រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ចន គ័ររី ប្រកាសកាលពីថ្ងៃទី២០ វិច្ឆិកាថា លោកបានព្រមព្រៀងគ្នាជាមួយប្រធានាធិបតីអាហ្វ ហ្គានីស្ថាន លោកហាមីដ កាហ្សៃ លើបណ្តាពាក្យពេចន៍នៃកិច្ចព្រមព្រៀងទ្វេភាគី ស្តីពីសន្តិសុខមួយរវាងក្រុងវា៉សីុនតោន និងក្រុងកាប៊ុលទាក់ទិននឹងវត្តមានទាហានអាមេរិកក្រោយការដកទ័ព អូតង់ ចេញពីអាហ្វហ្គានីស្ថាននាដំណាច់ឆ្នាំ២០១៤ ។
ការប្រកាសពីកិច្ចព្រមព្រៀងនេះ ធ្វើឡើងមុនពេលបើកកិច្ចប្រជុំ LOYA JIRGA របស់អាហ្វហ្គានីស្ថាន នៅក្រុងកាប៊ុល ដែលចូលរួមដោយតំណាងនៃសង្គមអាហ្វហ្គានីស្ថានដល់ទៅ២.៥០០នាក់ ដើម្បីផ្តល់យោបល់លើសន្ធិសញ្ញាទ្វេភាគីខាងសន្តិសុខនេះ ដែលចរចាគ្នាចាប់តាំងពីច្រើនខែមកហើយ រវាងសហរដ្ឋអាមេរិកនិងអាហ្វហ្គានីស្ថាន ។ ប្រសិនបើត្រូវអនុម័តកិច្ចព្រមព្រៀងនេះ នឹងអាចឱ្យកងកម្លាំងអាហ្វហ្គានីស្ថាន ទទួលការជួយទ្រទ្រង់របស់អាមេរិក ក្រោយការចាកចេញរបស់កងទាហានអូតង់ប្រមាណជា៧៥.០០០នាក់ នាដំណាច់ឆ្នាំ២០១៤ ដើម្បីចៀសវាងកុំឱ្យការដកចេញនេះ បន្ទាប់មកមានការកើនឡើងនៃអំពើហិង្សានៅអាហ្វហ្គានីស្ថាន ។
ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោកហាមីដ កាហ្សៃ ប្រកាសកាលពីថ្ងៃទី២១ វិច្ឆិកាថា ទាហានបរទេសរវាងពី១០.០០០ទៅ១៥.០០០នាក់ នឹងបន្តស្ថិតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្រោយការដកថយរបស់អូតង់ ប្រសិនបើសន្ធិសញ្ញាទ្វេភាគីខាងសន្តិសុខជាមួយអាមេរិកត្រូវបានចុះហត្ថលេខា ៕
ចែករំលែកព័តមាននេះ