ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្និសីទ​កាសែត​ស្តី​ពី​ការ​ប្រកួត​បាល់​ទាត់​ស្ត្រី​ថ្នាក់​ជាតិ​លើក​ទី​2​

12 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ ៖ កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៣​ ឧសភា​ ឆ្នាំ​២០១៣​ នៅ​ទីស្នាក់ការ​ក្លិប​បាល់​ទាត់​ភ្នំពេញ​ក្រោន​ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣​ ខណ្ឌ​ដូន​ពេញ​ រាជ​ធានី​ភ្នំពេញ​ មាន​រៀបចំ​សន្និសីទ​កាសែត​មួយ​ស្តី​ពី​ការ​ប្រកួត​បាល់​ទាត់​ស្ត្រី​ថ្នាក់​ជាតិ​អាយុ​ក្រោម​១៥​ឆ្នាំ​លើក​ទី​២ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​លោក​ HORST TRILLER តំណាងស្ថាន​ទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា​ មន្ត្រី​កីឡា​របស់​ក្លិប​ភ្នំពេញ​ក្រោន​ និងគ្រូ​បង្វឹក​មក​ពីតាម​បណ្តា​ខេត្ត​

​រាជធានី​ភ្នំពេញ ៖ កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៣​ ឧសភា​ ឆ្នាំ​២០១៣​ នៅ​ទីស្នាក់ការ​ក្លិប​បាល់​ទាត់​ភ្នំពេញ​ក្រោន​ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣​ ខណ្ឌ​ដូន​ពេញ​ រាជ​ធានី​ភ្នំពេញ​ មាន​រៀបចំ​សន្និសីទ​កាសែត​មួយ​ស្តី​ពី​ការ​ប្រកួត​បាល់​ទាត់​ស្ត្រី​ថ្នាក់​ជាតិ​អាយុ​ក្រោម​១៥​ឆ្នាំ​លើក​ទី​២ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​លោក​ HORST TRILLER តំណាងស្ថាន​ទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា​ មន្ត្រី​កីឡា​របស់​ក្លិប​ភ្នំពេញ​ក្រោន​ និងគ្រូ​បង្វឹក​មក​ពីតាម​បណ្តា​ខេត្ត​នានា​ជាច្រើន​រូប ។​

លោក​ HORST TRILLER មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ​ថា​ លោក​មាន​ចិត្ត​សប្បាយ​រីក​រាយ​ណាស់​ដែល​បាន​ចូល​រួម​ចំណែក​ក្នុង​វិស័យ​បាល់​ទាត់​ក្នុង​ប្រទេស​កម្ពុជា​ ជា​ពិសេស​បាល់​ទាត់​ស្ត្រី​ ហើយ​នេះជា​លើក​ទី​២​ ហើយ​ដែល​យើង​បាន​រៀបចំ​ការ​ប្រកួត​បាល់​ទាត់​ស្ត្រី​ក្នុង​ប្រទេស​កម្ពុជា ។​ យើង​ជឿ​ជាក់​ថា​ កម្ម​វិធី​នេះ​នឹង​ទទួល​បាន​ជោគ​ជ័យ​ ព្រោះ​យើង​ធ្លាប់​ទទួល​បាន​ជោគ​ជ័យ​យ៉ាង​ធំ​ធេង​ម្តង​រួច​មក​ហើយ​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​ ។​

សម្រាប់​ក្លិបដែល​បានចូលរួម​ប្រកួត​មក​ពី​១១​ខេត្ត-​ក្រុងដូចជា​ ៖ ក្រុង​ប៉ោយ​ប៉ែត​ ខេត្ត​ប៉ៃ​លិន​ ខេត្ត​សៀម​រាប​ ខេត្ត​ពោធិ៍សាត់​ ខេត្ត​កំពង់​ស្ពឺ ខេត្ត​កំពង់​ឆ្នាំង​ ខេត្ត​ព្រះ​សីហនុ​ ខេត្ត​កណ្តាល​ រាជធានី​ភ្នំពេញ​ ខេត្ត​កំពង់​ធំ​ និង​ខេត្ត​បាត់​ដំបង​ ដោយ​ចែកចេញ​ជា​៣​ពូល​ ក្នុង​មួយ​ពូលៗ​មាន​៤​ក្រុម ។​ សម្រាប់​ពូល​A នោះ​មាន​ខេត្ត​បាត់​ដំបង​ ខេត្ត​ព្រះ​សីហនុ​ ខេត្ត​ប៉ៃលិន​ និង​ក្រុង​ប៉ោយ​ប៉ែត។​ ពូល​B មាន​ភ្នំពេញ​ក្រោន​ ខេត្ត​ពោធិ៍សាត់​ ខេត្ត​កំពង់​ធំ​ និង​ខេត្ត​កំពង់​ឆ្នាំង​ និង​ពូល​C មាន​ខេត្ត​សៀម​រាប​, ក្រុម​ Mighty Girl ខេត្ត​កំពង់​ស្ពឺ​ និង​ក្រុម​ New Day Cambodia។​

