យោងតាមគេហទំព័របរទេសចេញផ្សាយ កាលពីថ្ងៃពុធទី១៣ វិច្ឆិកា ឆ្នាំ២០១៣បានឱ្យដឹងថា ក្រុមហ៊ុន Google នឹងបំពាក់ឧបករណ៍តន្ត្រីនៅលើកញ្ចក់វ៉ែនតា Google Glass ដើម្បីឱ្យអ្នកប្រើប្រាស់ទាំងអស់អាចស្តាប់បទចម្រៀងបាន ។ ក្រុមហ៊ុន Google នឹងផ្តល់សេវាកម្មតន្ត្រីដើម្បីជាការកម្សាន្ត ជាពិសេសរបស់វ៉ែនតា Google Glass ដែលនឹងបញ្ជូនសំឡេងដ៏ពីរោះទៅកាន់ត្រចៀក ។ អ្នកនាំពាក្យក្រុមហ៊ុន Google បាននិយាយក្នុងសារអេឡិចត្រូនិករបស់ខ្លួនថា អ្នកប្រើប្រាស់នឹងអាចមានលទ្ធភាពស្វែងរកបទចម្រៀង និងអាចថតទុកបាន ។
លើសពីនេះទៀត វ៉ែនតា Google Glass មានលក្ខណៈពិសេសគឺគ្រាន់តែប្រាប់ចំណងជើងបទចម្រៀង បន្ទាប់មកវានឹងចាក់បទចម្រៀងឱ្យអ្នកស្តាប់ដោយស្វ័យប្រវត្តិ ។ ក្រុមហ៊ុន Google សង្ឃឹមថា បច្ចេកវិទ្យាថ្មីមួយនេះនឹងមកដល់នៅដើមឆ្នាំ២០១៤ ខាងមុខនេះ ហើយមានតម្លៃប្រហែល១.៥០០ដុល្លារ ។ កញ្ចក់វ៉ែនតា Google Glass អាចជួយឱ្យលោកអ្នកថតរូបភាព, វីឌីអូ, ផ្ញើសារ ឬមុខងារផ្សេងទៀតដោយគ្រាន់តែប៉ះកញ្ចក់វ៉ែនតា ឬបញ្ជាដោយសំឡេង។ មិនត្រឹមតែប៉ុណ្ណោះ កញ្ចក់វ៉ែនតានេះអាចភ្ជាប់ប្រព័ន្ធអីុនធើរណេតដោយប្រើប្រាស់ Wi-Fi ដោយមិនបាច់ប្រើប្រាស់ខ្សែ ហើយមានលក្ខណៈងាយស្រួលជាងទូរស័ព្ទ ៕
ចែករំលែកព័តមាននេះ