ក្រុងប៉ោយប៉ែត ៖ ប៉ូលិសអន្តោប្រវេសន៍ផ្នែកច្បាមចល័តប្រចាំចំណុចខ្លោងទ្វារប្រាសាទកំពូលបីនៃច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានយកទារិកាដ៏ស្រស់ផូរផង់ម្នាក់ពីក្មេងអនាថា ដែលបីប្រុងឆ្លងដែនចូលទៅទឹកដីថៃ កាលពីព្រឹកថ្ងៃទី២១ វិច្ឆិកា កន្លងមកនេះ ព្រោះគ្មានអាណាព្យាបាលឬឪពុកម្តាយទៅជាមួយ ហើយពេលនេះកំពុងត្រូវបានថែរក្សាដោយគ្រួសារមួយក្នុងក្រុងប៉ោយប៉ែត និងកំពុងប្រកាសរកឪពុកម្តាយទារិការូបនេះ ។ ទារិកាដ៏ស្រស់ផូរផង់ខាងលើមានអាយុប្រហែល៣ខែប្រកបដោយសាច់ទ្រលុកទ្រលន់។
តាមលោកអនុសេនីយ៍ទោ អុនកាថន នាយផ្នែកច្បាមចល័តប៉ូលិសអន្តោប្រវេសន៍ប្រចាំការនៅចំណុចខ្លោងទ្វារប្រាសាទកំពូលបីនៃច្រកទ្វារអន្តរជាតិប៉ោយប៉ែតប្រាប់ថា ទារិកានេះលោកបានយកពីក្មេងអនាថាម្នាក់ដែលកំពុងបីប្រុងនាំឆ្លងដែនទៅទឹកដីថៃកាលពីវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី២១ វិច្ឆិកា នៅលើស្ពានមិត្តភាពកម្ពុជា-ថៃ ខណៈក្មេងអនាថានោះប្រុងនាំទារិកានេះចុះទៅខាងក្រោមស្ពាន ដើម្បីដើរផ្លូវកាត់ ។ ក្រោយការឃាត់ និងយកទារិកានេះ លោកក៏ធ្វើការសួរនាំក្មេងប្រុសអនាថាដែលបី ទារិកានេះ ហើយត្រូវបានប្រាប់ថា ខ្លួនត្រូវបុរសម្នាក់ជួលឱ្យបីឆ្លងដែនទៅឱ្យគេនៅឯដីថៃម្តុំផ្សារលុងក្លឿ ដោយបុរសនោះដើរចូលទៅមុន ។
លោកអុន ថន បន្តថា មួយសន្ទុះក្រោយមកលោកបានចូលទៅទឹកដីថៃ ដើម្បីទៅជួបបុរសដែលជួលក្មេងឱ្យបីទារិកាទៅឱ្យដោយគេប្រាប់ថា គេជាឪពុករបស់ទារិការូបនេះ ។ មន្ត្រីប៉ូលិសអន្តោប្រវេសន៍រូបនេះបន្តថា ដោយសារក្នុងលិខិតឆ្លងដែនពុំមានរូបក្មេងតូចនេះ ម្យ៉ាងលោកគិតថាទារិកានេះមិនគួរបុរសនោះបណ្តោយឱ្យក្មេងអនាថាបីឆ្លងដែន លោកក៏បានសួរនាំ និងត្រូវបានប្រាប់ថា ប្រពន្ធរបស់គេកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យឯស្រុកថៃទើបគេយកកូនស្រីទៅជួប ។ លោកបន្តថា ពេលលោកស្តាប់ហេតុផលគួរឱ្យអាណិតក៏ឱ្យបុរសនោះឆ្លងដែនមកយកកូននៅដីខ្មែរ ព្រមទាំងប្រាប់ថា នឹងជួយធ្វើឯកសារ ឬសុំសមត្ថកិច្ចថៃ ដើម្បីឱ្យបានឆ្លងដែនស្របច្បាប់២នាក់ឪពុក និងកូន ។
លោកអុន កាថន ប្រាប់ថា បុរសនោះពេលឮលោកប្រាប់ឱ្យមកយកកូនបែរជាដោះសាថា ចាំឱ្យមនុស្សស្រីម្នាក់ទៅយកជំនួស ហើយថែមទាំងឡូឡាថា លើសឈាមស្លាប់ឥឡូវហើយបន្ទាប់មកក៏គេចខ្លួនបាត់ស្រមោលដែលមកទល់នឹងថ្ងៃទី២៦ វិច្ឆិកា ហើយគ្មានឃើញនរណាម្នាក់មកទាក់ទងយកទារិកានេះទៅវិញទេ ។ លោកអុន កាថន ប្រាប់ទៀតថា ទារិកានេះលោកឱ្យគ្រួសារមួយថែរក្សា ។ លោកក៏សូមអំពាវនាវផងដែរថា បើមានគ្រួសារណាបាត់ទារិកាអាយុប្រហែល៣ខែនេះ សូមមកទទួលយកទៅវិញចុះឱ្យតែជាឪពុកម្តាយពិតប្រាកដ ៕
ចែករំលែកព័តមាននេះ