ក្រុងប៉ោយប៉ែត ៖ យុវសិស្សម្នាក់ នៃវិទ្យាល័យសាលាពីរជាន់ក្រុងប៉ោយប៉ែត បន្ទាប់ពីញៀនល្បែងហ្គេមអ៊ីនធឺណេត ក៏បានលួចទូរស័ព្ទដៃរបស់ម្ចាស់ហាង ត្រូវគេចាប់ប្រគល់ឲ្យម្តាយយកទៅអប់រំណែនាំ។ ហេតុការណ៍នេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង ១១ និង ៥០នាទី ព្រឹកថ្ងៃទី២១ វិច្ឆិកា ២០១៣ នៅចំណុចផ្លូវដើមពុទ្រា ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
យុវសិស្សជនសង្ស័យឈ្មោះ ព្រំ ស៊ាងអាង អាយុប្រមាណ ១៣ឆ្នាំ មានលំនៅជិតភូមិកើតហេតុ បានរៀបរាប់ឲ្យដឹងថា ជារៀងរាល់ថ្ងៃរូបគេបានកុហកឪពុកម្តាយរបស់ខ្លួនថា ទៅសាលារៀន តែជាក់ស្តែងខ្លួនបានញៀនមកលួចលេងល្បែងហ្គេមអ៊ីនធឺណេត។ ហើយនៅពេលដែលលេងយូរៗ ទៅអត់មានលុយឲ្យម្ចាស់ហាង ក៏បែកគំនិតហ៊ានលួចទូរស័ព្ទដៃម៉ាកសាំស៊ុង ១គ្រឿង របស់ម្ចាស់ហាងនោះ យកទៅលក់ឲ្យម្ចាស់ហាងបើកហ្គេម ១កន្លែងទៀត នៅជិតទីនោះ ក្នុងតម្លៃ ២០០០បាត។
បើតាមម្ចាស់ហាងបើកហ្គេម បានឲ្យដឹងថា ពេលដែលរូបគាត់បាត់ទូរស័ព្ទដៃនោះ មិនបានដឹងថា យុវសិស្សឈ្មោះ ព្រំ ស៊ាងអាង ជាអ្នកលួចទេ ប៉ុន្តែ នៅពេលដែលសិស្សរួមថ្នាក់របស់គេម្នាក់ទៀតបានមកលេងនៅកន្លែងហាងហ្គេមរបស់គាត់ ទើបបែករឿងថា យុវសិស្សរូបនោះ ជាសិស្សមិនល្អ ដោយមិនចូលរៀននៅក្នុងសាលាទៀងទាត់នោះទេ ដោយបានគេចសាលាមកលេងហ្គេមរហូតតែម្តង។ សិស្សរួមថ្នាក់រូបនោះ បន្តថា យុវសិស្សឈ្មោះ អាង ធ្លាប់បានយកម៉ាស៊ីនថតរូប និងទូរស័ព្ទដៃរបស់ខ្លួនយកទៅបញ្ចាំ ឬលក់យកលុយមកលេងហ្គេមផងដែរ។
ម្ចាស់ហាងបន្ថែមថា ពេលដឹងរឿងនេះ គាត់បានស៊ើបដឹងថា ទូរស័ព្ទដៃនោះ ត្រូវយុវសិស្សខាងលើជាអ្នកលួច ក៏ចាប់ហៅសួរនាំរួចមកទើបរូបគេឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តមែន។ បន្ទាប់មក ម្ចាស់ហាងមិនបានប្តឹងផ្តល់ដល់សមត្ថកិច្ចរកសំណងអ្វីនោះឡើយ ដោយបានប្រគល់យុវសិស្សនោះ ឲ្យក្រុមគ្រួសារយកទៅអប់រំណែនាំ៕
ចែករំលែកព័តមាននេះ