ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​​ជើង​ខ្លាំង​8​​រូប​ទៅ​​ប្រកួត​អុក​​ចត្រ​ង្គ​ផ្តាច់​​ព្រ័ត្រ​នៅ​ខេត្ត​សៀម​​រាប​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ ការ​ប្រកួត​ជម្រុះ​កីឡា​អុក​ចត្រង្គ​ដំណាក់​កាល​ទី​១​ ដើម្បី​ជ្រើស​រើស​យក​បេក្ខ​ជន​ជើង​ខ្លាំង​ចំនួន​៨​រូប​ទៅ​ប្រកួត​អបអរ​សាទរ​ព្រឹត្តិ​ការណ៍​​អង្គរ​សង្ក្រាន្ត​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​នា​ពេល​ខាង​មុខ​​នេះ​ បាន​រក​ឃើញ​ហើយ​ ក្នុង​នោះ​មាន​កីឡាករ​ក្រូច​ ចន្ថា​រិទ្ធ,​ សំរិទ្ធ​ សៀ,​ ចាន់​ ប្រាថ្នា,​ កែវ វឌ្ឍនា,​ ឈាវ​ បូរ៉ា,​ សេង ចាន់,​ សូ​ សំភី និង​កីឡាករ​ប៉ាវ​ សុខ​ណា ។​

រាជ​ធានី​ភ្នំ​ពេញ​ ៖ ការ​ប្រកួត​ជម្រុះ​កីឡា​អុក​ចត្រង្គ​ដំណាក់​កាល​ទី​១​ ដើម្បី​ជ្រើស​រើស​យក​បេក្ខ​ជន​ជើង​ខ្លាំង​ចំនួន​៨​រូប​ទៅ​ប្រកួត​អបអរ​សាទរ​ព្រឹត្តិ​ការណ៍​​អង្គរ​សង្ក្រាន្ត​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​នា​ពេល​ខាង​មុខ​​នេះ​ បាន​រក​ឃើញ​ហើយ​ ក្នុង​នោះ​មាន​កីឡាករ​ក្រូច​ ចន្ថា​រិទ្ធ,​ សំរិទ្ធ​ សៀ,​ ចាន់​ ប្រាថ្នា,​ កែវ វឌ្ឍនា,​ ឈាវ​ បូរ៉ា,​ សេង ចាន់,​ សូ​ សំភី និង​កីឡាករ​ប៉ាវ​ សុខ​ណា ។​

ការ​ប្រកួត​ជម្រុះ​ដំណាក់​កាល​ទី​១ ​នេះ​ គឺ​ប្រើ​​រយៈ​ពេល​២​ថ្ងៃ​ចាប់​ពីថ្ងៃ​ទី​៨ រហូត​ដល់​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៤​ នៅ​ក្នុង​ទីស្នាក់​ការ​គណៈ​កម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​ ដោយ​មាន​កីឡា​ក​រ​ចូលរួម​សរុប​ចំនួន​៦៤​នាក់ ។​ ​លោក​វ៉ាត់ ចំរើន​ អគ្គ​លេខាធិការ​គណៈ​កម្មា​ធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា​ ចំពោះ​កីឡាករ​ជើង​ខ្លាំង​ទាំង​៨​នាក់​ដែល​ឆ្លង​ផុត​ដំណាក់​កាល​ទី​១​ ត្រូវត្រៀម​ខ្លួ​នប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​មុខ​ប្រាសាទ​អង្គរ​វត្ត​រយៈ​ពេល​៣​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​១៤ រហូត​ដល់​ថ្ងៃទី​១៦​ ខែ​មេសា ឆ្នាំ​២០១៤ ដើម្បី​អបអរ​សាទរ​ព្រឹត្តិ​ការណ៍​អង្គរ​សង្ក្រាន្ត​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នា​ពេល​ខាង​មុខ ។​ លោក​បន្ត​ទៀត​ថា​ ក្រោយ​ពី​ចប់​ការ​ប្រកួត​កីឡា​អុក​ចត្រង្គ​លើក​នេះ​ នៅដើម​ឆ្នាំ​ក្រោយ​យើង​នឹង​មាន​រៀបចំ​ការ​ប្រកួត​ដណ្តើម​ពាន​រង្វាន់​សម្តេច​តេជោ​ ហ៊ុន សែន ប្រចាំ​ឆ្នាំ​តែ​ម្តង​ ហើយ​គណៈ​កម្មា​ធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​ ក៏​កំពុង​សម្រេច​ដាក់​វិញ្ញាសា​កីឡា​អុក​ចត្រង្គ​នេះ​ចូល​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា SEA Games លើក​ទី​៣២​ នា​ឆ្នាំ​២០២៣​ ផង​ដែរ ។​

