រាជធានីភ្នំពេញ ៖ រថយន្តកូរ៉េដឹកអង្ករចំណុះ៥តោនបានដឹកអង្ករពេញរថយន្តតែម្តងធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥១៤ឡើងចំណោតឆ្ពោះទៅផ្លូវ២៧១ ប៉ុន្តែដោយសារឡើងចំណោតមិនរួចរអិលមកក្រោយបុករបងផ្ទះប្រជាពលរដ្ឋបាក់អស់មួយផ្ទាំងធំ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១ ធ្នូ ២០១៣ ស្ថិតនៅក្រុមទី៣ ភូមិទី១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
នគរបាលមូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តកូរ៉េចំណុះ៥តោន ពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ៣A៧៦៨៨ ដឹកអង្ករពេញធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥១៤ ក្នុងទិសដៅពីជើងទៅត្បូង ខណៈដល់ផ្លូវចំណោតរថយន្តបានបន្ថែមល្បឿនបំណងឆ្ពោះទៅផ្លូវ២៧១ ប៉ុន្តែដោយសាររថយន្តដឹកធ្ងន់ពេកទើបមិនអាចបើកឡើងចំណោតនោះរួចក៏រអិលធ្លាក់មកក្រោមបុករបងផ្ទះប្រជាពលរដ្ឋបាក់អស់មួយផ្ទាំងធំ ដោយរបងផ្ទះ និងគូទរថយន្តកៀបជាប់គ្នា ប៉ុន្តែហេតុការណ៍នេះមិនបណ្តាលឱ្យមនុស្សណាម្នាក់រងរបួសទេ។
សមត្ថកិច្ចបញ្ជាក់ថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះពេជ្រ សង្វារ ភេទប្រុស អាយុ៤៩ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ ចំណែកអ្នកបើកបររថយន្តបង្កមិនស្គាល់ឈ្មោះទេ បានសម្របសម្រួលជាមួយភាគីម្ចាស់ផ្ទះដែលរងការខូចខាត ដោយចេញថ្លៃជួសជុលរបងផ្ទះជូនវិញតែម្តង៕
ចែករំលែកព័តមាននេះ