ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល​អ្នក​ប្រដាល់​ជើង​ខ្លាំង​8​រូប​ត្រៀម​ខ្លួន​ឡើង​ប្រកួត​ដណ្តើម​ ខ្សែ​ក្រវាត់​ជើង​ឯក​10​លាន​រៀល​ពីក្រុម​ហ៊ុន​ស្រា​ផែន​ដី​

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ថានីយ​ទូរ​ទស្សន៍​ CTN សហការ​ជាមួយ​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​ ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ពីក្រុម​ហ៊ុន​ស្រា​ផែន​ដី​ បាន​រៀបចំ​ធ្វើ​សន្និសីទ​កាសែត​មួយ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៣​ ឧសភា​ ស្តី​ពី​ការ​ប្រកួត​កីឡា​ប្រដាល់​ក្បាច់​គុន​បុរាណ​ខ្មែរដណ្តើម​ខ្សែ​ក្រវាត់​ជើង​ឯក​១០​លាន​រៀល​របស់​ក្រុម​ហ៊ុន​ស្រា​ផែន​ដី​ ទម្ងន់​៧១​គីឡូ​ក្រាម ។​

រាជធានី​ភ្នំពេញ ៖ ស្ថានីយ​ទូរ​ទស្សន៍​ CTN សហការ​ជាមួយ​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​ ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ពីក្រុម​ហ៊ុន​ស្រា​ផែន​ដី​ បាន​រៀបចំ​ធ្វើ​សន្និសីទ​កាសែត​មួយ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៣​ ឧសភា​ ស្តី​ពី​ការ​ប្រកួត​កីឡា​ប្រដាល់​ក្បាច់​គុន​បុរាណ​ខ្មែរដណ្តើម​ខ្សែ​ក្រវាត់​ជើង​ឯក​១០​លាន​រៀល​របស់​ក្រុម​ហ៊ុន​ស្រា​ផែន​ដី​ ទម្ងន់​៧១​គីឡូ​ក្រាម ។​

លោក​ម៉ា សេរី​ អ្នក​រៀបចំ​កម្មវិធី​ប្រដាល់​ប្រចាំ​ស្ថានីយ​ទូរ​ទស្សន៍​ CTN បាន​ឱ្យ​ដឹង​ថា​ ការ​ប្រកួត​លើក​នេះ​ប្រមូល​ផ្តុំ​ទៅ​ដោយ​កីឡា​ករ​ជើង​ខ្លាំង​ចំនួន​៨​រូប​ធ្វើ​ការ​ប្រកួត​ជម្រុះ​វិល​ជុំ​ បាន​ន័យ​ថា​ ពួក​គេ​ម្នាក់ៗ​ត្រូវ​ឆ្លង​កាត់​ការ​ប្រកួត​រហូត​ដល់​ទៅ​៧​ដង​ម្នាក់​ ហើយ​ចុង​ក្រោយ​ត្រូវ​ជម្រុះ​យក​តែ​៤​រូប​ប៉ុណ្ណោះ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ និង​ផ្តាច់​ព្រ័ត្រ​ជាបន្ត​ទៀត​ ។​ កីឡាករ​ទាំង​៨​រូប​ដែល​មានមុខ​ឡើង​ប្រកួត​នោះ​មាន​ មាស​ ភិរម្យ​ មក​ពី​ក្លិប​កងទ័ព​ជើងទឹក​, វី សាយ័ន​ មក​ពី​ក្លិប​ខ្លា​រខិន​មាន​ឫទ្ធិ​, ខុន​ រាជ​ មក​ពី​ក្លិប​កងពល​ធំ​អន្តរាគមន៍​លេខ​៣​ ប្រាសាទ​ព្រះ​វិហារ​, សាំង​ ស៊ីថា​ មក​ពី​សមាគម​កីឡា​ប្រដាល់​ក្រសួង​ការពារ​ជាតិ,​ ឌុន រដ្ឋា មក​ពី​ក្លិប​អេភូថង​កីឡា,​ វ៉ោយ សុធន​ មក​ពី​ក្លិប​រាជ​សីហ៍​ខេត្ត​បន្ទាយ​មាន​ជ័យ​, ពៅ ស័ក្តិសិទ្ធិ​ មកពី​សមាគម​កីឡា​ប្រដាល់​ក្រសួង​មហា​ផ្ទៃ​ និង​ ម៉ន សំណាង​ មក​ពី​ក្លិប​វិស្វកម្ម​បច្ចេក​ទេស​កងទ័ព​ជើង​គោក​ព្រែក​ឯង ។​ ការប្រកួត​គ្រោង​ចាប់​ផ្តើម​ធ្វើ​ពី​ថ្ងៃ​សៅរ៍​ ទី​២៥​ ឧសភាខាងមុខ​នេះ​នៅ​វេលាម៉ោង​២​រសៀល​ ដែល​ក្នុង​១​សប្តាហ៍​មាន​២​ប្រកួត​ ។​

