រាជធានីភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ក្រោយពីត្រូវជនសង្ស័យប្រដាប់អាវុធ២នាក់បាញ់ប្លន់យកម៉ូតូ កាលពីវេលាម៉ោង៧និង៥៥នាទីយប់ថ្ងៃទី១២ សីហា នៅតាមមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជិតច្រកចូលអធិការដ្ឋានខណ្ឌ ។ សកម្មភាពបាញ់ប្លន់នេះបានកើតឡើង ខណៈបុរសរូបនោះផឹកស្រាស្រវឹងហើយជិះម៉ូតូឌុបមិត្តភក្តិត្រឡប់ទៅផ្ទះវិញដល់ចំណុចខាងលើក៏ឈប់ម៉ូតូដើរទៅបត់ជើងតូចនៅជិតរបងផ្ទះប្រជាពលរដ្ឋក៏ត្រូវជនសង្ស័យ២នាក់ប្រដាប់ដោយកាំភ្លើងមួយដើមបាញ់ប្រហារបណ្តាលឱ្យរងរបួសធ្ងន់ប្លន់យកម៉ូតូសេ១២៥បានសម្រេច រួចជិះរត់គេចខ្លួនបាត់ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចឱ្យដឹងថា បុរសរងគ្រោះខាងលើនេះឈ្មោះ មួង ធីវុធ អាយុ២៧ឆ្នាំ ជាបុគ្គលិកនៅហាងខារ៉ាអូខេបុប្ផាជាយដែន ស្នាក់នៅជិតចំណុចកើតហេតុ ចំណែកម៉ូតូដែលចោរប្លន់យកទៅបាត់នោះធុនសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១២ ពាក់ស្លាកលេខ1BL-1537 ។ សាក្សីដែលឃើញហេតុការណ៍ក៏ដូចជាសមត្ថកិច្ចដែលចុះដល់កន្លែងកើតហេតុឱ្យដឹងថា ក្រុមចោរ២នាក់នោះស្លៀកពាក់ស៊ីវិលប្រដាប់ដោយកាំភ្លើងខ្លីមួយដើមដើរមកជិតជនរងគ្រោះហើយធ្វើសកម្មភាពបាញ់មួយគ្រាប់ចំដើមទ្រូង បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់រួចប្លន់យកម៉ូតូជិះគេចខ្លួនទៅបាត់តែម្តង ។
បន្ទាប់ពីកើតហេតុភ្លាមៗនោះ កម្លាំងកងរាជអាវុធហត្ថ និងសមត្ថកិច្ចនគរបាលខណ្ឌចំការមន បានចុះដល់កន្លែងកើតហេតុ និងហៅរថយន្តសង្គ្រោះមកដឹកបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ។ ទាក់ទិននឹងហេតុការណ៍ខាងលើនេះ សមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថបានធ្វើការសាកសួរជនរងគ្រោះដើម្បីកំណត់មុខសញ្ញាតាមចាប់ខ្លួនជនល្មើសយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។
នេះជាអំពើប្លន់ដ៏សាហាវ ដែលក្រុមចោរមិនត្រឹមតែភ្ជង់គំរាមយកម៉ូតូនោះទេ គឺថែមទាំងបាញ់ប្លន់យកម៉ូតូដូចបាញ់ចាប ។ ឆ្លងតាមហេតុការណ៍ខាងលើនេះ អ្នកប្រើប្រាស់ម៉ូតូស៊េរីទំនើបពុំគប្បីប្រថុយជិះធ្វើដំណើរនៅពេលយប់នោះទេ ល្គឹកណាមានគ្នាច្រើននាក់ ។ អំពើប្លន់បាញ់មនុស្សដូចបាញ់ចាបនេះ ពិតជាគួរឱ្យភ័យខ្លាចបំផុត ៕
ចែករំលែកព័តមាននេះ