រាជធានីភ្នំពេញ ៖ ក្រុមអ្នកចែកចាយគ្រឿងញៀនចំនួន២៦នាក់ ក្នុងចំណោម៤៣នាក់ ដែលសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាប និងចាប់ខ្លួននៅផ្ទះសំណាក់ ហ្គោលហៅស៍២ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងដើម្បីសាកសួរ និងចោទប្រកាន់ជាផ្លូវការ ។
ក្រុមអ្នកចែកចាយ និងប្រើប្រាស់គ្រឿងញៀន២៦នាក់នោះមានស្រីមានប្រុស ហើយត្រូវបានបែងចែកជា៣ប្រភេទ ៖
១-ប្រភេទក្រុមជួញដូរ និងចែកចាយ៤នាក់។
២-ប្រភេទក្រុមប្រើប្រាស់មាន១៧នាក់ ។
៣-ប្រភេទក្រុមសម្របសម្រួលសម្រាប់ផ្តល់ទីតាំងចំនួន៥នាក់ ។
ចាប់តាំងពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៧ វិច្ឆិកា ពួកគេត្រូវបានតំណាងអយ្យការអមសាលាដំបូងសាកសួរមិនទាន់ចប់ទេ ពេលអយ្យការសាកសួរហើយ ពួកគេនឹងត្រូវសន្និដ្ឋានជាផ្លូវការ ដើម្បីចាត់បញ្ជូនទៅចៅក្រមស៊ើបសួរបន្ត ។ ពេលចប់ភារកិច្ចខាងចៅក្រមស៊ើបសួរទៅដល់ដំណាក់កាលដាក់ជម្រះផ្ទាល់ ។ ដល់ពេលនោះ មានខ្លះអាចមានទោស ត្រូវឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន និងខ្លះត្រូវផ្តន្ទាទោស តែត្រូវព្យួរ និងគ្រាន់តែពិន័យជាប្រាក់ ហើយឱ្យវិលទៅផ្ទះវិញតាមទម្ងន់នៃទោស ។ ដោយសារអស់ពេលវេលា សាលាដំបូងនឹងចាប់ផ្តើមនីតិវិធីសាកសួរចម្លើយបន្តនៅថ្ងៃនេះទៀត ។
កាលពីវេលាម៉ោង១និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ វិច្ឆិកា នៅផ្ទះសំណាក់ ហ្គោលហៅស៍២ តាមបណ្តោយផ្លូវលេខ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ សមត្ថកិច្ចបានបង្ក្រាបក្រុមអ្នកចែកចាយគ្រឿងញៀនទាំងនោះ ៕
ចែករំលែកព័តមាននេះ