ការ​ប្រកួត​គឺ​ក្នុង​មួយ​ពូលៗ​ជម្រុះ​ចេញ​២​ក្រុម​ដើម្បី​យក​២​ក្រុម​ដែល​មាន​ពិន្ទុ​ល្អ​ជាង​គេ​ឡើង​ទៅ​លេង​វគ្គបន្ត ។​ ចំពោះ​៦​ក្រុម​ដែល​មិន​បាន​ឡើង​ទៅ​លេង​វគ្គ​បន្ត​នោះ ​គឺត្រូវ​ប្រកួត​គ្នា​ដណ្តើម​ពាន​មួយ​ផ្សេង​ទៀត​សម្រាប់​ក្រុម​ដែល​ខ្សោយ​ដូចគ្នា ។​ ការ​ប្រកួត​នេះ​គឺ​លេង​ម្ខាង​៧​នាក់​ ​ដោយ​លេង​លើ​ទីលាន​ដែល​មាន​បណ្តោយ​៦០​ម៉ែត្រ​ និងទទឹង៤៥​ម៉ែត្រ​ ឯ​ទី​មាន​ប្រវែង​៥​ម៉ែត្រ​ កម្ពស់​២​ម៉ែត្រ​ និង​មាន​២​តង់​ក្នុង​មួយ​តង់​មាន​រយៈ​ពេល​១២​នាទី ។​

សូម​បញ្ជាក់​ថា​ ការ​ប្រកួត​បាល់​ទាត់​ស្ត្រី​ថ្នាក់​ជាតិ​អាយុ​ក្រោម​១៥​ឆ្នាំ​លើក​ទី​២​នេះបាន​ចាប់​ផ្តើម​ធ្វើ​តាំងពី​ថ្ងៃ​ទី​១១ ឧសភា​មក​ម៉្លេះ​ និង​ត្រូវ​បញ្ចប់​នៅ​ល្ងាច​ថ្ងៃ​ទី​១៥​ ឧសភា​ នៅ​ទីលាន​ស្តាត​ចាស់​ រាជ​ធានី​ភ្នំពេញ​ ដោយ​​មាន​ការ​ចូល​រួម​ច្រៀង និង​សម្តែង​ដោយ​កញ្ញា​មាស សុខ​សោភា​ ផងដែរ ។​ គោល​បំណង​បើក​ឱ្យ​មាន​ការ​ប្រកួត​បាត់​ទាត់​នេះ​គឺ​ដើម្បី​បង្កើន​ការ​យល់​ដឹង​អំពី​បាល់​ទាត់​ស្ត្រី​ក្នុង​ប្រទេស​កម្ពុជា​ សម្រាប់​ផ្តល់​ឱកាស​ឱ្យ​ស្ត្រី​បាន​ហ្វឹក​ហាត់​ និង​លេងបាល់​ទាត់​ មិន​តែ​ប៉ុណ្ណោះ​ពួកគេ​មាន​ឱកាស​អភិវឌ្ឍន៍​ខ្លួន​ដើម្បី​ក្លាយ​ជា​អាជ្ញា​កណ្តាល ឬ​ជំនួយ​ការ​អាជ្ញា​កណ្តាល​ថ្នាក់​ជាតិ​ទៀត​ផង ។​

ព្រឹត្តិ​ការណ៍​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​អង្គការ​សលត៍ (Salt Academy) ដែល​ជា​អង្គ​ការ​មួយ​ជួយ​លើ​វិស័យ​បាល់​ទាត់​ស្ត្រី​ក្នុង​ប្រទេស​កម្ពុជា​៤​ឆ្នាំ​កន្លង​មក​ហើយ​ ដោយ​មាន​ការ​ឧបត្ថម្ភ​គាំទ្រ​ពី​ស្ថាន​ទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា​ និង​បណ្តា​ដៃគូ​ឧបត្ថម្ភ​ជាច្រើន​ទៀត​ ៕​