ខេត្តតាកែវ ៖ ជនសង្ស័យជាកម្មករលើកដាក់ត្រីម្នាក់ត្រូវប្រជាពលរដ្ឋដេញចាប់បានប្រគល់ឱ្យប៉ូលិស បន្ទាប់ពីជននេះធ្វើសកម្មភាពឆក់កាបូបលុយថៅកែស្រីរបស់ខ្លួន រួចបម្រុងរត់គេចខ្លួន តែត្រូវថៅកែស្រីរូបនេះដឹង
ខ្លួនទាន់ស្រែកឆោឡោបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥ និង៣០នាទីព្រឹក ថ្ងៃទី១៣ សីហា ២០១៣ នៅចំណុចខាងត្បូងខ្លោងទ្វារវត្តភ្នំខ្លែងចម្ងាយប្រហែល២០០ម៉ែត្រ ស្ថិតក្នុងភូមិភ្នំខ្លែង ឃុំព្រៃស្លឹក ស្រុក
ទ្រាំង ។
ជនសង្ស័យឈ្មោះស ឧត្តម ភេទប្រុស អាយុ២០ឆ្នាំ ជាកម្មករលើកដាក់ត្រីពីរថយន្ត រស់នៅភូមិស្តុក ឃុំសំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត ចំណែកថៅកែស្រីឈ្មោះហ៊ុន ណូន អាយុ៥១ឆ្នាំ ជាថៅកែលក់ត្រី ប្តីឈ្មោះសុះ ម៉ូត អាយុ៥៣ឆ្នាំ រស់នៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ។ ប្រភពបានឱ្យដឹងថា ជនសង្ស័យបានមកធ្វើជាកម្មករលើកដាក់ត្រីរយៈពេលយូរហើយ ហើយតែងសង្កេតមើលកាបូបរបស់ថៅកែស្រីមានលុយច្រើន លុះនៅថ្ងៃកើតហេតុ ខណៈពេលថៅកែស្រីភ្លេចខ្លួនជនសង្ស័យបានឆ្លៀតឱកាសធ្វើសកម្មភាពឆក់កាបូប រួចរត់ទៅរកបក្សពួកគេម្នាក់ទៀតដែលកំពុងបញ្ឆេះម៉ូតូចាំក៏ត្រូវថៅកែស្រីស្រែកឆោឡោឡើងផ្អើលដល់អ្នករកស៊ីត្រីក្បែរនោះនាំគ្នាដេញចាប់បានប្រគល់ឱ្យប៉ូលិសភ្លាមៗតែម្តង។
ប្រភពបន្តថា ក្រោយពីឃាត់ខ្លួនភ្លាមៗ ប៉ូលិសបានដកហូតយកកាបូបលុយពីជនសង្ស័យ ដែលក្នុងនោះមានលុយចំនួន៣០លានរៀលប្រគល់ឱ្យម្ចាស់វិញ៕
ចែករំលែកព័តមាននេះ