ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាន់ ​ស៊ីណាត ​ប៉ះ​ ​លាភ ​សំណាង ​ម្តង​​ទៀត​​ក្រោយ​​រំសាយ​​ការ​​ប្រយុទ្ធ

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ​កាលពី​ថ្ងៃ​ទី​២ មិថុនា ​កីឡាក​រ​ចាន់ ស៊ីណាត ​និងកីឡាករ​ លាភ សំណាង ​បាន​ប៉ះ​គ្នា​ម្តងហើយ ប៉ុន្តែ​ការ​ប្រកួត​ដ៏​ក្តៅ​គគុក​នោះ មិន​បាន​ប្រកាស​លទ្ធ​ផល​ឡើយ ដោយ​សារ​តែ​ភាគីទាំង​ពីរ​មានរបួស​ធ្ងន់​ទាំង​សង​ខាង ។

រាជ​ធានីភ្នំពេញ ៖ ​កាលពី​ថ្ងៃ​ទី​២ មិថុនា ​កីឡាក​រ​ចាន់ ស៊ីណាត ​និងកីឡាករ​ លាភ សំណាង ​បាន​ប៉ះ​គ្នា​ម្តងហើយ ប៉ុន្តែ​ការ​ប្រកួត​ដ៏​ក្តៅ​គគុក​នោះ មិន​បាន​ប្រកាស​លទ្ធ​ផល​ឡើយ ដោយ​សារ​តែ​ភាគីទាំង​ពីរ​មានរបួស​ធ្ងន់​ទាំង​សង​ខាង ។ ហេតុ​ផល​នេះ​​ហើយ ដែលជំរុញ​ឱ្យ​ជំនួប​លើក​ទី​២​រវាង​គូ​ចាស់​នេះ ធ្វើ​ឱ្យ​មាន​ការជជែក​វែក​ញែក​យ៉ាង​ផុស​ផុល ថា​កីឡា​ករ​ទាំង​ពីរពិត​ជាបង្ហាញ​ភាព​ស៊ី​សាច់​ហុត​ឈាម​គ្នា​ជា​ថ្មី ព្រម​ជា​មួយ​នឹង​ការ​ប្រឹង​ប្រែង​ស្វែង​រក​ឱកាស​ឈ្នះ​រៀងៗ​ខ្លួន​​ឱ្យ​ខាង​តែបាន​មិន​ខាន ។

ការ​ប្រកាស​​​ឱ្យ​កីឡាករ​ចាន់ ស៊ីណាត មកពី​ក្លិប​និរោធ​មានជ័យ និងកីឡា​ករ​​ លាភ សំណាង មកពី​ក្លិប​កង​ពលតូច​​លេខ​៧០ ប៉ះ​គ្នា​នា​ល្ងាច​ថ្ងៃ​សៅរ៍​ទី​១៣ កក្កដា ​នៅ​សង្វៀន​បាយ័ន​​បឹង​ស្នោ​នេះ​កំពុង​ធ្វើ​ឱ្យ​មានការចាប់​អារម្មណ៍​ និង​រលឹក​ភ្លាមៗ​ដល​់​ទិដ្ឋភាព​​ដែល​ពួកគេ​ធ្លាប់​​ប៉ះ​គ្ន​ា​កាល​ពី​ដើម​ខែ​មុន ។ ក្នុង​​ជំនួប​លើក​ទី​១ ពួកគេ​ទាំង​ពីរ​បាន​​វាយ​គ្នា​ដោយ​មិន​សំចៃ​ដៃ​ឡើយ ដើម្បី​​បញ្ចៀស​អារម្មណ៍​​រង្កៀស​ចិត្ត​របស់​មហា​ជន និង​ក្នុង​បំណង​​ច្បាម​យក​ប្រជា​ប្រិយ​ភាព​ក្នុងការ​ប្រកួត​​ប្រជែង​គ្នា​នេះ ​។

ផ្ទុយ​ពីការ​ប្រកួត​របស់​គូ​​ខ្លះ​​ ​ដែល​ដាក់​វេន​គ្នា​វាយ​លុក ចាន់ ស៊ីណាត និង​​​លាភ ​សំណាង រំលេច​សភាព​ស៊ី​សាច់​ហុត​ឈាម​គ្នា​តាំង​ពី​ដើម​ទឹក​ទី​១ ។ ​បើ​ភាគ​ី​លាភ សំណាង វាយ​មួយ​​ដៃ ឬទាត់​មួយ​ជើង គេ​ពិត​ជា​ឃើញ​ចាន់ ស៊ីណាត ​វាត់​មួយកែង ​ឬ​​ស្ទុះ​អុក​មួយ​ជង្គង់​ភ្លាមៗ​ដោយ​មិនខ្លាច​ប្រឈម​​គ្រោះ​ថ្នាក់​ឡើយ ។ សកម្ម​ភាព​វាយ​លុក​ដោយ​មិន​ញញើត​ដៃ​របស់​អ្នក​ទាំង​ពីរ បាន​ទទួល​ការចាប់​អារម្មណ៍​លើស​លប់ ពិសេស​បន្ទាប់​ពី​ភាគី​ម្ខាង​ៗ​មាន​សភាព​រយះ​មុខ និងហូរ​ឈាម​ស្រោច​ខ្លួន​ទៅ​ហើយ ​បែរ​ជា​នៅតែ​ត​តាំង​គ្នាទៀត ​។

