អនាគតនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោកណាវ៉ាស់ សារីហ្វ កាលពីថ្ងៃទី១៣ ឧសភា អះអាងពីការឈោងចាប់ដៃសហរដ្ឋអាមេរិក និងឥណ្ឌាជិតខាង ក្រោយពីលោកឈ្នះឆ្នោតសភាកាលពីថ្ងៃទី១១ ឧសភា ដែលការបោះឆ្នោតសភានោះត្រូវបានពួកលោកខាងលិចចាត់ទុកថា ជាជ័យជម្នះសម្រាប់លទ្ធិប្រជាធិបតេយ្យ ។
ធ្លាប់ធ្វើជាប្រមុខរដ្ឋាភិបាល២លើកកាលពីទសវត្សឆ្នាំ៩០ លោកសារីហ្វ ជាមហាសេដ្ឋីដែកថែប អាយុ៦៣ឆ្នាំ ពេលឃោសនាបោះឆ្នោតបានដើរតួជាអ្នកប្រឆាំងឥទ្ធិពលអាមេរិកក្នុងប្រទេសលោក ក៏ប៉ុន្តែដល់ពេលត្រូវក្លាយជានាយកដ្ឋមន្ត្រីជាថ្មី លោកបែរជាបង្ហាញពីជំហរនោះវិញ ។
ពេលជួបជាមួយបណ្តាអ្នកកាសែតបរទេស លោកសារីហ្វអះអាងកាលពីថ្ងៃទី១៣ ឧសភាថា ប្រសិនបើមានការព្រួយបារម្ភនានានោះយើងត្រូវនិយាយពីរឿងនេះ ហើយពង្រឹងទំនាក់ទំនងនោះរវាងប៉ាគីស្ថាន និងសហរដ្ឋអាមេរិក ។ក្រុងវ៉ាស៊ីនតោន ជាអ្នកផ្តល់ជំនួយច្រើនជាងគេ ឱ្យប៉ាគីស្ថានជាសម្ព័ន្ធមិត្តផ្លូវការក្នុងសង្គ្រាមប្រឆាំងភេរវកម្មសង្ស័យថាលេងល្បែង២ជាមួយបណ្តាក្រុមអ៊ិស្លាមនិយម ក្នុងនោះរួមមាន ពួកតាលីបង់អាហ្វហ្គានីស្ថានផង ។
សំណុំរឿងអាហ្វហ្គានីស្ថាន នឹងជាសមាសភាពគន្លឹះមួយនៃទំនាក់ទំនងនោះ ព្រោះកងកម្លាំងអូតង់ដែលមានទាហានអាមេរិកភាគច្រើនត្រូវចាកចេញពីប្រទេសនោះនាដំណាច់ឆ្នាំ២០១៤ ហើយសម្ភារយោធាមួយផ្នែកធំត្រូវបញ្ជូនទៅស្រុកវិញ កាត់តាមប៉ាគីស្ថាន ។ ម៉្យាងវិញទៀត ក្រុងវ៉ាស៊ីនតោនអាចត្រូវការក្រុងអីុស្លាម៉ាបាដជាសម្ព័ន្ធមិត្តប្រវត្តិសាស្ត្ររបស់ពួកតាលីបង់អាហ្វហ្គានីស្ថាន ប្រសិនបើប្រទេសនេះចង់ចរចាសន្តិភាពជាមួយពួកនោះ ៕
ចែករំលែកព័តមាននេះ