ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ក្អយ​លេច​មុខ​ជា​មួយ​នឹង​ការ​សោក​ស្តាយ​កំហុស

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ តារា​កំប្លែង​នាង​ជួន​ ចាន់​រតនា​ ហៅ​ក្អយ​ ដែល​បាន​បាត់ស្រមោល​ពី​ពិភពសិល្បៈ​ បន្ទាប់​ពី​ម្ចាស់​បំណុល​ជា​ច្រើន​រូប​ដាក់​ពាក្យ​ប្ដឹង​ទាមទារ​ឱ្យ​នាង​ចេញ​មុខ​ដោះ​ស្រាយ​ រហូត​ឡើង​ដល់​តុលាការ​នោះ​ ឥឡូវ​ភព​ខ្មៅ​ងងឹត​ជិត​រំលង​ផុត​ពី​ជីវិត​នាង​ហើយ​ ព្រោះ​សង​បំណុល​គេ​បាន​ប្រមាណ​៧០​ភាគរយ​ហើយ​ ព្រម​ទាំង​បាន​ចូល​រួម​សម្ដែង​ខ្លះៗ​ហើយ​ដែរ​ គ្រាន់​តែពុំ​ទាន់​លេចមុខ​

រាជធានីភ្នំពេញ​ ៖  តារា​កំប្លែង​នាង​ជួន​ ចាន់​រតនា​ ហៅ​ក្អយ​ ដែល​បាន​បាត់ស្រមោល​ពី​ពិភពសិល្បៈ​ បន្ទាប់​ពី​ម្ចាស់​បំណុល​ជា​ច្រើន​រូប​ដាក់​ពាក្យ​ប្ដឹង​ទាមទារ​ឱ្យ​នាង​ចេញ​មុខ​ដោះ​ស្រាយ​ រហូត​ឡើង​ដល់​តុលាការ​នោះ​ ឥឡូវ​ភព​ខ្មៅ​ងងឹត​ជិត​រំលង​ផុត​ពី​ជីវិត​នាង​ហើយ​ ព្រោះ​សង​បំណុល​គេ​បាន​ប្រមាណ​៧០​ភាគរយ​ហើយ​ ព្រម​ទាំង​បាន​ចូល​រួម​សម្ដែង​ខ្លះៗ​ហើយ​ដែរ​ គ្រាន់​តែពុំ​ទាន់​លេចមុខ​តាម​កញ្ចក់​ទូរទស្សន៍​ប៉ុណ្ណោះ​ ។​ ជាក់​ស្ដែង​នៅ​ក្នុង​ពិធី​ជួប​ជុំ​អតីត​សិស្ស​វិទ្យា​ល័យ​ព្រះស៊ីសុវត្ថិ​នៃ​រាជ​ធានី​ភ្នំពេញ​ កាល​ពី​រាត្រី​ថ្ងៃ​សៅរ៍​ទី​២៥​ ឧសភា​ ២០១៣​ ដែល​ប្រមូល​ផ្ដុំ​ដោយ​ភ្ញៀវ​កិត្ដិយស​គ្រប់​ឋានៈ​ និង​មាន​សិល្បករ​ល្បី​ៗ​ចូល​រួម​នោះ​ គេឃើញ​វត្ដ​មាន​នាង​ក្អយ​ដែរ​ គឺ​បង្ហាញច្បាស់​ថា​ នាង​លែង​លាក់​មុខ​ទៀត​ហើយ​ ។​

គ្មាន​អ្នក​ណា​មិន​ភ្ញាក់​ផ្អើល​ទេ​ ទាំង​មហា​ជន​ ទាំង​អ្នក​នៅ​ក្នុង​សង្គមសិល្បៈ​​ ខណៈ​ឃើញ​មុខ​តារា​កំប្លែង​នាង​ក្អយ​ដែល​ល្បី​ជំពាក់​ជំពិន​បំណុល​គេ​ច្រើន​សន្ធឹក​នោះ​ លេច​មុខ​ក្នុង​ពិធី​ធំដុំ​ជួប​ជុំ​អតីតសិស្ស​វិទ្យា​ល័យ​ព្រះ​ស៊ីសុវត្ថិនោះ​ ។​ អ្នក​សិល្បៈ​នៅ​ទីនោះ​ម្នាក់​ៗ​គ្រាន់​តែ​ឃើញ​នាង​ក្អយ​ភ្លាម​ សួរនាំ​​ពីនេះ​ពីនោះ​ ពិសេស​សុខ​ទុក្ខ​របស់​នាង​ពេល​បាត់​មុខ​អស់​ជា​ច្រើន​ខែ​ពី​ពិភព​សិល្បៈ​ ។​ គ្រានោះ​នាង​ក្អយ​ដែល​គ្រង​សម្លៀក​បំពាក់​ឈុត​ខ្មៅ​​ និង​កន្សែង​រុំ​កបាន​សំពះ​រាក់​ទាក់​ដាក់​អ្នក​សិល្បៈ​ជា​មួយ​នឹង​ភាព​ស្រស់​ស្អាត​ ពិសេស​គេ​ឃើញ​នាង​កែ​ខ្ទង់​ច្រមុះ​ជួយ​ឱ្យ​សម្រស់​កាន់​តែ​លេច​ធ្លោ​ខ្លាំង​ឡើង​ ។​

