ក្រុមអ្នកស្រាវជ្រាវបានលើកឡើងថា បង្កើនការទទួលទានផ្លែចេក តែកាត់បន្ថយការទទួលទានប្រភេទនំស្រួយ គឺអាចទប់ស្កាត់ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ។ ផ្លែចេកទុំត្រូវគេដឹងថាសម្បូរដោយប៉ូតាស្យូមដែលមានប្រសិទ្ធភាពទប់សម្ពាធឈាមមិនឱ្យឡើងខ្ពស់ ។ ចំណែកប្រភេទនំស្រួយត្រូវគេរកឃើញថា មានអំបិលច្រើន ដូច្នេះកាត់បន្ថយការទទួលទាននំប្រភេទនេះគឺមានន័យថា កាត់បន្ថយការប្រើប្រាស់អំបិលផងដែរ ។
ការសិក្សាមួយបានរកឃើញថា បុគ្គលដែលចូលចិត្តទទួលទានចេកទុំ ប្រឈមនឹងការកើត ជំងឺដាច់សរសៃឈាមខួរក្បាលក្រោម២៤ភាគរយ ។ ប្រសិទ្ធភាពនេះត្រូវបានក្រុមអ្នកស្រាវជ្រាវគេហទំព័រ bmj.comពន្យល់ថា ខណៈគេបង្កើនការទទួលទានចេកនោះប៉ូតាស្យូមនឹងឡើងខ្ពស់ដូច្នេះកម្រិតសម្ពាធឈាមក៏ត្រូវបានកែលម្អផងដែរ ។ ចេកមួយផ្លែ(ទំហំធម្មតា)ត្រូវគេរកឃើញថាមានផ្ទុកសារធាតុប៉ូតាស្យូមប្រមាណជា ៤២០ មិល្លីក្រាម ស្មើនឹង៨ភាគរយនៃតម្រូវការប៉ូតាស្យូមប្រចាំថ្ងៃរបស់មនុស្សម្នាក់។ ចេកទុំមួយផ្លែផ្តល់សារធាតុសរសៃដល់រាងកាយចំនួន២ក្រាមខណៈវីតាមីន Cគឺផ្តល់ឱ្យ១២ភាគរយនៃតម្រូវការប្រចាំថ្ងៃ ។
ដោយឡែក លោកស្រីវេជ្ជបណ្ឌិត Clare Waltonមកពីសមាគមមូលនិធិជំងឺដាច់សរសៃឈាមខួរក្បាលរបស់ចក្រភពអង់គ្លេសបានថ្លែងថា របបអាហារដែលផ្តល់នូវសុខភាពគឺជាផ្នែកសំខាន់មួយជួយគ្រប់គ្រងហានិភ័យពីជំងឺដាច់សរសៃឈាម ។ លោកស្រីបានបន្ថែមថា៖«សម្ពាធឈាមឡើងខ្ពស់ជាកត្តាប្រឈមធំជាងគេតែមួយគត់របស់ជំងឺដាច់សរសៃឈាម ។ ដូច្នេះការផ្លាស់ប្តូររបបអាហារជាវិធីមួយយូរអង្វែងដើម្បីរក្សាសម្ពាធឈាមឱ្យស្ថិតក្នុងកម្រិតធម្មតា ។ ជាក់ស្តែង ការសិក្សាលើកនេះបានបង្ហាញថា កាត់បន្ថយការទទួលទានអំបិល និងបង្កើនការទទួលទានអាហារសម្បូប៉ូតាស្យូមដូចជាផ្លែចេកជាដើម មានប្រសិទ្ធភាពកាត់បន្ថយហានិភ័យពីជំងឺដាច់សរសៃឈាមបាន »។ ទោះជាយ៉ាងនេះក្តី ក្រុមអ្នកស្រាវជ្រាវបានព្រមានថា គេមិនគួរប្រើថ្នាំជំនួយប៉ូតាស្យូមនោះទេ លើកលែងទទួលការយល់ព្រមពីគ្រូពេទ្យជាពិសេសមនុស្សវ័យចាស់ ៕
ចែករំលែកព័តមាននេះ