គួររំលឹក​ផងដែរ​ថា​ ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ជើង​ឯក​១០​លាន​រៀល​នេះ​គឺ​ផ្តោត​សំខាន់​ទៅ​លើ​អ្នក​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ប៉ុណ្ណោះ​ ដែល​ត្រូវ​ទទួល​បាន​ប្រាក់​រង្វាន់​១០​លាន​រៀល​អម​ជាមួយ​នឹងខ្សែ​ក្រវាត់ ។​ ចំណាត់​ថ្នាក់​លេខ​២​ ទទួល​បាន​ប្រាក់​២​លាន​៥​សែន​រៀល​ និង​ពាន​១​ ។ ចំណាត់​ថ្នាក់​លេខ​៣​ ទទួល​បាន​ប្រាក់​១​លាន​៥​សែន​រៀល និង​ពាន​១​ និង​ចំណាត់​ថ្នាក់​លេខ​៤​ ទទួល​បាន​ប្រាក់​១​លាន​រៀល និង​ពាន​១​ ។​

លោក​ឧត្តម​សេនីយ៍​ទោ​ តែម​ ម៉ឺន​ ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​បានធ្វើ​ការ​ណែនាំ​ដល់​កីឡាករ​ និង​គ្រូ​បង្វឹក​បូក​រួម​ទាំង​ថ្នាក់ដឹកនាំ​ទាំង​អស់​ត្រូវ​តែ​គោរព​វិន័យ​ក្រម​សីលធម៌​ និង​ច្បាប់​ប្រកួត​ឱ្យ​បាន​ មិន​ត្រូវ​ធ្វើ​អ្វី​ដែល​នាំ​ឱ្យ​ខូច​ដល់​កម្មវិធី​ប្រកួត​ឡើយ ។​ ជា​មួយ​គ្នា​នេះ​ផង​ដែរ​ លោក​ក៏​បាន​ធ្វើ​ការ​ព្រមាន​ខ្លាំង​ៗ​ចំពោះ​កីឡាករ​ និង​ថ្នាក់​ដឹកនាំ​របស់​ក្លិប​នីមួយៗ​ផង​ដែរ​ បើ​មិន​គោរព​ច្បាប់​ប្រកួត​ឱ្យ​បាន​ត្រឹម​ត្រូវ​ទេ​នោះ​នឹង​ទទួល​រង​ការ​ដាក់​ពិន័យ​មិន​ខាន​ឡើយ​ ។​

លោក​ម៉ា សេរី​ ក៏​បាន​លើក​ឡើង​ពី​ទម្លាប់​អាក្រក់​របស់​ប្រធាន​ក្លិប​មួយ​ចំនួន​គឺ​នៅ​ពេល​សិស្ស​ខ្លួន​ឯង​ឡើង​ប្រកួត​ បែរ​ជា​ឈរ​ស្រែក​បោះ​ព្រុយ​យ៉ុង​ទាំង​ស្លៀក​សម្លៀក​បំពាក់​ជា​គណៈ​កម្មការ​រៀបចំការ​ប្រកួត​ទៅ​វិញ​ ដែល​ទង្វើ​បែប​នេះ​វា​ជះ​ឥទ្ធិពល​អាក្រក់​បំផុត​ដល់​អ្នក​ទស្សនា​ទូទៅ ។​ ទោះ​បី​យ៉ាងណា​  ទង្វើបែប​នេះ​មិន​ធ្លាប់​កើត​មាន​នៅ CTN ឡើយ​ ហើយ​លោក​សង្ឃឹម​ថា​ អ្វីៗ​ទាំងអស់​នឹង​ដំណើរ​ការ​ទៅ​យ៉ាង​រលូន​តាំងពី​ដើម​ដល់​ចប់​មិន​ខាន ៕​