ខេត្តស្វាយរៀង៖ យុវជនម្នាក់មកលេងស្រុកក្នុងរដូវបុណ្យភ្ជុំបិណ្ឌត្រូវគេស្ទាក់កាប់ចំនួន៣កាំបិតផ្គាក់ឈាមហូរស្រោចផ្ទៃមុខរងរបួសធ្ងន់ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១ តុលា ២០១៣ នៅភូមិឈូកស ឃុំឈើទាល ស្រុកស្វាយជ្រំ។
ជនរងគ្រោះឈ្មោះអេង ពន្លក ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ជាកម្មករនៅខេត្តស្ទឹងត្រែង។ បើតាមសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំឈើទាលបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះឈ្មោះអេង ពន្លក បានមកលេងផ្ទះ ហើយបានជួបជុំជាមួយបងថ្លៃឈ្មោះគង់ ស៊ីន ភេទប្រុស អាយុ៤៧ឆ្នាំ នៅភូមិកើតហេតុខាងលើផឹកស៊ីពីម៉ោង១១ព្រឹករហូតដល់ម៉ោងជិត៣រសៀល បងថ្លៃក៏ប្រើជនរងគ្រោះឱ្យទៅទិញបារីនៅតូបលក់ចាប់ហួយ ខណៈកំពុងជិះម៉ូតូស្រាប់តែជនឈ្មោះហែម សារុន ភេទប្រុស អាយុ៣០ឆ្នាំ រត់មកស្ទាក់ផ្លូវ រួចកាប់ជនរងគ្រោះយ៉ាងសន្ធាប់ចំនួន៣កាំបិត ១កាំបិតចំក្បាលលើសៀតផ្កាមុតផុងលលាដ៏ ២កាំបិតចំម្រាមដៃឆ្វេងស្ទើរដាច់ឈាមហូរស្រោចផ្ទៃមុខ ខណៈនោះជនរងគ្រោះបានផ្តួលម៉ូតូ រួចស្រែកឆោឡោផ្អើលដល់អ្នកជិតខាង និងសមត្ថកិច្ចដេញព័ទ្ធចាប់ខ្លួនបានភ្លាមៗ។
ក្រោយពីឃាត់ខ្លួនមកសាកសួរ ជនសង្ស័យបានឆ្លើយថា គ្មានរឿងអ្វីទេ មិនដែលឃើញជនរងគ្រោះនៅស្រុក ហើយថ្ងៃនេះឃើញជិះម៉ូតូកាត់មុខផ្ទះទើបកាប់តែម្តងទៅ៕
ចែករំលែកព័តមាននេះ