ខេត្តព្រះសីហនុ ៖ បុរសម្នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍មួយកាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី១៥ កញ្ញា នៅចំណុចមុខសភាពាណិជ្ជកម្មខេត្ត ស្ថិតក្នុងភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ដែលបង្កឡើងដោយកូនស្រីកូនថៅកែមាសផ្សារលើក្រុងព្រះសីហនុ ។
តាមមន្ត្រីចរាចរណ៍បញ្ជាក់ថា កូនស្រីថៅកែលក់មាសនេះឈ្មោះ លី វ៉ាន់ អាយុ២២ឆ្នាំ ជាអ្នកជួយលក់មាសឪពុកម្តាយ មានទីលំនៅក្នុងសង្កាត់លេខ២ បានបើករថយន្តម៉ាកឡិចស៊ីស RX300 ពណ៌ស្ករ ពាក់ស្លាកលេខព្រះសីហនុ 2A-5252 ជាកម្មសិទ្ធិរបស់ឪពុកមាឈ្មោះស៊ីវ ជាមន្ត្រីកងរាជអាវុធហត្ថខេត្ត ទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដាផលិតនៅប្រទេសចិន ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AQ-5314 បើកបរដោយឈ្មោះ មឿន ម៉ាប់ អាយុ៣២ឆ្នាំ ជាកម្មករសំណង់បណ្តាលឱ្យរងរបួសស្រាល ។ យោងតាមការសន្និដ្ឋានជំហានដំបូង សមត្ថកិច្ចនិយាយថា ហេតុការណ៍នេះបង្កឡើងដោយភាគីរថយន្តដែលបើកបរក្នុងទិសដៅបញ្ច្រាសគ្នា ។
តាមសាក្សីនៅក្បែរកន្លែងកើតហេតុនិយាយថា រថយន្តឡិចស៊ីសបើកបរដោយយុវតីខាងលើបានបុកម៉ូតូពេញទំហឹង និងអូសចម្ងាយប្រមាណ១៥ម៉ែត្រទើបឈប់ ដោយសារតែម៉ូតូកល់នៅខាងក្រោមរថយន្តទៅមុខលែងរួច ។ នៅមុនកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងនេះបើកបរក្នុងល្បឿនលឿនដូចជាប្រញាប់ ឬមានបញ្ហាអ្វីមួយ លុះទៅដល់ចំណុចខាងលើដែលជាផ្លូវកោងក៏បួងចង្កូតបត់ឆ្វេងខ្លាំងពេក បណ្តាលឱ្យជ្រុលទៅបុកម៉ូតូដែលជិះម្នាក់ឯងបើកចុះពីសួនច្បារមហោស្រពចាស់ បណ្តាលឱ្យបុរសអ្នកជិះម៉ូតូខ្ទាតចេញទៅម្ខាង ចំណែកម៉ូតូនៅខាងក្រោមរថយន្ត ៕
ចែករំលែកព័តមាននេះ