ខេត្តព្រះសីហនុ ៖ បុរសម្នាក់ដែលគេអះអាងថា ជាមនុស្សវិកលចរិតបានស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយសាររថយន្តបុក ខណៈធ្វើដំណើរតាមផ្លូវ កាលពីថ្ងៃទី២៧ វិច្ឆិកា ២០១២ វេលាម៉ោង៣និង៤០នាទីរសៀលនៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៨១-១៨២ ស្ថិតក្នុងភូមិសំរ៉ុងក្រោម ឃុំសំរ៉ុង ស្រុកព្រៃនប់។
តាមប៉ូលិសស្រុកព្រៃនប់ឱ្យដឹងថា បុរសដែលត្រូវរថយន្តបុកស្លាប់នេះ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ តែត្រូវគេអះអាងថា ជាមនុស្សវិកលចរិត ព្រោះគេឃើញដើរមិនមានគោលដៅ ហើយច្រើនតែដើរនៅលើដងផ្លូវជាតិ ។ ប្រភពដដែលឱ្យដឹងទៀតថា បុរសនេះមានកម្ពស់ប្រហែល១.៦៥ម៉ែត្រ សម្បុរខ្មៅស្រអែម សក់ស្លូត ពាក់អាវដៃវែង ពណ៌ស ខោជើងវែង ពណ៌ខ្មៅ ធ្វើដំណើរពីជើងទៅត្បូងក៏ត្រូវរថយន្តមួយគ្រឿងម៉ាកតូយ៉ូតាកាមរីពណ៌កណ្តុរល្មែះ បើកស្របទិសគ្នាបុកពីក្រោយ បណ្តាលឱ្យជនរងគ្រោះបែកក្បាលស្លាប់នៅនឹងកន្លែង ។ ទោះបីបែបណា ហេតុការណ៍នេះមិនមាននរណាម្នាក់បានឃើញនោះទេ គ្រាន់តែគេនិយាយថា បុរសរងគ្រោះដែលជាមនុស្សវិកលចរិតនោះបានដើរនៅលើបណ្តោយផ្លូវជាតិ លុះមកដល់ចំណុចកើតហេតុក៏ត្រូវរថយន្តបុកពីក្រោយតែម្តង ចំណែកអ្នកបើករថយន្តពេលឃើញហេតុការណ៍ដូច្នេះក៏ឈប់ហើយដាក់មេប្រូចបាត់ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