ខេត្តប៉ៃលិន ៖ បន្ទាប់ពីទឹកជំនន់បានវាយប្រហារដំណាំពោតរបស់ប្រជាកសិករ បណ្តាលឱ្យខូចខាតអស់រាប់សិបហិកតា និងនៅសល់មួយចំនួនអាចឱ្យកសិករប្រមូលផលលក់បានខ្លះ តែគួរឱ្យសោកស្តាយតម្លៃពោតនៅចុងឆ្នាំ២០១៣ នេះមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដោយក្នុង១គីឡូក្រាមឈ្មួញទិញទាំងស្នូលត្រឹមតែ៣,៧បាតលុយថៃប៉ុណ្ណោះ ខុសពីឆ្នាំមុនក្នុង១គីឡូក្រាមឈ្មួញទិញទាំងស្នូលតម្លៃពី៥ទៅ៦បាត ។
ប្រភពព័ត៌មានពីប្រជាកសិករជាច្រើននាក់នៅក្រុងប៉ៃលិន បានឱ្យដឹងថា នៅចុងឆ្នាំនេះតម្លៃពោតរបស់ពួកគាត់បានធ្លាក់ចុះខ្លាំង គួរឱ្យព្រួយបារម្ភ ។ ពួកគាត់ម្នាក់ៗសុទ្ធតែទៅចងការប្រាក់គេដើម្បីយកទៅទិញគ្រាប់ពូជ និងទិញថ្នាំបាញ់ស្មៅព្រមទាំងជួលកម្មករជម្រះស្មៅអស់ជាច្រើនដោយសង្ឃឹមថា ពេលប្រមូលផលអាចលក់បានសល់លុយសងបំណុលគេខ្លះ និងទុកខ្លះសម្រាប់ផ្គត់ផ្គង់ជីវភាព ។ ប៉ុន្តែអ្វីដែលពួកគាត់បានគិតគឺផ្ទុយស្រឡះ ព្រោះតម្លៃពោតបានធ្លាក់ចុះរហូតនៅសល់ត្រឹមតែ៣,៧បាតប៉ុណ្ណោះក្នុង១គីឡូក្រាម ។
នៅតាមស្តង់ពោតមួយចំនួនឈ្មួញអត់ទិញទេ គឺទាល់តែពោតមានពណ៌សម្បុរល្អ ធំថ្លោសៗទើបគេទិញ ។ ពួកគាត់អត់ដឹងពីមូលហេតុដែលនាំឱ្យតម្លៃពោតធ្លាក់ចុះទេ ព្រោះជារៀងរាល់ថ្ងៃអត់ឃើញមានឈ្មួញថៃចូលទិញដល់ចម្ការដូចសព្វដងឡើយ គឺឃើញតែឈ្មួញខ្មែរដើរទិញប៉ុណ្ណោះ ។ លុះពេលគាត់សួរនាំរកហេតុផលដែលធ្វើឱ្យតម្លៃពោតចុះថោក ឈ្មួញទាំងនោះប្រាប់ថា ដោយសារតែពន្ធនាំចេញទាំងខាងខ្មែរ និងខាងថៃយកថ្លៃពេក ដូច្នេះហើយបានជាពួកគេបញ្ចុះតម្លៃពោតបែបនេះ ។
លោក ហ៊ាង លេវ អាយុ៣៦ឆ្នាំ ជាម្ចាស់ស្តង់ពោតនៅភូមិវាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ បានរៀបរាប់ថា នៅចុងឆ្នាំ២០១៣នេះ គាត់ទិញពោតទាំងស្នូល១គីឡូក្រាមថ្លៃ៣,៧បាត ហើយបើកិនជាគ្រាប់ហើយគាត់ក៏អត់ទិញដែរ ។ កាលពីឆ្នាំមុន គាត់ដើរទិញពោតក្នុង១គីឡូក្រាមថ្លៃ៥ទៅ៦បាត ។ មូលហេតុដែលពោតចុះថោក លោក ហា៊ង លេវ ឱ្យដឹងថា ដោយសារតែច្រកព្រំដែនផ្នែកខាងខ្មែរ និងខាងថៃតម្រូវឱ្យបង់ពន្ធថ្លៃពេក ដោយគាត់នាំចេញទៅលក់ម្តងៗពោតចំនួន៥០តោន គាត់បង់ពន្ធអស់ចំនួន៤ម៉ឺនបាត ។
ចែករំលែកព័តមាននេះ