ចំពោះ​ប្រាក់​រង្វាន់​ដែល​ត្រូវប្រគល់​ជូន​ដល់​ជ័យ​លាភី​ឆ្នាំ​នេះ​ ចំណាត់​ថ្នាក់​លេខ​១​ ទទួល​បាន​១.០០០​ដុល្លារ​, លេខ​២ បាន​៧០០​ដុល្លារ,​ លេខ​៣ បាន​៤០០​ដុល្លារ​ និង​លេខ​៤ បាន​២០០​ដុល្លារ ។​ គួរ​បញ្ជាក់​ផង​ដែរ​ថា​ គូប្រកួត​ដែល​ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ និង​ភ្ញាក់​ផ្អើល​ជាងគេ​ក្នុង​ការ​ប្រកួត​នា​ពេល​នោះ​ គឺ​ជា​ការ​ប្រកួត​រវាង​លោក​ឆយ​ វីរ៉ា​ ជើង​ឯក​ពាន​រង្វាន់​សម្តេច​​តេជោ ហ៊ុន សែន​ ឆ្នាំ​២០១០​ និង​លោក​សុខ​ ភារ៉ា​ ​ជា​ជើង​ឯក​រង ហើយ​ជា​លទ​្ធ​ផល​កីឡាករ​ជើង​ឯក​ត្រូវ​បាន​កីឡា​ករ​រង​ជើង​ឯក​បំបាក់​ក្នុង​ជុំ​ទី​១ ។ មិន​ត្រឹម​តែ​បុ៉ណ្ណោះ​ ការ​ប្រកួត​​បន្ត​ត្រឹម​ជុំ​ទី​៣​ កីឡាករ​ពី​លេខ​១​ ដល់​លេខ​៤​ បាន​បាត់​បង់​ឱកាស​ឡើង​ទៅប្រកួត​​វគ្គ​បន្ត​ បន្ទាប់​ពី​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​ដំណាក់​កាល​ទី​១​ នោះ ។​

សូ​មរំលឹក​ថា​ ល្បែង​អុក​ចត្រង្គ​ ឬ​ចត្រង្គ​ គឺ​ជា​ព្រលឹង​​​វប្ប​ធម៌​ជាតិ​មួយ​របស់​ខ្មែរ​ដែល​​គេ​ពេញ​និយម​លេង​តាំងពី​សម័យ​អង្គរ​មក​ម៉្លេះ​ ហើយ​កីឡា​អុក​ ឬចត្រង្គ គឺ​ជា​ល្បែង​កីឡា​​ល្បង​ប្រាជ្ញា​មួយ​ប្រភេទ​ដែល​ត្រូវ​ប្រើ​ប្រាស់​យុទ្ធ​សាស្ត្រ,​ វិធី​សាស្ត្រ និង​បទ​ពិសោធន៍​ខ្ពស់​ក្នុង​ការ​រៀបចំ​ក្បួន​ បញ្ជា ទប់​ទល់​ វាយប្រហារ​ ជា​ពិសេស​គឺ​ចេះ​ពី​របៀប​គ្រប់​គ្រង​ដឹក​នាំ​វាយ​លុក​ ឬ​ដក​ថយ​តាម​ក្បួន​យុទ្ធ​សាស្ត្រ​ ។ បុ៉ន្តែ​យុទ្ធ​សាស្ត្រ​ និង​វិធី​សាស្ត្រ​ដើម្បី​លេង​កីឡា​អុក​ចត្រង្គ​ គឺ​អាស្រ័យ​លើ​ស្ថានភាព​ជាក់​ស្តែង​ និង​កាលៈ​ទេសៈ​ពិត​ប្រាកដ​ក្នុង​​សមរភូមិ​ប្រយុទ្ធ​ដោយ​មិន​ប្រើ​ក្បួន​ ឬ​យុទ្ធ​សាស្ត្រ​បម្រុង​ទុក​បាន​ឡើយ ។​ ចំណុច​ពិសេស​ក្នុង​ល្បែង​អុក​ ឬ​ចត្រង្គ​ គឺ​ភាព​បុិន​ប្រសប់​នៃការ​បញ្ឆោត​គូ​បដិបក្ខ​ឱ្យ​ចូល​ក្នុង​យុទ្ធ​សាស្ត្រ​ ឬ​ក្នុង​ក្បួន​ដើម្បី​សម្លាប់​ ៕​