ខេត្តពោធិ៍សាត់ ៖ រថយន្តស៊េរីទំនើបមួយគ្រឿងដែលលួចដឹកឈើប្រណីតខុសច្បាប់ត្រូវសមត្ថកិច្ចស្ទាក់ចាប់បានកាលពីថ្ងៃទី៥ សីហា វេលាម៉ោង១១យប់ត្រង់ចំណុចភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ។ លោកវរសេនីយ៍ត្រី ខូយ កុសល នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តឱ្យដឹងថា រថយន្តដឹកឈើប្រណីតខុសច្បាប់នេះម៉ាកតូយ៉ូតា TUNDRA ពណ៌ខ្មៅ គ្មានស្លាកលេខ ។
នៅយប់នោះបន្ទាប់ពីទទួលបានព័ត៌មានពីភ្នាក់ងារភ្លាម កម្លាំងនគរបាលប្រឆាំងបទ ល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តពោធិ៍សាត់ បានស្ទាក់ចាប់រថយន្តស៊េរីទំនើបខាងលើនេះនៅចំណុចភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខណៈកំពុងធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងទិសដៅពីលិចទៅកើត ។ នៅពេលសមត្ថកិច្ចស្ទាក់ភ្លាមអ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានឈប់រថយន្តហើយរត់គេចខ្លួនបាត់នៅសល់អ្នករួមដំណើរម្នាក់ក៏ត្រូវបានចាប់វាយខ្នោះយកទាំងរថយន្ត និងមនុស្សមកកាន់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ។
អ្នករួមដំណើរដែលឃាត់ខ្លួននោះបានប្រាប់ថា ខ្លួនឈ្មោះយុន ស៊ីម ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល ។ ខ្លួនទើបតែស្គាល់អ្នកបើកបររថយន្ត៣ថ្ងៃប៉ុណ្ណោះ តែមិនស្គាល់ឈ្មោះទេ ។ នៅថ្ងៃទី៥ សីហា ជននោះបានបបួលខ្លួនឱ្យជិះរថយន្តមកជាមួយចាំគេឱ្យលុយ១០ទៅ២០ម៉ឺនរៀល ចាយ ។ ដោយសារខ្លួនទំនេរ ក៏យល់ព្រមជិះរថយន្តមកជាមួយពីស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ លុះមកដល់ខេត្តពោធិ៍សាត់ ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់តែម្តង ។
នៅព្រឹកថ្ងៃទី៦ សីហា សមត្ថកិច្ចបានទម្លាក់ឈើរាប់ចំនួនសរុបមានចំនួន៤៣កំណាត់ស្មើនឹង១,៧៤៤ម៉ែត្រគូប ជាប្រភេទឈើគ្រញូង ហើយបានធ្វើពិធីប្រគល់ទៅឱ្យខាងខណ្ឌរដ្ឋបាលព្រៃឈើក្នុងឱកាសនោះដើម្បីទុកជាសម្បត្តិរដ្ឋ ។ ចំណែកអ្នករួមដំណើរដែលឃាត់ខ្លួនត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ។ សូមបញ្ជាក់ថា រថយន្តស៊េរីទំនើបម៉ាកតូយ៉ូតា TUNDRA នោះមិនមែនទើបតែដឹកម្តង ឬពីរដងនោះទេ គឺរាប់មិនអស់ទៅហើយ ព្រោះខាងក្នុងគេបានកែច្នៃសម្រាប់ដឹកឈើតែម្តង ។
សព្វថ្ងៃនេះគេមិនសូវប្រើរថយន្តកាមរីតូចៗដឹកឈើប្រណីតដូចមុនទេ គឺគេប្រើរថយន្តស៊េរីទំនើបមានតម្លៃថ្លៃដើម្បីបន្លំភ្នែកសមត្ថកិច្ច ហើយគេមិនសូវចាប់អារម្មណ៍ផង ជាក់ស្តែងរថយន្ត TUNDRA នេះបើគ្មានភ្នាក់ងាររាយការណ៍ច្បាស់ទេ ក៏ចាប់មិនបានដែរ ៕
ចែករំលែកព័តមាននេះ