ខេត្តកំពង់ធំ ៖ រថយន្តបឺសធុនធំដឹកអ្នកដំណើររបស់ក្រុមហ៊ុនរិទ្ធមុន្នីមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ ៣B-០២៣៨ ពណ៌ទឹកប្រាក់ឆ្នូតក្រហម ចេញដំណើរពីខេត្តសៀមរាបមកកាន់រាជធានីភ្នំពេញ បានឆ្លៀតដឹកឈើគ្រញូង ។ លុះធ្វើដំណើរដល់ទឹកដីខេត្តកំពង់ធំ ត្រូវសមត្ថកិច្ចរដ្ឋបាលព្រៃឈើកំពង់ថ្មធ្វើការត្រួតពិនិត្យ និងបានឆែកឆេររកឃើញឈើប្រណីតច្រើនដុំច្រកក្នុងបាវ ។
តាមប្រភពព័ត៌មានពីលោកសុទ្ធ ម៉ារី នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មបានឱ្យដឹងថា ដោយបានទទួលព័ត៌មានរាយការណ៍មកថា មានរថយន្តក្រុង១គ្រឿងលួចដឹកឈើគ្រញូង ដោយចេញដំណើរពីខេត្តសៀមរាបឆ្ពោះទៅកាន់រាជធានីភ្នំពេញ ។ នៅពេលទទួលបានដំណឹងនេះភ្លាម លោកបានបញ្ជាឱ្យមន្ត្រីក្រោមឱវាទសហការជាមួយកងរាជអាវុធហត្ថ និងកម្លាំងតំបន់ប្រតិបត្តិការសឹករងស្ទាក់ឃាត់រថយន្តក្រុងនេះបាននៅចំណុចភូមិបន្ទាយយមរាជ ឃុំប្រាសាទ ស្រុកសន្ទុក កាលពីវេលាម៉ោង ៣ និង៥០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៧ វិច្ឆិកា ខណៈពេលដែលរថយន្តនេះបានដឹកអ្នកដំណើរជាអ្នកទេសចរបរទេស និងអ្នកដំណើរខ្មែរសរុបចំនួន២៨នាក់ ។ ក្រោយការឃាត់រថយន្តដែលប្រព្រឹត្តបទល្មើសរួចមក អ្នកដំណើរទាំងអស់ត្រូវបានផ្ទេរទៅកាន់រថយន្តក្រុមហ៊ុនផ្សេងទៀតដើម្បីបន្តដំណើរ ។ ពេលកម្លាំងចម្រុះឃាត់រថយន្តបានភ្លាម អ្នកបើកបររថយន្តដែលដឹងខ្លួនក៏បានដាក់សាប៊ូគូទរត់ចោលរថយន្តបាត់ស្រមោលទាំងយប់ ។ ពេលនេះកម្លាំងសមត្ថកិច្ចក៏នាំយករថយន្តទៅកាន់សង្កាត់រដ្ឋបាលព្រៃឈើកំពង់ថ្ម ហើយធ្វើការត្រួតពិនិត្យទៅឃើញឈើគ្រញូងច្រកដាក់ក្នុងបាវក៏ធ្វើការវះបាវនោះយកឈើចេញមកបានចំនួន២២ដុំ ស្មើនឹង០,៣០៣ម៉ែត្រគូបយកមករក្សាទុកទាំងឈើ និងរថយន្តដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ។
លោកសុទ្ធ ម៉ារី មានប្រសាសន៍ដោយសង្កត់ធ្ងន់ថា បច្ចុប្បន្នពិតមែន តែសមត្ថកិច្ចយើងបង្ក្រាបបានជាច្រើនករណីក៏ពិតមែន តែយើងនៅតែមានការលំបាកជាខ្លាំងដោយសារក្រុមឈ្មួញនាំគ្នាលួចដឹកតាមរូបភាពផ្សេងៗដូចជាយករថយន្តទំនើបៗ ប្លែកៗមកដឹកដើម្បីបំភាន់ភ្នែកសមត្ថកិច្ច ។ លោកនិយាយថា ដូចជារថយន្តក្រុង រថយន្តឡិចស៊ីស ឡង់គ្រីស្ស័រ រថយន្តដឹកសាំង រថយន្តពេទ្យ រថយន្តដឹកដី -ដឹកត្រី ។ ល ។ ធ្វើឱ្យសមត្ថកិច្ចមានការពិបាកក្នុងការបង្ក្រាប ។ នៅពេលដែលកម្លាំងសមត្ថកិច្ចស្ទាក់ហៅរថយន្តខុសដោយមានការភាន់ច្រឡំណាមួយនោះ គេព្រមានប្ដឹងប្ដល់មកលើសមត្ថកិច្ចវិញ ។ លោកមេព្រៃនិយាយថា ចំណែករថយន្តធុនធំប្រភេទយីឌុបជាច្រើនដែលដឹកឈើគ្រញូងដែរ តែមានច្បាប់អនុញ្ញាត ដែលភាគច្រើនគឺជារបស់អស់លោកឧកញ៉ានេះ ឧកញ៉ានោះហើយសមត្ថកិច្ចល្មមៗពុំសូវហ៊ានប៉ះពាល់នោះទេ ព្រោះខ្លាចអស់បុណ្យស័ក្ដិ ៕
ចែករំលែកព័តមាននេះ