ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​ករ​​ខ្មែរ​4​រូប​មាន​​3​រូប​រំពឹង​​ឈ្នះ​ថៃ​​រសៀល​​នេះ​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ នៅ​លើសង្វៀន​ទូរ​ទស្សន៍​បាយ័ន​ថ្មី​ដែល​ជា​អតីត​សាល​មហោ​ស្រព​ទន្លេបាសាក់​ទល់​មុខ​មន្ទីរ​រដ្ឋ​សភា​ថ្មី​ នា​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១២ មេសា​ ឆ្នាំ​២០១៤ នេះ​ នឹង​​មាន​បើក​ឆាក​ការ​ប្រកួត​ប្រដាល់​ជា​លើក​ដំបូង​រវាង​កីឡា​ករ​កម្ពុជា​៤​រូប​ និង​កីឡាករ​ថៃ​៤​រូប​ ។ ទោះ​យ៉ាង​ណា មានតែ​កីឡាករ​កម្ពុជា​៣​រូប​បុ៉ណ្ណោះ​ដែល​ត្រូវ​គេ​ចោទ​ជាសំណួរ​ថា​ តើ​អ្នក​ណា​ខ្លះ​វាយ​ឈ្នះ​ជើង​ខ្លាំង​មក​ពី​ប្រទេស​ថៃ​ ។​

រាជ​ធានី​ភ្នំ​ពេញ​ ៖ នៅ​លើសង្វៀន​ទូរ​ទស្សន៍​បាយ័ន​ថ្មី​ដែល​ជា​អតីត​សាល​មហោ​ស្រព​ទន្លេបាសាក់​ទល់​មុខ​មន្ទីរ​រដ្ឋ​សភា​ថ្មី​ នា​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១២ មេសា​ ឆ្នាំ​២០១៤ នេះ​ នឹង​​មាន​បើក​ឆាក​ការ​ប្រកួត​ប្រដាល់​ជា​លើក​ដំបូង​រវាង​កីឡា​ករ​កម្ពុជា​៤​រូប​ និង​កីឡាករ​ថៃ​៤​រូប​ ។ ទោះ​យ៉ាង​ណា មានតែ​កីឡាករ​កម្ពុជា​៣​រូប​បុ៉ណ្ណោះ​ដែល​ត្រូវ​គេ​ចោទ​ជាសំណួរ​ថា​ តើ​អ្នក​ណា​ខ្លះ​វាយ​ឈ្នះ​ជើង​ខ្លាំង​មក​ពី​ប្រទេស​ថៃ​ ។​

កីឡាករ​កម្ពុជា​ដែល​ត្រូវគេ​រំពឹង​ថា ​នឹង​ឈ្នះ​កីឡាករ​ថៃ​ទាំង​៣​រូប​នោះ​រួម​មាន​កីឡា​ករ​វ៉ន​ វីវ៉ា​ មក​ពីក្លិប​ព្រះ​ខ័ន​រាជ, កីឡាករ​ឯម វុត្ថា​ ​​និង​កីឡាករ​ឯម វិចិត្រ​ មក​ពី​ក្លិប​ឫទ្ធិ​ពោធិ៍​សែន​ជ័យ។​ ទោះ​យ៉ាងណា​​ កីឡាករ​ម៉ន រដ្ឋា​ មក​ពី​ក្លិប​ព្រែក​ឯង​កីឡា​ ក៏​ត្រូវ​គេ​ផ្តោត​ការ​ចាប់​អារម្មណ៍​ផងដែរ បើ​ទោះ​ជា​ការ​ស្ទាប​ស​្ទង់​ហាក់​មាន​កម្រិត​តិច​ជាង​កីឡាករ​ជើង​ខ្លាំង​ទាំង​៣​ ដែល​បាន​រៀប​រាប់​ខាង​លើ​នោះ​ក៏​ដោយ ។​ ពួក​គេ​ទាំង​៤​នាក់​នឹង​ប៉ះ​កណ្តាប់​ដៃ​ជា​មួយ​កីឡា​ករ​ថៃ​ដូច​គ្នា​ក្នុង​បុ៉ន្មាន​ម៉ោង​ខាង​មុខ​នេះ​ ដើម្បី​បើក​ឆាក​សង្វៀន​ថ្មី​របស់​ទូរ​ទស្សន៍​បាយ័ន​ ដែល​ប្រកាស​បើក​ការ​ប្រដាល់​ចំនួន​ម​ួយ​សង្វៀន​ថ្មី​ទៀត​អបអរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ ។ ការ​ប្រកួត​ទាំង​មូល​នឹង​ចាប់​ផ្តើម​ឡើង​នៅវេលា​ម៉ោង​១​រសៀល​ ដោយ​គ្រោង​​បញ្ចប់​នៅ​វេលា​ម៉ោង​៣​រសៀល ។​
​កីឡាករ​វ៉ន​ វីវ៉ា​ ​នឹង​ប៉ះ​ជា​មួយ​កីឡាក​រ​ថៃ Bugio Kiatchoochai ក្នុង​ប្រភេទ​ទម្ងន់​៧៥​គីឡូ​ក្រាម​ ខណៈ​ដែល​វ៉ន វីវ៉ា​ ខាន​ឡើងប្រកួត​ប្រមាណ​ជាង​មួយ​ឆ្នាំ​មក​ហើយ​ ដោយ​ការ​ប្រកួត​លើក​ចុង​ក្រោយ​របស់​គេ​បាន​ឈ្នះ​កីឡាករ​កូឡុំ​ប៊ី​ដោយ​ពិន្ទុ​នៅ​សង្វៀន​ខេត្ត​សៀម​រាប កាល​ពី​ថ្ងៃ​ទី​២០ មីនា ឆ្នាំ​២០១៣ ។​ វ៉ន វីវ៉ា​ ធ្លាប់​ប្រកួត​បាន​ជាង​១០០​ដង​ បុ៉ន្តែបាន​ដាក់​នៅ​ក្នុងការ​ប្រកួត​នេះ​ត្រឹម​៤៣​ដង​ ឈ្នះ​៣៩​ដង​ ចាញ់​៣​ដង​ និង​ស្មើ​១​ដង ។​ ចំណែក​កីឡាករ​ថៃ​ប្រកួត​បាន​១២៣​ដង ឈ្នះ​១០៥​ដង ចាញ់​១៥​ដង​ និង​ស្មើ​៣​ដង ។​

