ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ចិន​មេ​ការ​រោងចក្រ​​បង្ក​កំហុស​​ដោយសារ​ទប់​អារម្មណ៍​ខឹង​មិន​បាន​ ត្រូវបញ្ជូនទៅ​តុលាការ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ស្ត្រី​​​ចិន​មេ​​ការ​រោង​ចក្រ​កាត់ដេរម្នាក់ ដែល​ឆេវ​ឆាវ​​ទប់អារម្មណ៍​​​ខឹង​នឹង​កម្មករ​​មិនបាន ​ចាប់​កន្ត្រាក់​​ហែក​​ចោល​ព្រះ​ឆាយាល័ក្ខណ៍​ព្រះ​មហា​វីរក្សត្រ ហើយ​​ត្រូវ​បាន​កម្មករ​​បះបោរ​​ប្តឹង​​សមត្ថ​កិច្ចនោះ ​ឥឡូវ​​ត្រូវ​បាន​បញ្ជូន​​នាង​ទៅកាន់​សាលា​ដំបូង​​រាជធានីភ្នំពេញ ហើយ​កាលពី​​វេលាម៉ោង​​៨ ​និង​៣០​នាទីព្រឹក ​ថ្ងៃទី​២៣ តុលា ២០១២ ​បន្ទាប់ពីឃាត់ខ្លួន​មួយយប់​នៅ​ស្នងការដ្ឋាន។

រាជធានីភ្នំពេញ ៖ ស្ត្រី​​​ចិន​មេ​​ការ​រោង​ចក្រ​កាត់ដេរម្នាក់ ដែល​ឆេវ​ឆាវ​​ទប់អារម្មណ៍​​​ខឹង​នឹង​កម្មករ​​មិនបាន ​ចាប់​កន្ត្រាក់​​ហែក​​ចោល​ព្រះ​ឆាយាល័ក្ខណ៍​ព្រះ​មហា​វីរក្សត្រ ហើយ​​ត្រូវ​បាន​កម្មករ​​បះបោរ​​ប្តឹង​​សមត្ថ​កិច្ចនោះ ​ឥឡូវ​​ត្រូវ​បាន​បញ្ជូន​​នាង​ទៅកាន់​សាលា​ដំបូង​​រាជធានីភ្នំពេញ ហើយ​កាលពី​​វេលាម៉ោង​​៨ ​និង​៣០​នាទីព្រឹក ​ថ្ងៃទី​២៣ តុលា ២០១២ ​បន្ទាប់ពីឃាត់ខ្លួន​មួយយប់​នៅ​ស្នងការដ្ឋាន។

សូមរំលឹក​ថា កម្មករ កម្មការិនី​​​នៅ​រោង​ចក្រ​​កាត់​ដេរ​ថប​វើល​​​ មាន​ទីតាំង​​ស្ថិត​នៅ​​ភូមិ​ជ្រោយ​អំពិល​ សង្កាត់​ក្បាល​កោះ​ ខណ្ឌ​មាន​ជ័យ​ ប្រមាណ​ជិត​​​១.០០០​នាក់​​​​ បាន​នាំ​គ្នា​ធ្វើ​បាតុ​កម្ម​​​ កាល​ពី​ព្រឹក​ថ្ងៃទី​​​២២ តុលា ​២០១២ ក្នុង​គោល​បំណង​​​ប្រឆាំង​​​មេការ​រោង​ចក្រ​​ជា​ជន​ជាតិ​ចិន​ម្នាក់​ ឈ្មោះ​​វ៉ាង សៀវ​ជីវ ភេទ​ស្រី​ ​អាយុ​៤១​ឆ្នាំ ​​ដែល​បានហែក​ព្រះ​ឆាយា​ល័ក្ខណ៍​​​​ព្រះ​​​បរម​សព​ សម្តេច​ព្រះ​​នរោត្តម​​ សីហនុ​ ខណៈ​ក្រុម​កម្មករ​កំពុង​នាំ​គ្នា​កាន់​ព្រះ​ឆា​យា​ល័ក្ខណ៍​​​ដើម្បី​ចូល​រួម​​រំលែក​​ព្រះមរណ​ទុក្ខ​​ដ៏​ក្រៀម​ក្រំ​​ចំពោះ​​ការ​យាង​ចូល​ទិវង្គត​របស់​ព្រះ​អង្គ​​​ ។​

