សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីទំនងជាកើនលើសពី៥% សម្រាប់ត្រីមាសទី៧ ដែលជារយៈពេលមួយវែងបំផុតចាប់តាំងពីវិបត្តិហិរញ្ញវត្ថុសាកលកើតមានកាលពីឆ្នាំ២០០៨ ។យោងតាមការប៉ាន់ស្មានកម្រិតមធ្យមដោយសេដ្ឋវិទូ២២នាក់នៅក្នុងការអង្កេតព័ត៌មានរបស់ Bloomberg បានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុបនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី៣ នៅអាស៊ីអាគ្នេយ៍មួយនេះកើន៥,៥% នៅក្នុងត្រីមាសដំបូងឆ្នាំ២០១៣ នេះ ។ បើតាមការប៉ាន់ស្មាននេះបានឱ្យដឹងទៀតថា ការធ្លាក់ចុះផ្នែកនាំចេញមានន័យថា ល្បឿននេះទំនងជាធ្លាក់ចុះពីអត្រា៦,៤% នៅក្នុងអំឡុងខែតុលាដល់ខែធ្នូ ។
ជាមួយនឹងជ័យជម្នះលើការបោះឆ្នោតក្នុងខែនេះ លោកនាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់ បានត្រៀមខ្លួនរួចរាល់ដើម្បីបញ្ចេញគម្រោងវិនិយោគទុនដែលបានពន្យារពេលកាលពីមុន ។ សេដ្ឋវិទូមកពីធនាគារ ANZ រហូតដល់ក្រុមហ៊ុនសេវាហិរញ្ញវត្ថុ Credit Suisse Group AG ព្យាករថា នៅក្នុងត្រីមាសក្រោយនឹងទទួលបានកំណើនទៀត ។ ការសន្យាផ្តល់សាច់ប្រាក់ដល់ប្រជាជនម៉ាឡេស៊ីដែលមានប្រាក់ចំណូលទាបនៅយុទ្ធនាការស្វែងរកសំឡេងឆ្នោត ក៏កំពុងជួយឱ្យការប្រើប្រាស់ក្នុងស្រុកបញ្ចៀសបានតម្រូវការដែលមានកំណត់សម្រាប់នាំចេញ ។
លោក Ho Woei Chen សេដ្ឋវិទូប្រចាំធនាគារ United Overseas Bank នៅប្រទេសសិង្ហបុរីនិយាយថា វិនិយោគិនភាគច្រើនកំពុងរំពឹងថា ដោយសារគណបក្សរណសិរ្សជាតិ (Barisan Nasional) នៅតែកាន់អំណាចដដែលធ្វើឱ្យមានភាពមិនប្រាកដប្រជាតិចតួចពាក់ព័ន្ធនឹងនយោបាយ ។ ការវិនិយោគនឹងនៅតែខ្លាំងដែលវានឹងបន្តជំរុញសន្ទុះកំណើនគួបផ្សំនឹងការប្រើប្រាស់ ៕
ចែករំលែកព័តមាននេះ