រាជធានីភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានទាក់ទងទៅនឹងសភាពការណ៍តានតឹងនៅប្រទេសថៃថា «ខ្ញុំកំពុងតាមដានដោយយកចិត្តទុកដាក់លើបញ្ហានៅប្រទេសថៃនេះ ។ កន្លងមក ខ្ញុំបានជួបជាមួយតំណាងយោធាខាងប្រទេសថៃ ដែលបានទាក់ទងគ្នាជាមួយកម្ពុជាយើង ខាងតំណាងយោធាថៃគឺគាត់បានខិតខំដើម្បីធ្វើយ៉ាងណារក្សាចំណងទាក់ទងរវាងប្រទេសយើងទាំងពីរ ចៀសវាងការប៉ះទង្គិចគ្នា» ។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍បែបនេះ នាព្រឹកថ្ងៃទី៣ ធ្នូ ២០១៣ នៅសណ្ឋាគារឡឺរ៉ូយាល់ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងពិធីតាំងបង្ហាញសម្ភារបរិក្ខារបច្ចេកទេសប្រើប្រាស់តាមប្រព័ន្ធឌីជីថលរបស់ក្រុមហ៊ុន DJM ដែលមានដៃគូច្រើន ហើយក៏ជាដៃគូរបស់ទូរទស្សន៍ជាតិកម្ពុជាផងដែរ ។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍បន្តថា រឿងរា៉វនៅប្រទេសថៃ គឺយើងតាមពិនិត្យមើលតទៅទៀត ព្រោះកំពុងតែមាន បញ្ហា ។ បញ្ហាធំគឺបញ្ហាផ្ទៃក្នុងរបស់ប្រទេសថៃ ប៉ុន្តែជួនកាលគេយកបញ្ហាជាតិនិយមដាក់លើបញ្ហានេះដែរ ។ ឯប្រទេសយើងក៏ដូចគ្នាដែរ យើងនៅពិនិត្យតាមដានតទៅទៀត ចំណែកយើងមិនមានបញ្ហាអ្វីទាំងអស់ ។ ឥឡូវយើងឃើញប្រទេសថៃអត់មានអំពីបញ្ហាព្រំដែនទេ រដ្ឋាភិបាលថៃបានលើកអំពីសេចក្តីព្រាងច្បាប់មួយស្តីអំពីការលើកលែងទោស…។ ដូច្នេះគេយកបញ្ហានេះជាបញ្ហាធំជាង ។ គេពុំបានលើកអំពីបញ្ហាព្រំដែនទេ ដូច្នេះយើងទុកបញ្ហាព្រំដែនឱ្យនៅស្ងៀមកុំកេះដំបៅវា ។
ឥឡូវនេះ ក្លិបអ្នកកាសែតកម្ពុជា បានមានទំនាក់ទំនងសហការគ្នាល្អជាមួយខាងកាសែតថៃ ពេលគេមានកិច្ចការអ្វីគេទាក់ទងគ្នា ។ ចំណែកខ្ញុំវិញ ខ្ញុំក៏មានទំនាក់ទំនងជាមួយខាងយោធាថៃ និងក្រសួងការបរទេសថៃដែរ បើមានកិច្ចការអ្វីយើងទាក់ទងគ្នាទៅវិញទៅមក មានកិច្ចការអ្វីយើងសុំការបំភ្លឺពីគ្នាទៅវិញទៅមក ចៀសវាងយកបញ្ហាស្មាន ។ នៅប្រទេសថៃ និងនៅកម្ពុជាមានករណីខុសគ្នានៅត្រង់ថា កងទ័ពរបស់ថៃមិនមែននៅក្រោមការគ្រប់គ្រងរបស់អ្នកនយោបាយទេ នាយករដ្ឋមន្ត្រីថៃមិនអាចបញ្ជាទាហានបានទេ ដូច្នេះត្រូវយល់បញ្ហានេះ ។ ដោយឡែកនៅកម្ពុជា កងទ័ពនៅក្រោមរាជរដ្ឋាភិបាល ។ និយាយរួម ឥឡូវនៅតាមព្រំដែនមានសភាពស្ងប់ស្ងាត់ល្អ ទ័ពកម្ពុជា-ទ័ពថៃក៏មានទំនាក់ទំនងល្អទៅវិញទៅមក អត់មានអ្វីឃើញថាបង្កើនកម្លាំងទ័ពទេ ។ យើងក៏មិនបានលើកយកការសម្រេចរបស់តុលាការអន្តរជាតិឡាអេមកលើកនៅពេលនេះដែរ ហើយយើងឃើញថារដ្ឋាភិបាលថៃកំពុងតែប្រឈមមុខយើងកុំដាក់សម្ពាធថែមទៀត ។
ទាក់ទងនឹងកំណែទម្រង់សីុជម្រៅ លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបញ្ជាក់ថា ទី១-កំណែទម្រង់សំខាន់ចំពោះអ្នកកាសែត គឺផ្តោតលើវិជ្ជាជីវៈខ្លួនយើងគឺសំខាន់បំផុត ។ ទី២-សំខាន់ធ្វើយា៉ងណាជំរុញសមាគមក្លិបអ្នកកាសែតឱ្យមានវិជ្ជាជីវៈ រឿងកន្លងមក មានសមាគមក្លិបអ្នកកាសែតច្រើន មិនទាន់ហា៊នដាក់ពិន័យឬធ្វើការស្តីបន្ទោសដល់អ្នកកាសែត ដែលប្រព្រឹត្តខុសវិជ្ជាជីវៈទេ គឺអត់មាន ។ ហាក់ដូចជាខ្លាចគ្នា ដូច្នេះគួរតែពង្រឹងលើបញ្ហានេះ ។
ចំណែកក្រសួងព័ត៌មានវិញ សំខាន់ឱ្យអ្នកកាសែតគោរពទៅតាមវិជ្ជាជីវៈរបស់ខ្លួន ទន្ទឹមនឹងនេះក្រសួងខិតខំតាក់តែងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានរបស់ប្រជាជនយើង ។ ចំពោះអ្នកកាសែតដែលធ្វើការមានវិជ្ជាជីវៈមែនទែន គឺមិនសូវមានរឿងរា៉វទេ ផ្ទុយទៅវិញសំបូរមានរឿងតែអ្នកកាសែតដែលប្រព្រឹត្តអ្វីផ្សេងៗ ដែលមិនត្រូវវិជ្ជាជីវៈខ្លួនឯង ។
នៅពេលខ្លះដែលមានរឿងមិនមែនអ្នកកាសែតទេ មានអ្នកខ្លះចេះតែយកឈ្មោះអ្នកកាសែត ភាគច្រើនគឺកាសែតមិនដែលឮឈ្មោះផង ។ ពេលខ្លះគាត់ទៅប៉ះនឹងក្រុមខ្លះដែលជាក្រុមងងឹត សូម្បីតែសមត្ថកិច្ចក៏មានបញ្ហាខ្លះៗដែរ ។ ដូច្នេះសមាគមក្លិបអ្នកកាសែត ត្រូវហា៊នចេះណែនាំកន្លែងណាខុស កុំឱ្យតែអ្នកកាសែតចេះតែការពារគេទាំងអស់ ៕
ចែករំលែកព័តមាននេះ