​ភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ ដែល​មាន​រយៈ​ពេល​៣​​ថ្ងៃ​ដោយ​ចាប់​ផ្តើម​ពីថ្ងៃ​ទី​១៤​ មេសា​មក​នោះ​​ បាន​បញ្ចប់​ជាស្ថាពរ​ហើយ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦ មេសា​ ដោយ​បាន​រក​ឃើញ​ម្ចាស់​ជើង​ឯក​ប្រចាំ​ឆ្នាំ​២០១៤

ខេត្ត​សៀម​រាប​ ៖ ការ​ប្រកួត​កីឡា​អុក​ចត្រង្គ​អបអរ​សាទរព្រឹត្តិ​ការណ៍​អង្គរ​សង្ក្រាន្ត​ ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​​ប្រពៃណី​ជាតិ​ខ្មែរ​ ដែល​រៀបចំ​ឡើង​ក្រោម​កិច្ច​សហ​ការ​រវាង​គណៈ​កម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​​ និង​សហ​ភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ ដែល​មាន​រយៈ​ពេល​៣​​ថ្ងៃ​ដោយ​ចាប់​ផ្តើម​ពីថ្ងៃ​ទី​១៤​ មេសា​មក​នោះ​​ បាន​បញ្ចប់​ជាស្ថាពរ​ហើយ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦ មេសា​ ដោយ​បាន​រក​ឃើញ​ម្ចាស់​ជើង​ឯក​ប្រចាំ​ឆ្នាំ​២០១៤​ បន្ទាប់​ពី​ចម្រាញ់​យក​​អ្នក​ដែល​មាន​សមត្ថភាព​ចំនួន​៨​នាក់​មក​ប្រកួត​ប្រជែង​នៅ​មុខ​ប្រាសាទ​អង្គរ​ ក្នុង​ចំណោម​កីឡាករ​ចំនួន​៦៤​នាក់​មក​ពី​ទូទាំង​ប្រទេស​រួច​មក​ ។​

ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នា​ពេល​នោះ​ធ្វើ​ឡើង​ក្រោម​វត្ត​មាន​ចូលរួម​ជា​គណៈ​អធិបតី​ពី​លោក​ថោង ខុន​ រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​ និង​ជា​ប្រធាន​គណៈ​កម្មាធិការជាតិ​​អូឡាំ​ពិក​កម្ពុជា, លោក​សាយ​ សំអាល់​ រដ្ឋ​មន្ត្រី​ក្រសួង​បរិ​ស្ថាន,​ លោក​ហ៊ុន ​ម៉ានី​ ប្រធាន​សហ​ភាព​សហ​ព័ន្ធ​យុវ​ជន​កម​្ពុជា​, លោក​ឃឹម​ ប៊ុន​សុង​ អភិបាល​​ខេត្ត​សៀម​រាប​ និង​លោក​វ៉ាត់ ចំរើន​ អគ្គ​លេខាធិការ​គណៈ​កម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​ ព្រម​ទាំង​មន្ត្រី​ពាក់​ព័ន្ធ កីឡាករ​ និង​​ប្រជា​ពល​រដ្ឋ​យ៉ាង​ច្រើន​កុះ​ករ​ ។

អ្វី​ដែល​ធ្វើ​ឱ្យ​គេ​ចាប់​អារម្មណ៍​បំផុត​នោះ គឺ​កីឡាករ​ដែល​ចូលរួម​ប្រកួត​ស្លៀក​ពាក់​តុប​តែង​ដូចជាស្តេច​សម័យ​អង្គរ​​ ហើយ​ធ្វើ​ការ​ប្រកួត​សាក​ល្បង​ជាមួយ​នឹង​អុក​យក្សដែល​ផលិត​ឡើង​ដោយ​សហភាពសហ​ព័ន្ធ​យុវជន​កម្ពុជា ដែល​ការ​ប្រកួត​នោះ​កីឡាករ​គ្រួច​ ចន្ថារិទ្ធ​ បាន​យក​ឈ្នះ​​កីឡាករ​ឈៀវ​ បូរ៉ា ។​ បុ៉ន្តែ​សម្រាប់​ការ​ប្រកួត​ពិត​ប្រាកដ​ គឺ​កីឡាករ​ឈាវ​ បូរ៉ា​ ដែល​មាន​អាយុ​ទើប​តែ​២៤​ឆ្នាំ​មក​ពី​ខេត្ត​កំពង់​ចាម​ទៅ​វិញ​ទេ​ដែល​ជា​អ្នក​ឈ្នះ​កីឡាករ​គ្រួច​ ចន្ថា​រិទ្ធ​ អាយុ​៤៧​ឆ្នាំ​ មក​ពី​ខេត្ត​ស្វាយ​រៀង​​ទាំងពីរ​ក្តារ​ជាមួយ​នឹង​សមត្ថ​ភាព​ប្រើ​ប្រាស់​ថិរ​វេលា​តិច​ជាង​ ដោយ​​ប្រើ​ពេល​គិត​តែ​៣​នាទី​បុ៉ណ្ណោះ​ក្នុង​ខណៈ​ដែល​កីឡាករ​គ្រួច ចន្ថា​រិទ្ធ​ ប្រើ​ពេល​គិត​ដល់​ទៅ​៥​នាទី​សម្រាប់​ម៉ោង​ប្រកួត​ដែល​​មាន​៦០​នាទី​នោះ។​