នាង​ក្អយ​គ្រា​នោះ​បាន​ក្លាយ​ជា​ផ្ទាំង​ស៊ីប​យ៉ាង​សំខាន់​ ពិសេស​អ្នក​កាសែត​ស្ទុះ​ទៅ​រក​នាង​ ខណៈ​នាង​មិន​ខ្លាច​ការ​តាម​ផ្ដិត​យក​រូបភាព​ឡើយ​ ថែម​ទាំង​ញញឹម​ដាក់​កាមេរ៉ា​យ៉ាង​ស្រស់​គ្មាន​ឱ្យ​ទើស​ចិត្ដ​ឡើយ​ ។​

ចង់​ដឹង​ពី​បញ្ហា​ដែល​កើត​ឡើង​កាល​ពី​ពេល​កន្លង​មក​ កោះ​សន្ដិភាព​បាន​សុំ​ការ​បកស្រាយ​ដោយ​ផ្ទាល់​ពី​នាង​ជួន​ ចាន់​រតនា​ ហៅ​ក្អយ​ ។​ តារា​កំប្លែង​ដែល​មាន​ប្រភព​ចេញ​ពី​ខេត្ដ​តាកែវ​រូបនេះ​បាន​ស្វាគមន៍​ និង​និយាយ​ថា​ នាង​មិន​ចង់​ចេញមុខ​បក​ស្រាយ​រឿង​រ៉ាវ​នា​ពេល​នេះ​ទេ​ ព្រោះ​តែ​នាង​កំពុង​តែ​ដោះ​ស្រាយ​ពី​បញ្ហា​របស់​នាង​មិន​ទាន់​ចប់​ចុង​ចប់​ដើម​ជ្រះ​ឱ្យ​ស្រឡះ​នៅ​ឡើយ​ ។​ នាង​និយា​យថា​ តាំង​​ពី​មាន​រឿង​នោះ​មក​ នាង​មិន​ដែល​ចង់​រត់​ចោល​ស្រុក​ឡើយ​ ពោល​គឺ​ចង់​ដោះ​ស្រាយ​ឱ្យ​ម្ចាស់​បំណុល​ឱ្យ​ទាល់​តែ​អស់​ ។​ ទោះជា​ត្រូវ​សង​យូរ​បន្ដិច​មែន​ តែ​នាង​បាន​សន្យា​ជា​មួយ​ពួកគាត់​ឱ្យ​ចប់​ ព្រោះ​នាង​មិនចង់​ធ្វើ​ជា​មនុស្ស​មិន​ល្អ​ទេ​​ ។​ នាង​យល់​ថា​មនុស្ស​យើង​ណា​ដែល​មិន​មាន​កំហុស​ តែ​សំខាន់​ពេល​ដឹង​ខុស​ហ៊ាន​ទទួល​ខុស​ត្រូវ​ ហើយ​កែ​ខ្លួន​វិញ​ គឺ​ជា​រឿង​ត្រឹម​ត្រូវ​ ។​ គិត​រហូត​មក​ទល់​ពេល​នេះ​នាង​​សង​បំណុល​បាន​ប្រមាន​៧០​ភាគរយ​ហើយ​ ។​ នៅ​សល់​បន្ដិចប​ន្ដួច​ទៀត​នាង​បាន​សន្យា​ថា​នឹង​ព្យាយាម​ដោះ​ស្រាយ​ជូន​ម្ចាស់​បំណុល​ឱ្យ​អស់​ ។​ នាង​និយាយ​ថា​ នាង​ក៏​ជា​ជន​រង​គ្រោះ​ម្នាក់​ដែរ​ ដូច្នេះ​សុំ​ឱ្យ​ពួក​គាត់​ទុក​ពេល​ឱ្យ​នាង​បាន​ធ្វើ​ការងារ​រក​លុយ​សង​បំណុល​ឱ្យ​អស់​ មិន​ទុក​ឱ្យ​រសេម​រសាម​ទេ​​ ។​

