ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​ភ្នែក​ក្រហម​កំពុង​រាត​ត្បាត​​ លោក​អ្នក​គប្បី​​ស្វែង​យល់ និង​ការពារ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ជំងឺ​ភ្នែក​ក្រហម​កំពុង​ឆ្លង​រាល​ដាល​គួរ​ឱ្យ​កត់​សម្គាល់​នា​ពេល​បច្ចុប្បន្ន​ និង​ធ្វើ​ឱ្យ​មាន​ការ​ចោទ​សួរ​គ្នា​ថា​ តើ​បណ្ដាល​មក​ពី​មូលហេតុ​អ្វី​បាន​ជា​មាន​ការ​ផ្ទុះ​ជំងឺ​ភ្នែក​ក្រហម​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​បែប​នេះ​ ។​ ជាក់​ស្ដែង​ កន្លែង​ណា​ ឬ​លំនៅ​ឋាន​ណា​ដែល​កើត​ជំងឺ​ភ្នែក​ក្រហម​ តែង​តែ​មាន​ការ​ឆ្លង​រាល​ដាល​ពី​ម្នាក់​ទៅ​ម្នាក់​ ហើយ​ករណី​ខ្លះ​បង្ក​ឱ្យ​ហើម​ ឬ​ឈឺ​ចុក​ចាប់​ថែម​ទៀត​ផង​ ។​

រាជធានីភ្នំពេញ​ ៖ ជំងឺ​ភ្នែក​ក្រហម​កំពុង​ឆ្លង​រាល​ដាល​គួរ​ឱ្យ​កត់​សម្គាល់​នា​ពេល​បច្ចុប្បន្ន​  និង​ធ្វើ​ឱ្យ​មាន​ការ​ចោទ​សួរ​គ្នា​ថា​ តើ​បណ្ដាល​មក​ពី​មូលហេតុ​អ្វី​បាន​ជា​មាន​ការ​ផ្ទុះ​ជំងឺ​ភ្នែក​ក្រហម​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​បែប​នេះ​ ។​ ជាក់​ស្ដែង​ កន្លែង​ណា​ ឬ​លំនៅ​ឋាន​ណា​ដែល​កើត​ជំងឺ​ភ្នែក​ក្រហម​ តែង​តែ​មាន​ការ​ឆ្លង​រាល​ដាល​ពី​ម្នាក់​ទៅ​ម្នាក់​ ហើយ​ករណី​ខ្លះ​បង្ក​ឱ្យ​ហើម​ ឬ​ឈឺ​ចុក​ចាប់​ថែម​ទៀត​ផង​ ។​

ជួប​ជា​មួយ​លោក​វេជ្ជបណ្ឌិត​ ងី​ ម៉េង​ ប្រធាន​កម្មវិធី​ជាតិ​សុខភាព​ភ្នែក​បាន​ប្រាប់​កោះ​សន្ដិភាព​ឱ្យ​ដឹង​ថា​ ជំងឺ​ភ្នែក​ក្រហម​ជា​ជំងឺ​ដែល​រលាក​ភ្នាស​.ស​របស់​ភ្នែក​បង្ក​ឡើង​ដោយ​ពពួក​វីរុស​ឈ្មោះ​ ADENOVIRUS អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​យ៉ាង​ឆាប់​រហ័ស​ដែល​ភាសា​អង់គ្លេស​មាន​ឈ្មោះ​ថា​ Epidemic Keratoconjunctivitis ។​

១-​រោគ​សញ្ញា​នៃ​ជំងឺ​ភ្នែក​ក្រហម​ៈ ភ្នែក​ឡើង​ក្រហម​ រមាស់​ រកាំ​ ត្របក​ភ្នែក​ហើម​ ហៀរ​ទឹក​ភ្នែក​ និង​ចាញ់​ពន្លឺ​ខ្លាំង​ ។​