កីឡាករ​ឯម វុត្ថា​ ប៉ះ​ជា​មួយ​កីឡាករ Kamlaphet Sornsamnak ក្នុង​​ប្រភេទ​ទម្ងន់​៦៥​គីឡូ​ក្រាម​ ដោយ​កីឡាករទាំង​ពីរ​រូប​នេះ​សុទ្ធ​តែ​មាន​ប្រវត្តិ​ និង​បទ​ពិសោធន៍​ប្រកួត​ខ្លាំង​ក្លា​ដូច​គ្នា ។​ Kamlaphet Sornsamnak ធ្លាប់​ប្រកួតបាន​១០៥​ដង​ ឈ្នះ​៨៣​ដង​ ចាញ់​២០​ដង និង​ស្មើ​២​ដង ។​ ដោយ​​ឡែក កីឡាករ​ឯម វុត្ថា​ ធ្លាប់​ប្រកួត​បាន​១២៥​ដង​ ឈ្នះ​៩៨​ដង ចាញ់​២៤​ដង​ និង​ស្មើ​៣​ដង ។​ ឯម វិចិត្រ​ ដែល​ជា​សិស្ស​ច្បង​របស់​ ឯម វុត្ថា​ ប៉ះ​ជា​មួយ​កីឡា​ករ​ថៃ​ Pichtichai Rongrian Kirakovad ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូ​ក្រាម​ ។ ​នេះ​ជា​លើកទី​២​ ហើយ​សម្រាប់​ ឯម វិចិត្រ​ ប្រកួត​ជា​មួយ​កីឡាករ​ថៃ​ ដែល​ធ្លាប់​ប្រកួត​បាន​៦៥​ដង​ ឈ្នះ​៤៥ដង​ ចាញ់​១៥​ដង​ និង​ស្មើ​៥​ដង ខណៈ​​ដែល​រូប​គេ​ធ្លាប់​ប្រកួត​បាន​៨៩​ដង​ ឈ្នះ​៧៦​ដង​ ចាញ់​១០​ដង​ និង​​ស្មើ​​៣​ដង។​
ចំពោះ​កីឡាករ​ម៉ន រដ្ឋា​ ត្រូវ​ប៉ះ​ជា​មួយ​កីឡា​ករ​ថៃ​ Khanthed Rongriankee Rokorad ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូ​ក្រាម ។​ នេះ​ជា​លើក​ទី​១ ​ហើយ​ដែល​​ ម៉ន រដ្ឋា​ ជួប​ប្រកួត​ជា​មួយ​កីឡាករ​បរទេស​​នោះ ។​ កីឡាករ​ថៃ Khanthed Rongriankee Rakorad ធ្លាប់​ប្រកួត​បាន​៧៤​ដង​ ឈ្នះ​៤៥​ដង​ ចាញ់​១៤​ដង​ និង​ស្មើ​១៥​ដង​ ខណៈ​ដែល​ម៉ន រដ្ឋា​ ធ្លាប់​ប្រកួត​បាន​៤០​ដង​ ឈ្នះ​៣០​ដង​ និង​ចាញ់​១០​ដង ។​

ជា​មួយ​នឹង​ការ​ប៉ះ​គ្នា​ សំណួរ​មួយ​កំពុង​ចោទ​សួរថា​ តើ​ក្នុង​ចំណោម​កីឡា​ករខ្មែរ​ទាំង​៤​រូប​ អ្នក​ណា​ខ្លះ​បញ្ចប់​ដោយ​ភាព​ជោគ​ជ័យ​លើ​កីឡា​ករ​ថៃ​នា​រសៀល​ថ្ងៃ​នេះ​ ខណៈ​ដែល​កីឡា​ករ​វ៉ន វីវ៉ា,​ ឯម វុត្ថា​ និង​ឯម វិចិត្រ​ ត្រូវគេ​ព្យាករណ៍​ថា នឹង​ឈ្នះ​​កីឡាករ​ថៃ​​ច្រើន​ជាង​ដោយសារ​​តែ​ភាព​ល្បី​ល្បាញ​របស់​ពួក​គេ​ ៕​