តារា​កំប្លែង​រូប​នេះ​និយាយថា​ «​បើ​ខ្ញុំ​មិន​ដោះ​ស្រាយ​ជា​មួយ​ម្ចាស់​បំណុល​ស្មាន​តែ​ខ្ញុំ​នៅ​សុខ​ ហើយ​មាន​មុខ​មក​ជួប​គេ​ឯង​ឈរ​ញញឹម​ឱ្យ​គេ​ថត​បាន​ស្រួល​ដូច​ពេល​នេះ​ឬ​ ច្បាស់​ជា​ម្ចាស់​បំណុល​តាម​មក​ជាន់​ក បោច​សក់​ ទះកុំផ្លៀង​ខ្ញុំ​មិន​ខាន​ឡើយ» ។​
តារា​កំប្លែង​ដែល​ធ្លាប់​លេច​ធ្លោ​ក្នុង​ក្រុម​កំប្លែង​នាយ​ក្រឹម​រូប​នេះ​ បាន​ចាត់​ទុក​រឿង​ដែល​នាង​ខុស​ឆ្គង​ថា​ ជា​រឿង​បន្ទុចបង្អាក់​ដល់​ជីវិត​សិល្បៈ​ដ៏​ផូរផង់​របស់​នាង​ ។​ នាង​ក្អយ​និយាយ​ទាំង​មុខ​ស្រពោន​ថា​ «​ការពិត​នាង​ខ្ញុំ​ពិត​ជា​សោក​ស្ដាយ​ណាស់​ព្រោះ​តែ​ជ្រុល​មួយ​ពេល​ ស្ទើរ​តែ​រក​ផ្លូវ​ដើរ​គ្មាន​ ពិសេស​អាជីព​សិល្បៈ​របស់​នាង​ខ្ញុំ​ដែល​ប្រឹង​តស៊ូ​ពី​ជំហាន​ដំបូង​ក៏​ត្រូវ​បាត់​បង់​ការ​ទាក់​ទាញ​ ។​ តែ​ពេល​នេះ​មិនអី​ទេ​ នាង​ខ្ញុំ​ជិត​រួច​ផុត​ទុក្ខ​ទាំង​អស់​នេះ​ហើយ​ ។​ យ៉ាង​យូរ​នៅ​ក្រោយ​ពេល​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ នាង​ខ្ញុំ​ប្រហែល​ជា​លៃ​លក​រក​កន្លែង​ឡើង​ប៉ុស្ដិ៍​ទូរទស្សន៍​វិញ​ហើយ​ ដើម្បី​បម្រើ​អារម្មណ៍​មហា​ជន​ជា​ថ្មី​ ។​ ទោះ​ត្រូវ​ត្រួស​ត្រាយ​ផ្លូវ​សា​ដើម​ក៏​នាង​ខ្ញុំ​មិន​តូចចិត្ដ​ដែរ​ នាង​ខ្ញុំ​ត្រូវ​តែ​តស៊ូ​ដើម្បី​កេរ្ដិ៍​ឈ្មោះ​»​ ។​

នៅ​ពេល​សួរ​ថា​ តើ​នាង​មាន​សង្ឃឹម​ប៉ុនណា​អាច​មាន​មុខ​ឡើង​សម្ដែង​បាន​នៅ​តាម​កញ្ចក់​ទូរទស្សន៍​វិញ​ ។​ នាង​ក្អយ​អះអាង​ថា​ នាង​អត់​រត់​ ឬ​ធ្វើ​ខ្លួន​ជា​អ្នក​ទោស​ទេ​ គឺ​នៅ​សង​គេ​ឱ្យ​អស់​។​ នាង​សង្ឃឹម​ថា​ ក្រោយ​ពេល​សាង​កំហុស​រួច​ហើយ​នឹង​មាន​ការ​យោគយល់​ចំពោះ​នាង​ច្រើន​ពីមជ្ឈដ្ឋាន​ទូទៅ​ ពិសេស​នាង​រំពឹង​ថា​តាម​ស្ថានីយទូរទស្សន៍​ពិត​ជា​អធ្យាស្រ័យ​ដល់​រូប​នាង​មិន​ខាន​ ។​

នាង​ក្អយ​បាន​វិល​ចូល​ពិភព​សិល្បៈ​បណ្ដើរ​ៗ​ហើយ​ ដោយ​បាន​ចូល​រួម​ច្រៀង​កាត់​សក់​ក្នុង​ពិធី​មង្គល​ការ​ជា​ច្រើន​រោង​នារដូវ​កាល​នេះ​ ដោយ​គ្រាន់​តែ​នាង​មិន​ទាន់​បាន​បង្ហាញ​មុន​នៅ​តាម​កញ្ចក់​ទូរទស្សន៍​ប៉ុណ្ណោះ​ ។​ បន្ទាប់​ពី​ដោះ​បំណុល​គេ​អស់​ គេ​រំពឹង​ថា​ជីវិត​ជា​តារា​កំប្លែង​របស់​នាង​ក្អយ​នឹង​រីក​ស្រស់​បំព្រង​ឡើង​វិញ​មិន​ខាន​ ៕​