២-ការ​ចម្លង​រោគ​នៃ​ជំងឺ​ភ្នែក​ក្រហម​ៈ តាម​រយៈ​ដៃ​ដែល​មិន​ស្អាត​​ ឬ​មាន​មេរោគ​ ។​ ការ​ប្រើ​ប្រាស់​វត្ថុ​រួម​គ្នា​ ដូច​ជា​កន្សែង​ជូត​មុខ​ វ៉ែនតា​ គ្រឿង​សម្អាង​ភ្នែក​ ថ្នាំ​បន្ដក់​ភ្នែក​ ស្រោម​ពូក​ ខ្នើយ​ និង​របស់​ផ្សេងៗ​ជា​មួយ​អ្នក​ដែល​មាន​ជំងឺ​ភ្នែក​ក្រហម​ ។​ ការ​ចម្លង​ដោយ​វត្ថុ​ដែល​អ្នក​ជំងឺ​បាន​ប៉ះពាល់​ទៅ​អ្នក​ដទៃ​ដូច​ជា​ បង្កាន់​ដៃ​ទ្វារ​​ តុ ទូ​ កៅ​អី​ សៀវភៅ​ និង​របស់​ផ្សេងៗ​ ។​

៣-​វិធានការ​ការពារ​ជំងឺ​ភ្នែក​ក្រហម​ៈ ចំពោះ​ អ្នក​មានជំងឺ​ភ្នែក​ក្រហម​ ក្រោយ​ពី​ជូត​សម្អាត​ភ្នែក​ ឬ​ដាក់ថ្នាំ​បន្ដក់​ភ្នែក​ហើយ​ត្រូវ​លាង​ដៃ​ឱ្យ​ស្អាត​ជា​មួយ​សាប៊ូ​រៀងរាល់​១​ទៅ​២​ម៉ោង​ម្ដង​ ទាំង​អ្នក​ជំងឺ​ និង​អ្នក​រស់​នៅ​ជា​មួយ​អ្នក​ជំងឺ​មុន​ចាប់​កាន់​របស់​ផ្សេងៗ​ដែល​អាច​ឆ្លង​ទៅ​អ្នក​ដទៃ។​ ពេល​ហៀរ​ទឹក​ភ្នែក​ត្រូវ​ជូត​សម្អាត​ដោយ​ប្រើ​សំឡី​ ឬ​ក្រដាស​សម្អាត​​ រួច​បោះ​ចោល​ក្នុង​ធុង​សំរាម​ ។​ ចៀស​វាង​ប្រើ​សម្ភារ​រួម​គ្នា​ដូច​ជា​កន្សែង​ ថ្នាំ​បន្ដក់​ភ្នែក​ ស្រោម​ពូក​ ខ្នើយ​ ជា​ដើម។​ លាង​សម្អាត​ដៃ​របស់​អ្នក​ឱ្យ​បាន​ស្អាត​ ក្រោយ​ពី​បន្ដក់​ថ្នាំ​ដាក់​ភ្នែក​ឱ្យ​អ្នក​ជំងឺ​ ឬ​ភ្នែក​របស់​អ្នក​ ។​ ​

៤-​ការ​ព្យាបាល​ជំងឺ​ភ្នែក​ក្រហម​ៈ ជា​ធម្មតា​ ភ្នែក​ក្រហម​នេះ​នឹង​ជា​សះស្បើយ​មក​ជា​ធម្មតា​វិញ​ ក្រោយ​ការ​ព្យាបាល​រយៈ​ពេល​ពី​៧​ទៅ​១២​ថ្ងៃ​ ។​ ប៉ុន្ដែ​អ្នក​ជំងឺ​ចាំ​បាច់​ត្រូវ​មក​ពិនិត្យ​ភ្នែក​ជា​មួយ​គ្រូពេទ្យ​ឯកទេស​ ចៀស​វាង​ប្រើប្រាស់​ថ្នាំ​ដោយ​ខ្លួន​ឯង​ ឬ​ពុំ​មាន​វេជ្ជបញ្ជា​ត្រឹម​ត្រូវ​ ។​

សូម​បញ្ជាក់​ថា​​ រយៈ​ពេល​៤​សប្ដាហ៍​នេះ​ គេ​សង្កេត​ឃើញ​មាន​ប្រជាជន​មក​ពិនិត្យ​ភ្នែក​នៅ​តាម​មន្ទីរពេទ្យ​ និង​គ្លីនិក​ឯកជន​ទូទាំង​ប្រទេស​ប្រហែល​៤.០៨៩​នាក់​ ។​ ក្រៅ​ពី​នេះ​ មាន​អ្នក​ជំងឺ​ភ្នែក​ក្រហម​មួយ​ចំនួន​ទៀត​នៅ​តាម​ភូមិ​-ឃុំ​ជា​ច្រើន​មិនទាន់​បាន​មក​ពិនិត្យ​ភ្នែក​នៅ​ឡើយ​ទេ​ ៕