រាជធានីភ្នំពេញ ៖ បុរសជនជាតិអាមេរិកាំងម្នាក់ឈ្មោះ Daniel Stephen Joh San អាយុ៣៥ឆ្នាំ ត្រូវបាននគរបាលនាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និងការពារនីតិជន ក្រសួងមហាផ្ទៃ សហការជាមួយភ្នាក់ងារ FBI សហរដ្ឋអាមេរិក ចាប់ខ្លួននៅចំណុចផ្ទះគ្មានលេខ ភូមិសន្សំកុសលទី៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ
រាជធានីភ្នំពេញ ៖ បុរសជនជាតិអាមេរិកាំងម្នាក់ឈ្មោះ Daniel Stephen Joh San អាយុ៣៥ឆ្នាំ ត្រូវបាននគរបាលនាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និងការពារនីតិជន ក្រសួងមហាផ្ទៃ សហការជាមួយភ្នាក់ងារ FBI សហរដ្ឋអាមេរិក ចាប់ខ្លួននៅចំណុចផ្ទះគ្មានលេខ ភូមិសន្សំកុសលទី៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ កាលពីព្រឹកថ្ងៃទី៩ ធ្នូ ពាក់ព័ន្ធនឹងបទល្មើសរំលោភបំពានផ្លូវភេទ ដែលបានប្រព្រឹត្តនៅសហរដ្ឋអាមេរិកចំនួន៥ករណី ។
តាមប្រភពព័ត៌មាននៅកន្លែងឃាត់ខ្លួនជនជាតិអាមេរិកខាងលើនេះបានឱ្យដឹងថា កន្លែងដែលរូបគេកំពុងស្នាក់នៅគឺជ្រកក្រោមស្លាកអង្គការឈ្មោះ Hopetransitinos ដែលមានការប្រមូលផ្តុំកុមារកម្ពុជាចំនួន៣២នាក់ (ប្រុស២១នាក់ ស្រី១១នាក់) ក្នុងនោះភាគច្រើនគឺមានអាយុក្រោម១៨ឆ្នាំ ។ ប៉ុន្តែឈ្មោះអង្គការនេះត្រូវបានមន្ត្រីនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បដិសេធថា ជាអង្គការគ្មានច្បាប់ទម្លាប់ត្រឹមត្រូវនោះទេ ។ ទោះជាយ៉ាងនេះក្តីក៏នៅក្នុងបរិវេណនៃអង្គការនេះ មានរចនាសម្ព័ន្ធត្រឹមត្រូវ មានជនបរទេសនិងខ្មែរ ស្នាក់នៅចម្រុះគ្នា ដែលក្នុងនោះលោក Daniel Stephen Joh San មានតួនាទីជាប្រធានអង្គការនេះ ។ មន្ត្រីនៃមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញបានឱ្យដឹងជុំវិញ ការចាប់ខ្លួនបុរសជនជាតិអាមេរិកខាងលើនេះថា ចំពោះកុមារទាំងនោះ គឺមន្ទីរជំនាញត្រូវរៀបចំរកកន្លែងស្នាក់នៅរៀនសូត្រឱ្យពួកគេបន្តពីឈ្មោះ Daniel Stephen Joh San ដែលត្រូវបានចាប់ខ្លួន បញ្ជូនទៅសហរដ្ឋអាមេរិកវិញ ។ ការលើកឡើងដូច្នេះដោយសារ កុមារទាំងនោះ ភាគច្រើនគឺជាជនគ្មានទីពឹង ប៉ុន្តែបើក្មេងណាមានឪពុកម្តាយ ឬអាណាព្យាបាល ច្បាស់លាស់នោះ សមត្ថកិច្ចនឹងមន្ត្រីជំនាញអនុញ្ញាតឱ្យពួកគេទៅរួមរស់ជាមួយក្រុមគ្រួសារវិញ ។
ដោយឡែកជនឈ្មោះ Daniel Stephen Joh San ក្រោយពេលឃាត់ខ្លួន គឺសមត្ថកិច្ចសហការជាមួយFBI អាមេរិក សម្រេចបញ្ជូនខ្លួនគេទៅនាយកដ្ឋានជនបរទេស ដើម្បីរៀបចំសំណុំបែបបទ បញ្ជូនទៅសហរដ្ឋអាមេរិកវិញ ។ ចំពោះកិច្ចសហការបង្ក្រាបបទល្មើសរំលោភបំពានផ្លូវភេទនេះ មន្ត្រីដែលមានភារកិច្ចក្នុងប្រតិបត្តិការនេះនិយាយថា គឺយោងទៅតាមបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ។ បទល្មើសដែលជនឈ្មោះ Daniel Stephen Joh San ប្រព្រឹត្តនៅសហរដ្ឋអាមេរិក មាន៥ករណី ដែលសមត្ថកិច្ចមានឈ្មោះជនរងគ្រោះទាំងអស់ ប៉ុន្តែមិនអាចបង្ហាញជាសាធារណៈបានឡើយ ពាក់ព័ន្ធនឹងសិទិ្ធបុគ្គល ។ ប៉ុន្តែអ្វីដែលបានអនុវត្តឡើង គឺតាមដីកាចាប់ខ្លួនរបស់តុលាការអាមេរិក ។
សូមបញ្ជាក់ថា អង្គការមួយនេះ ទើបមកជួលផ្ទះខាងលើធ្វើជាការស្នាក់ការកាលពីខែសីហា ឆ្នាំ២០១៣ ថ្មីៗនេះ ហើយឈ្មោះ Daniel Stephen Joh San ក៏ទើបចូលមកស្រុកខ្មែរ កាលពីពេលថ្មីនេះដែរ ៕
ចែករំលែកព័តមាននេះ