រាជធានីភ្នំពេញ ៖ មន្ទីរសុខាភិបាលរាជធានីភ្នំពេញបានចេញនូវសេចក្តីប្រកាសលទ្ធផលចុងក្រោយមួយកាលពេលថ្មីៗនេះដោយបង្ហាញថា ចាប់ពីថ្ងៃទី២១ តុលា ដល់ថ្ងៃទី១០ វិច្ឆិកា ២០១៣ នេះ មានកុមារចំនួន៤៥០.៧៣២នាក់បានមកទទួលវ៉ាក់សាំងកញ្ច្រិល និងស្អូច ខណៈដែលកុមារចំនួន៨៥.៥៨៨នាក់ទទួលវ៉ាក់សាំងគ្រុនស្វិតដៃជើងសម្រាប់ទូទាំងរាជធានីភ្នំពេញ ។
លោកសុខ សុគន្ធ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញមានប្រសាសន៍ថា កន្លងមកក៏ដូចជាបច្ចុប្បន្ននេះមន្ទីរសុខាភិបាលរាជធានីភ្នំពេញ តាមរយៈកម្មវិធីជាតិផ្តល់ថ្នាំបង្ការនៃក្រសួងសុខាភិបាលបានផ្តល់នូវវ៉ាក់សាំងបង្ការ និងការពារជំងឺដល់ស្ត្រី និងកុមារដូចជា វ៉ាក់សាំងការពារជំងឺេតតាណូសស្ត្រី និងទារក វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទបេ ជំងឺរបេង ជំងឺខាន់ស្លាក់ ក្អកមាន់ ជំងឺរលាកសួត និងជំងឺកញ្ច្រិលដោយទទួលបាននូវលទ្ធផលលើសពី៩០% លើគ្រប់មុខវ៉ាក់សាំងទាំងអស់ ហើយក្នុងនោះអាចការពារបានពីការស្លាប់ ការពារពិការភាពអស់មួយជីវិត និងបានកាត់បន្ថយនូវបន្ទុកចំណាយថវិកាគ្រួសារមួយផ្នែកធំ ជាពិសេសគឺកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។ កម្មវិធីនេះចាប់ផ្តើមអនុវត្តពីថ្ងៃទី២១ តុលា ២០១៣ ហើយមកដល់ថ្ងៃទី១០ វិច្ឆិកា ជាលទ្ធផលកុមារដែលមកទទួលវ៉ាក់សាំងកញ្ច្រិល-ស្អូចមានចំនួន៤៥០.៧៣២នាក់ស្មើនឹង១១៦,៨៣% ខណៈដែលកុមារទទួលវ៉ាក់សាំងគ្រុនស្វិតដៃជើងមានចំនួន៨៥.៥៨៨នាក់ ។
លោកសុខ សុគន្ធ បានលើកឡើងថា ក្រុមផ្តល់ថ្នាំបង្ការ និងអ្នកស្ម័គ្រចិត្តភូមិបានរៀបចំទីតាំងបុ៉ស្តិ៍សម្រាប់ផ្តល់វ៉ាក់សាំងដល់កុមារនៅតាមភូមិធម្មតា សាលារៀន និងសហគមន៍ដែលងាយរងគ្រោះ ព្រមទាំងមានក្រុមផ្តល់ថ្នាំបង្ការចល័តសម្រាប់ផ្តល់វ៉ាក់សាំងដល់កុមារដែលរស់នៅតាមមាត់ទន្លេ ទូកនេសាទ និងនៅតាមការដ្ឋានសំណង់ផ្សេងៗ និងតំបន់មួយចំនួនទៀតផងដែរ ។ យ៉ាងណាក៏ដោយ លោកអះអាងថា យុទ្ធនាការកន្លងមកនេះមានការចូលរួមពីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ លោកនាយក នាយិកាសាលាមត្តេយ្យសិក្សាបឋមសិក្សា និងអនុវិទ្យាល័យ ទាំងសាលារដ្ឋ និងឯកជន អង្គការជាតិ អន្តរជាតិ រួមទាំងមាតាបិតាដែលមានកូនៗគ្រប់អាយុត្រូវផ្តល់ថ្នាំបង្ការនេះ ។ គួរបញ្ជាក់ថា តាមរបាយការណ៍មន្ទីរសុខាភិបាលរាជធានីភ្នំពេញ កុមារមានអាយុពី៩ខែទៅ១៥ឆ្នាំប្រមាណជា៣៨.៨៨០នាក់ដែលនឹងត្រូវទទួលវ៉ាក់សាំងនេះ ។ ដំណើរការនៃយុទ្ធនាការនេះគឺមន្ទីរសុខាភិបាលបានរៀបចំផ្សព្វផ្សាយព័ត៌មានតាមរយៈការប្រជុំជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌ សង្កាត់ ភូមិ នាយក នាយិកាសាលា អ្នកស្ម័គ្រចិត្ត និងប្រធានសមាគមជាតិជាដើម ។
ទន្ទឹមនឹងនោះ ក៏មានការចែកលិខិតអញ្ជើញការឃោសនាដោយមានឧបករណ៍បំពងសំឡេងតាមរថយន្ត ម៉ូតូកង់បី ទូក និងតាមបណ្តាញទូរទស្សន៍នានា និងមានចងបដានៅតាមដងផ្លូវសាធារណៈមួយចំនួនក្នុងរាជធានី បានចំនួន២០បដា ដូចជានៅមហាវិថីសហព័ន្ធរុស្ស៊ី មហាវិថីព្រះមុនីវង្ស មហាវិថីព្រះសីហនុ មហាវិថីម៉ៅសេទុង វិថីកម្ពុជាក្រោម មហាវិថីព្រះនរោត្តម និងបដាចំនួន៥៨ទៀតបានចងនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ។ មន្ទីរសុខាភិបាលបានរៀបចំក្រុមបុគ្គលិកសុខាភិបាលសម្រាប់ផ្តល់ថ្នាំបង្ការចំនួន៥៣៤នាក់ អ្នកអភិបាលចំនួន៨៥នាក់ អ្នករៀបចំសម្ភារវ៉ាក់សាំងចំនួន២៨នាក់ មានបុ៉ស្តិ៍សំខាន់ៗនៅតាមភូមិធម្មតា ភូមិងាយរងគ្រោះ សាលាមត្តេយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យ បុ៉ស្តិ៍សុខភាព និងមណ្ឌលសុខភាព ៕
ចែករំលែកព័តមាននេះ