ជាមួយ​នឹង​សកម្ម​ភាព​​​ខាង​លើ​នេះ​​ សមត្ថកិច្ច​​​ និង​អាជ្ញាធរ​​មូល​ដ្ឋាន​​​ក៏​បាន​ចុះ​ធ្វើការ​ឃាត់​ខ្លួន​​​​​ស្ត្រី​ជា​​មេការ​ជនជាតិ​ចិន​​នោះ​នៅរោងចក្រ​ខាង​លើ​ភ្លាម​ៗ​ដែរ ​ហើយ​ស្ត្រី​​ជា​មេការ​​នេះ​ដោយ​ដឹង​ពី​កំហុស​របស់​ខ្លួន​​ក៏​បាន​អុជ​ធូប​​សុំ​ទោស​​ព្រះ​ឆា​យា​ល័ក្ខណ៍​​​ ​ព្រះ​​មហា​វីរ​ក្សត្រ​​ខ្មែរ​​ នៅ​ចំពោះ​មុខ​កម្មករ​​​​​​ ។ ប៉ុន្តែ​​ក្រុម​​កម្មករ​​នៅ​តែ​មិន​ព្រម​​ចូល​ធ្វើការ​​វិញ​ឡើយ​ គឺ​ពួកគេ​​ទាម​ទារ​​សុំ​ឱ្យ​ស្ត្រី​​មេការ​ជន​ជាតិ​ចិន​​រូប​នេះ​ទៅ​អុជ​ធូប​សុំ​ទោស​​​ព្រះវិញ្ញាណ​ក្ខន្ធ​​ព្រះបរម​សព​​​​ដល់​​ព្រះ​បរម​រាជ​វាំង​​​ទើប​ពួកគេ​ស្ងប់​ចិត្ត​ ។

គួរ​បញ្ជាក់​​ថា​ នេះ​គឺ​ជា​​​កំហុស​ឆ្គង​​របស់​បុគ្គល​ជន​ជាតិ​ចិន​ជា​មេការ​​រោង​ចក្រ​​ម្នាក់​ ដែល​​ឆេវ​ឆាវ​​​មួយ​ពេល​​ទប់អារម្មណ៍​​​មិន​បាន​ ដោយ​សារ​តែ​ខឹង​​ពួក​កម្មករ​​​ខ្វះ​សណ្តាប់ធ្នាប់​​ ឈូឆរមើល​រូបព្រះឆាយាល័ក្ខណ៍​​ ភ្លេច​គិតពីការងារ​ក្នុង​រោងចក្រ​ ក៏ទាញ​​យក​មក​ហែក​ចោល ។ ចំណែក​កម្មករ​ខ្មែរ​ក៏អុីចឹង​ដែរ  មិនគួរ​ជ្រួលច្របល់​មើល​រូប​នេះ រូបនោះតាម​អំពើ​ចិត្ត​​​​ មិន​គោរព​​​វិន័យ បទបញ្ជា​​ផ្ទៃ​ក្នុង​របស់​រោង​ចក្រ​នោះទេ ​ព្រោះ​កម្មករ​​ធ្វើការ​ឱ្យ​រោង​ចក្រ​ត្រូវ​គោរព​វិន័យ​រោងចក្រ ។

នៅ​​ព្រឹក​ថ្ងៃ​ទី២២ តុលា ២០១២ នោះដែរ លោក​ជួន​ សុវណ្ណ​ ស្នង​ការ​នគរ​បាល​​រាជ​ធានី​​ភ្នំពេញ​​​សហការ​ជាមួយ​​អាជ្ញាធរ​​មូ​ល​ដ្ឋាន​​​​ ដឹក​នាំ​ដោយ​លោក​​​គួច​ ចំរើន​ បាន​នាំ​ខ្លួន​ស្ត្រី​មេការ​ជន​ជាតិ​ចិន​​ឈ្មោះ​វ៉ាង សៀវជីវ​ ទៅ​កាន់​​ស្នងការ​ដ្ឋាន​​នគរ​បាល​​រាជ​ធានី​ភ្នំពេញ​​​​ដើម្បី​ធ្វើការ​​សាកសួរ​​តែ​ពុំ​ទាន់​​ដឹង​ថា សមត្ថ​កិច្ច​​ចាត់​ការ​យ៉ាង​ណា​​នៅ​ឡើយ​ទេ ក្នុង​ការ​រំលត់​កំហឹង​កម្មករ​​ដោយ​សារ​តែ​​ការ​ហែក​​ព្រះ​ឆាយាល័ក្ខណ៍​​បែប​នេះ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