កាលពីថ្ងៃទី១៣ឧសភា ក្រសួងសាធារណៈអីុតាលីបានស្នើឱ្យដាក់គុកអតីតប្រមុខរដ្ឋាភិបាលអីុតាលី លោកស៊ីលវីយ៉ូ ប័រលូស្កូនី រយៈពេល៦ឆ្នាំ ពីបទរួមភេទជាមួយនារីរកស៊ីផ្លូវភេទមិនទាន់ពេញវ័យម្នាក់ ក្នុងរឿងអាស្រូវ RUBYGATE។ អតីតប្រមុខរដ្ឋាភិបាលអាយុ៧៦ឆ្នាំរូបនេះទទួលការចោទប្រកាន់ថា រួមភេទដោយឱ្យប្រាក់ច្រើនជាមួយនារីរបាំម្នាក់នាង KARIMA EL MAHROUG ហៅ RUBY ខណៈដែលនាងពុំទាន់ពេញវ័យនៅឡើយ ក្នុងឱកាសនៃពិធីសមោសរ BUNGA BUNGA រៀបចំធ្វើក្នុងភូមិគ្រឹះ ARCORE របស់លោក ស្ថិតនៅជិតក្រុងមីឡាន ។
លោកស៊ីលវីយ៉ូ ប័រលូស្កូនី ក៏ទទួលការចោទប្រកាន់ផងដែរពីបទ រំលោភបំពានអំណាចដោយបានជួយដោះលែងនាង RUBY កាលពីខែឧសភា ឆ្នាំ២០១០ ក្នុងរឿងដោយឡែកមួយដែលទាក់ទិននឹងការលួចខ្សែ.កមួយតម្លៃ៣.០០០អឺរ៉ូ ។ការស្នើឱ្យកាត់ទោសដាក់គុកលោកប័រលូស្កូនី៦ឆ្នាំ ដោយក្រសួងសាធារណៈគឺ៥ឆ្នាំសម្រាប់ការរួមភេទជាមួយនារីមិនទាន់ពេញវ័យ និង១ឆ្នាំ ព្រោះតែទំនាក់ទំនងរួមភេទចាយលុយជាមួយនារីមិនទាន់ពេញវ័យ ។ សាលក្រមកាត់ទោសអាចប្រកាសនាថ្ងៃទី២៤ មិថុនា ។
រដ្ឋអាជ្ញាក្រុងមីឡាន លោកស្រី ILDA BOCCASSI ក្នុងរបាយការណ៍យ៉ាងវែងមួយថ្លែងថា នៅឯភូមិគ្រឹះ ARCORE ប្រព័ន្ធពេស្យាចារមួយត្រូវបានរៀបចំសម្រាប់ការសប្បាយខាងផ្លូវភេទរបស់លោកប័រលូស្កូនី ។ រដ្ឋអាជ្ញារូបនេះបន្តថា ពេលពិនិត្យកុំព្យូរទ័រយួរដៃរបស់នាង RUBY បង្ហាញថា យុវនារីមានដើមកំណើតម៉ារ៉ុកនេះបានស្នាក់នៅយ៉ាងតិច៧យប់នៅភូមិគ្រឹះ ARCORE រវាងខែកុម្ភៈ និងខែឧសភា ឆ្នាំ២០១០។ ពិតណាស់នាង RUBY បានរួមភេទច្រើនលើកជាមួយជនជាប់ចោទ ហើយនាងទទួលបានប្រាក់ ។
លោកប័រលូស្កូនី បានបដិសេធរាល់ការចោទប្រកាន់ ហើយបដិសេធពីការរួមភេទបង់លុយ ។
លោកថា លោកជាអ្នករងគ្រោះដោយសារហេតុផលនយោបាយ ហើយចាត់ទុករបាយការណ៍របស់លោកស្រីរដ្ឋអាជ្ញាថា ជាការភូតកុហក ។តុលាការសសាលាឧទ្ធរណ៍មួយអះអាងរួចហើយកាលពីថ្ងៃទី៨ ឧសភាកន្លងមកនេះ ពីការកាត់ទោសដាក់គុកលោកប័រលូស្កូនី៤ឆ្នាំ ពីបទ ក្លែងបន្លំពន្ធក្នុងរឿងទិញសិទ្ធិផ្សាយទូរទស្សន៍របស់ក្រុមហ៊ុនម៉ាស៊ីនឃោសនារបស់លោក MEDIASET ៕
ចែករំលែកព័តមាននេះ