ដោយ​ឡែក​ ចំណាត់​ថ្នាក់​លេខ​៣​ គឺ​បាន​ទៅ​លើ​កីឡាករ​សូ​ សំភី​ មក​ពី​រាជ​ធានី​ភ្នំ​ពេញ​ បន្ទាប់​ពី​ប្រកួត​ឈ្នះ​កីឡាករ​កែវ​ វឌ្ឍនា​ មក​ពី​រាជ​ធានី​ភ្នំ​ពេញ​ដូចគ្នា​ ។​ សម្រាប់​ជ័យ​លាភី​ចំណាត់​ថ្នាក់​លេខ​១ ក្នុង​ព្រឹត្តិ​ការណ៍​នេះ​ទទួលបាន​ប្រាក់​រង្វាន់​ពី​សម្តេច​តេជោ​ ហ៊ុន សែន​ ចំនួន​៣.០០០​ដុល្លារ​, ពី​លោក​រដ្ឋមន្ត្រី​ ថោង ខុន​ ៤០០​ដុល្លារ,​ ពី​លោក​អភិបាល​ខេត្ត​សៀម​រាប​៤០០​ដុល្លារ​ និង​ពី​​ក្រុម​ហ៊ុន​ស្រា​បៀរ​អង្គរ​ចំនួន​១.០០០​ដុល្លារ​ សរុប​ទាំង​អស់​៤.៨០០​ដុល្លារ ។​ ចំណាត់​ថ្នាក់​លេខ​២​ ទទួល​បាន​ប្រាក់​​រង្វាន់​ពី​សម្តេច​តេជោ​ ហ៊ុន សែន​ ចំនួន​២.០០០​ដុល្លារ​, ពី​លោក​រដ្ឋ​មន្ត្រី​ថោង ខុន​ ៣០០​ដុល្លារ​, ពី​លោក​អភិបាល​ខេត្ត​សៀម​រាប​ ៣០០​ដុល្លារ​ និង​ពី​ក្រុម​ហ៊ុន​ស្រា​បៀរ​អង្គរ​ចំនួន​៧០០​ដុល្លារ​ សរុប​៣.៣០០​ដុល្លារ​ ។​

ចំណាត់​ថ្នាក់​លេខ​៣​ ទទួលបាន​ប្រាក់​រង្វាន់​ពី​សម្តេច​តេជោ​ ហ៊ុន សែន​ ចំនួន​១.០០០​ដុល្លារ​, ពី​លោក​រដ្ឋ​មន្ត្រី​ ថោង ខុន​ ២០០​ដុល្លារ​, ពី​លោក​អភិ​បាល​​ខេត្ត​សៀម​រាប​ ២០០​ដុល្លារ​ និង​ពី​ក្រុម​ហ៊ុន​ស្រា​បៀរ​អង្គរ​ចំនួន​៤០០​ដុល្លារ​ សរុប​១.៨០០​ដុល្លារ​ និង​ចំណាត់​ថ្នាក់​លេខ​៤​​ ទទួល​បាន​ប្រាក់​រង្វាន់​ពី​សម្តេច​តេជោ​ ហ៊ុន សែន ១.០០០​ដុល្លារ,​ ពី​លោក​រដ្ឋ​មន្ត្រី​ ថោង ខុន​ ១០០​ដុល្លារ, ពី​​លោក​អភិបាល​ខេត្ត​សៀម​រាប​ ១០០​ដុល្លារ​ និង​ពី​ក្រុម​ហ៊ុន​ស្រា​បៀរ​អង្គរ​ចំនួន​២០០​ដុល្លារ​ សរុប​១.៤០០​ដុល្លារ​​ ៕​