ខណៈដែលការខិតខំប្រឹងប្រែងខាងការទូតទាំងឡាយហាក់ពុំមានការជឿនលឿនទៅមុខ ហើយសភាពការណ៍មនុស្សធម៌នៅស៊ីរីកាន់តែដុនដាបខ្លាំង មេដឹកនាំអង់គ្លេស និងអាមេរិកសង្ឃឹមថា រុស្ស៊ីបន្ទាន់ជំហររបស់ខ្លួនបន្តិចម្តងៗ ។ប្រធានាធិបតីអាមេរិកលោកបារា៉ក់អូបាម៉ា និងនាយករដ្ឋមន្ត្រីអង់គ្លេស លោកដាវីដកាមីរ៉ូនកាលពីថ្ងៃទី១៣ ឧសភា អះអាងពីការសម្រេចចិត្តបង្កើនការគាបសង្កត់លើលោកបាចាអាល់អាសាដ ហើយស្នើដល់ក្រុងមូស្គូឱ្យធ្វើការវាយតម្លៃជំហររបស់ខ្លួនលើវិបត្តិមនុស្សធម៌ដែលធ្ងន់ធ្ងរបំផុត ពុំធ្លាប់មានពីមុនក្នុងជម្លោះនោះ ។
ក្នុងសន្និសីទសារព័ត៌មានរួមមួយលោកអូបាម៉ា អះអាងថា រួមជាមួយគ្នា យើងនឹងបន្តការខិតខំប្រឹងប្រែងរបស់យើង ដើម្បីបង្កើនការគាបសង្កត់លើរបបស៊ីរី ដើម្បីផ្តល់ជំនួយមនុស្សធម៌ដល់ពលរដ្ឋស៊ីរី ដែលរងការឈឺចាប់ដោយសារជម្លោះនេះ និងដើម្បីផ្តល់ជំនួយខ្លះដល់ពួកប្រឆាំង ហើយយើងរៀបចំសម្រាប់ប្រទេសស៊ីរីមួយ ប្រជាធិបតេយ្យគ្មានលោកអាសាដ ។
ក្នុងសន្និសីទសារព័ត៌មាននេះដែរដែលធ្វើឡើងក្រោយការជួបពិភាក្សារបស់មេដឹកនាំទាំង២នៅសេតវិមាន នាយករដ្ឋមន្ត្រីអង់គ្លេស លោកកាមីរ៉ូន ក៏អំពាវនាវឱ្យបង្កើនការខិតខំប្រឹងប្រែងដើម្បីបញ្ចប់ជម្លោះអូសបន្លាយនៅស៊ីរីដោយលោកគូសបញ្ជាក់ថា គ្មានអ្វីបន្ទាន់ជាងរឿងនេះនៅលើឆាកអន្តរជាតិឡើយ ។ លោកបន្តថា រូបលោក និងលោកអូបាម៉ា រីករាយចំពោះការសន្យារបស់ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន គាំទ្រការខិតខំប្រឹងប្រែងរួមសម្រាប់ដំណោះស្រាយនយោបាយមួយនៃជម្លោះដែលបំផ្លាញប្រទេសនៅមជ្ឈឹមបូព៌ានោះ រយៈពេល២៧ខែមកហើយ ៕
ចែករំលែកព័តមាននេះ