ការទទួលទានផ្លែបឺរីព្រៃជាពិសេសបឺរីពណ៌ខ្មៅមួយកូនចានតូចក្នុងមួយថ្ងៃអាចជួយការពារប្រឆាំងនឹងជំងឺមួយចំនួនក្នុងនោះ មានដូចជាជំងឺទឹកនោមផ្អែម ជំងឺបេះដូងនិងការធាត់លើសទម្ងន់ ។
ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ University of Maine សហរដ្ឋអាមេរិកបានអះអាងថា ការទទួលទានផ្លែបឺរីទៀងទាត់រយៈពេល៨សប្តាហ៍អាចធ្វើឱ្យល្អប្រសើរឬទប់ស្កាត់បាននូវលក្ខខណ្ឌវេជ្ជសាស្ត្រ Metabolic Syndrome ។ Metabolic Syndrome គឺសំដៅទៅលើបុគ្គលដែលធាត់ខ្លាំងហើយមានជំងឺលើសឈាមនិងជំងឺទឹកនោមផ្អែម ។ បុគ្គលកើតមានលក្ខខណ្ឌ Metabolic Syndrome អាចជួបហានិភ័យខ្ពស់ពីជំងឺបេះដូង ជំងឺដាច់សរសៃឈាមក្នុងខួរក្បាលនិងបញ្ហាសុខភាពផ្សេងទៀតដែលប៉ះពាល់ដល់សរសៃឈាម ។ ជាទូទៅ ជំងឺបេះដូង ជំងឺដាច់សរសៃឈាមក្នុងខួរក្បាលនិងការធាត់លើសទម្ងន់សុទ្ធតែអាចធ្វើឱ្យខូចដល់សរសៃឈាម ។ ប៉ុន្តែប្រសិនជាបុគ្គលម្នាក់កើតមានជំងឺទាំង៣នេះក្នុងពេលតែមួយ អត្រាគ្រោះថ្នាក់ពិតជាធ្ងន់ធ្ងរ ។
Dorothy Klimis-Zacas សាស្ត្រាចារ្យអាហារបំប៉ននៅសាកលវិទ្យាល័យ University of Maineបានថ្លែងថា៖«Metabolic Syndromeគឺជាក្រុមនៃបណ្តាកត្តាប្រឈមដែលក្នុងនោះមាន ការធាត់លើសទម្ងន់ ការលើសឈាម ការរលាក ខ្លាញ់កូឡេស្តេរ៉ូលឡើងខ្ពស់ អតុល្យភាពគ្លុយកូស(ជាតិស្ករក្នុងឈាមឡើងខ្ពស់ដែលអាចបណ្តាលឱ្យកើតជំងឺទឹកនោមផ្អែម) និងរ៉េស៊ីស្តង់អ័រម៉ូនអាំងស៊ុយលីនជាដើម »។
ផ្លែបឺរីផ្ទុកយ៉ាងក្រាស់ក្រៃនូវសមាសធាតុ Polyphenols ។ Polyphenols ជាសមាសធាតុប្រឆាំងអុកស៊ីដកម្មដែលមាននាទីការពារបណ្តាកោសិកាបេះដូងនិងជួយបញ្ចុះសម្ពាធឈាម ។ ដូច្នេះ ទទួលទានបឺរីនឹងជួយកាត់បន្ថយការបំផ្លាញផ្នែកខាងក្នុងរបស់សរសៃឈាមក៏ដូចជាជួយប្រឆាំងនឹងអតុល្យភាពគ្លុយកូស ៕
ចែករំលែកព័តមាននេះ