រាជធានីភ្នំពេញ ៖ កាលពីថ្ងៃសុក្រ ទី៤ មេសា និងថ្ងៃសៅរ៍ ទី៥ មេសា កីឡាករជើងខ្លាំង២រូប គឺកីឡាករវង្ស ណយ និងកីឡាកររិទ្ធ កៅ បានក្លាយជាម្ចាស់ខ្សែក្រវាត់ និងម្ចាស់ពានគួរឱ្យភ្ញាក់ផ្អើលនៅលើរេញទូរទស្សន៍បាយ័នស្ទឹងមានជ័យ ។ ជ័យជម្នះរបស់ពួកគេបានធ្វើឱ្យមានការកោតសរសើរយ៉ាងខ្លាំង ពិសេសក្នុងចង្កោមអ្នកទស្សនាភាគច្រើនផ្ទាល់តែម្តង ។
កីឡាករវង្ស ណយ មកពីក្លិបទីបញ្ជាការកងទ័ពជើងគោក គឺជាអ្នកធ្វើឱ្យមានការភ្ញាក់ផ្អើលនាំមុខគេ បន្ទាប់ពីយកឈ្នះ និងដណ្តើមបានខ្សែក្រវាត់ពីកីឡាករកែវ រំចង់ ដែលជាគូប្រកួតស៊ីសាច់ហុតឈាមមកពីក្លិបកងពលធំអន្តរាគមន៍លេខ៨ ភ្នំទ្រព្យ កាលពីល្ងាចថ្ងៃសុក្រ ។ ការប្រកួតរវាងគូនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងចំណោមអ្នកទស្សនាដែលមានចំនួនរាប់ពាន់នាក់។ កីឡាករវង្ស ណយ ធ្លាប់យកឈ្នះ កែវ រំចង់ ពីរលើករួចមកហើយកាលពីថ្ងៃទី៨ វិច្ឆិកា និងលើកទី២ កាលពីថ្ងៃទី៦ ធ្នូ ឆ្នាំ២០១៣ ។ ងាកមកកាន់ការប្រកួតជាលើកទី៣ ដែលជាការប្រកួតដណ្តើមខ្សែក្រវាត់នោះវិញ ពួកគេមានការវាយសម្រុកដាក់គ្នាយ៉ាងខ្លាំងតាំងពីទឹកទី១ ។ ចូលដល់ទឹកទី២ កីឡាករទាំងពីរបានធ្វើការវាយសម្រុកគ្នាកាន់តែខ្លាំង ដោយកីឡាករវង្ស ណយ បានទទួលលទ្ធផលល្អជាង ពិសេសក្នុងពេលគេបោះកែងចូលគុម្ពថ្គាម ហើយធ្វើឱ្យកីឡាករកែវ រំចង់ ដួលទៅលើក្តារតាពីនៅចុងទឹកទី២ ត្រូវអាជ្ញាកណ្តាលរាប់ដល់៨ ដូចដែលគេធ្លាប់ធ្វើកាលពីលើកទី២។ នៅទឹកទី៣ កែវ រំចង់ បានវាយបកសងសឹក និងធ្វើឱ្យកីឡាករវង្ស ណយ បែកមាត់ហូរឈាម ។ ប៉ុន្តែកីឡាករវង្ស ណយ នៅតែមានស្មារតីរឹងមាំ ហើយដេញវាយ កែវ រំចង់ ធ្វើឱ្យគេរត់ពេញរេញ ដែលបង្ហាញឱ្យឃើញពីការចាញ់ប្រៀបវិញ ។
ក្នុងទឹកទី៤ និងទី៥ ពួកគេម្នាក់ៗហាក់ថមថយកម្លាំងរៀងខ្លួន ខណៈកីឡាកររង្ស ណយ នៅតែរក្សាសន្ទុះវាយលុកបានល្អ ហើយបន្តដេញវាយទៅលើកីឡាករកែវ រំចង់ កាន់តែធ្វើឱ្យអ្នកទស្សនាកោតសរសើរ ។ កីឡាករវង្ស ណយ ត្រូវគណៈកម្មការ និងមហាជនកាត់សេចក្តីឱ្យឈ្នះនៅនាទីចុងក្រោយ ខណៈដែលកែវ រំចង់ មិនព្រមទទួលស្គាល់ការពិត ហើយសម្តែងកាយវិការមិនចង់នៅលើរេញ ក្នុងពេលមានការប្រគល់ខ្សែក្រវាត់ស៊ីម៉ងត៍ភ្នំ ដែលគេធ្លាប់គ្រប់គ្រងទៅឱ្យកីឡាករវង្ស ណយ ។ ជ័យជម្នះរបស់ វង្ស ណយ បានធ្វើឱ្យម្នាក់ៗអបអរសាទរយ៉ាងខ្លាំង ដោយអ្នកទស្សនាកំពុងចារឹកឈ្មោះរបស់គេជំនួស កែវ រំចង់ នៅក្នុងពិភពប្រដាល់នោះទៀតផង ។
ដោយឡែក នៅថ្ងៃសៅរ៍កាលពីម្សិលម៉្ងៃ កីឡាកររិទ្ធ កៅ មកពីមជ្ឈមណ្ឌលកីឡានៃកងយោធពលខេមរភូមិន្ទ ក៏ជាអ្នកទទួលបានតំណែងខ្លាំងគួរជាទីមោទនៈផងដែរ បន្ទាប់ពីបានយកឈ្នះកីឡាករជួប ជាង មកពីក្លិបនិរោធមានជ័យ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រដែលជាវគ្គដណ្តើមយកពានកិត្តិយសរបស់ស្ថានីយទូរទស្សន៍បាយ័នប្រចាំឆ្នាំ២០១៤ ក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ។ ការប្រកួតនេះក៏មានអ្នកទស្សនាកកកុញពេញសង្វៀនផងដែរ ដោយសារតែនោះគឺជាការប្រកួតចុងបញ្ចប់ និងការប្រកួតកំណត់យកម្នាក់ដើម្បីក្លាយខ្លួនជាជើងឯកចុងក្រោយក្តោបក្តាប់ពានរបស់ទូរទស្សន៍បាយ័ន និងឈ្នះទឹកប្រាក់២លានរៀល ។ នេះជាការប្រកួតទ្រង់ទ្រាយធំដូចគ្នា បើធៀបនឹងការប្រកួតដណ្តើមខ្សែក្រវាត់រវាងកីឡាករវង្ស ណយ និងកីឡាករកែវ រំចង់ ដែលសុទ្ធសឹងជាស្តេចប្រដាល់ក្នុងលំដាប់ជួរមុខដូចគ្នាក្នុងពិភពប្រដាល់ខ្មែរ ។ តំណែងជាម្ចាស់ជើងឯក ឬជាម្ចាស់ពានកិត្តិយសរបស់ស្ថានីយទូរទស្សន៍បាយ័នលើកនេះ កីឡាកររិទ្ធ កៅ នឹងក្លាយជាកីឡាករមួយរូបថ្មីដែលត្រូវគេចារឹកទុកក្នុងបញ្ជីជាកីឡាករជើងខ្លាំង បើទោះជាក្រោយក្តោបក្តាប់ពានដែលទើបដណ្តើមបាននេះនៅមិនដឹងថា គេនឹងបោះជំហានកម្រិតណានៅឡើយក៏ដោយ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