តាំង​ពីទឹក​ទី​១​ បើ​ទោះ​ជា​ពួកគេ​រយះផង បែក​​របួស​ចាស់​ផង ប៉ុន្តែ​គេនៅ​តែ​មិនឃើញ​ម្នាក់​ក្នុងចំណោម​ពួកគេ​បន្ថយ​ដៃ ឬបង្អន់​ការ​វាយ​លុក​ទាល់​តែ​សោះ ។ ពួកគេ​ត្រូវគេ​ផ្អាក​ការប្រកួត​នៅ​ទឹក​ទី​៣ ដើម្បី​បញ្ចៀស​គ្រោះ​ថ្នាក់ បន្ទាប់​​ពីការ​ប្រយុទ្ធ​ក្លាយ​ជា​ឆាក​បង្ហូរ​ឈាម​កាន់​តែ​ខ្លាំង ។ ​ឆន្ទៈ​តស៊ូដ៏​កម្រ​នេះ ​បាន​ធ្វើ​ឱ្យ​ចាន់ ស៊ីណាត ​និង​លាភ សំណាង ក្លាយជាគូ​ប្រកួតក​្នុង​អារម្មណ៍​អ្នក​ស្នេហា​កីឡា​ប្រដាល់​​ភាគ​ច្រើន ដែលការចាប់​អារម្មណ៍​នេះកំពុង​ផុស​ផុល​បន្ថែម​ទៀតក្នុង​ជំនួប​ម្តង​ទៀត​នាល្ងាច​នេះ​នៅ​លើ​សង្វៀន​ទូរ​ទស្សន៍​បាយ័ន ។

​ទាំង​ចាន់ ស៊ីណាត ទាំង​ លាភ សំណាង ​បាន​អះអាង​រួច​ជាស្រេច​ថា ពួកគេ​មិន​ត្រូវ​ការ​ចាញ់​ឡើយក្នុងជំនួប​ថ្ងៃ​នេះ ​។ ម្នាក់​ៗ​អះ​អាង​ថា ​​តាំង​ពី​មាន​ការផ្គូ​ផ្គង​​មក​ពួកគេ​យកចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​ការ​ហ្វឹក​ហាត់​​ ដោយ​ពួក​គេ​ហា៊ន​និយាយ​​ដោយ​មុតមាំ​ថា ​បើ​ទោះ​​ជា​ចាញ់​ក៏​នឹង​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ញាក់​សាច់ដែរ ។ ​ក្រុម​អ្នក​តាម​ដាន​លើ​កឡើង​ថា បើ​អ្នក​ទាំង​ពីរ​ពិតជា​ប្រកាន់​ជំហរ​ដូច​ដើមមែន​នោះ មានន័យ​ថា ​ការ​ប្រកួត​​ដែល​នឹង​ចាប់​ផ្តើម​បន្តិច​ទៀត​នេះ ​នឹង​​កក្រើក​ជាលើក​ទី​២​ជាមិន​ខាន ​ដែល​ផ្ទុយ​ពីការ​ប្រកួត​របស់​កីឡាករ​ជើងចាស់​ខ្លះ ដែល​ត្រូវគេ​យល់​ថា ​រាង​ស្ទក់​ជាងក្មេង​ៗ​នោះ ។

ចាំ​មើល​មើល៍​ តើ​កីឡា​ករ​​ទាំង​ពីរ​អាច​ធ្វើ​​ឱ្យ​រញ្ជួយ​សង្វៀន​បឹង​ស្នោ​ដូច​ជំនួប​លើក​ទី​១​កាលពី​មុន​នោះ​ដែរ​ឬទេ ? ​នៅ​សង្វៀន​ដដែល ក៏​មានការ​ប្រកួត​រវាង​កីឡាករ​គុន សំណង ​មកពី​ក្លិប​ខេមរិន្ទ​មាន​​​ឫទ្ធិ ​និង​កីឡា​ករ​ពៅ សារ៉ាក់ មកពី​ក្លិប​បាត់​ដំបង​ពាយ័ព្យ​ ។ កីឡាករ​ប៉ូ វណ្ណ​ស័ក្ត ដែល​បាត់​មុខ​យូរ និង​កំពុង​ជ្រក​ក្នុង​ក្លិប​ក្រសួង​ការពារជាតិ នឹង​ប្រកួត​ជាមួយ​កីឡា​ករ​ផាន់ សារុន ​មកពី​ក្លិប​ព្រះ​​ខ័ន​រាជ ​។ ​​​ប៉ូ វណ្ណ​ស័ក្ត ជាអតីត​ដៃគូ​របស់​កីឡាករ​បឺត ខាំ ​កីឡាករ​ឡុង សុភី និង​ កីឡា​ករ​កែវ រំចង់ ដែល​ល្បី​​បំផុត​កាលពីអំឡុង​ឆ្នាំ​២០០៨-២០០៩ ។​

ដោយ​ឡែក មួយគូ​ទៀត គឺ​ការ​​​ប្រកួត​​រវាងកីឡា​ករ​សេន កុសល មកពី​ក្លិប​មោង​ឫស្សី​គុន​ខ្មែរ និង​កីឡាករ​ជើង​ថ្ម​ី រ៉ន វិឆ័យ មកពី​ក្លិប​រកា​ខ្នុរ​គុន​ខ្មែរ​បង្ក្រាប​គ្រឿង​ញៀន​ ក៏ ជា​គូដែល​មានការ​ចាប់​អារម្មណ៍​ផង​ដែរ ៕