នៅថ្ងៃទី១៤ មករា ២០១៤ ស្អែកនេះ ការប្រកួតកីឡាអាស៊ាន ប៉ារ៉ាហ្គេមលើកទី៧ នឹងត្រូវរៀបចំជាផ្លូវការហើយ ខណៈក្រុមកីឡាករ កីឡាការិនីកម្ពុជា បានទៅដល់ទីក្រុងណៃពីដោត ប្រទេសមីយ៉ាន់ម៉ា កាលពីយប់ថ្ងៃទី១១ មករា និងបានខិតខំហ្វឹកហាត់ ដើម្បីបង្កើនកម្រិតបច្ចេកទេស ។ សម្រាប់ការចូលរួមនេះ កម្ពុជាប្រកួតលើ៤ប្រភេទវិញ្ញាសារួមមាន បាល់ទះអង្គុយ ហែលទឹក រទេះប្រណាំង និងអត្តពលកម្ម ។
នៅព្រឹកថ្ងៃទី១៣ មករា ក្រុមកីឡាបាល់ទះអង្គុយបានធ្វើការហ្វឹកហាត់យ៉ាងសស្រាក់សស្រាំ ដោយមានគ្រូពេទ្យម្នាក់តាមជាប់ជាមួយ ដើម្បីត្រួតពិនិត្យនិងថែទាំបញ្ហាសុខភាពយ៉ាងជាប់លាប់ ។
លោក យីម វណ្ណា គ្រូបង្វឹកបានបង្ហាញក្ដីសប្បាយរីករាយ ដោយពិនិត្យឃើញថា មិនមានបញ្ហាអ្វីប៉ះពាល់ដល់សុខភាពកីឡាករ ។
សូមបញ្ជាក់ថា កាលពីប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី៦ នៅប្រទេសឥណ្ឌូនេស៊ី ក្រុមកីឡាបាល់ទះអង្គុយកម្ពុជា ដែលមិនធ្លាប់មានបទពិសោធន៍ ទទួលបានចំណាត់ថ្នាក់លេខ៤ ប៉ុន្តែលើកទី៧នេះទាំងកីឡាករ គ្រូបង្វឹកនិងអ្នកដឹកនាំសុទ្ធតែមានជំនឿចិត្តថានឹងដណ្ដើមបានមេដាយជូនជាតិឱ្យខាងតែបាន ។
ចែករំលែកព័តមាននេះ