រាជធានីភ្នំពេញ ៖ និស្សិតវិទ្យាស្ថានវ៉ាន់ដា គណនេយ្យម្នាក់បានបាក់ជើងខាងស្តាំក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តក្រុង និងម៉ូតូនៅចំណុចកែងផ្លូវលេខ៥១ និង២២៨ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី១៨ កក្កដា ២០១២ ។
សាក្សីដែលឃើញហេតុការណ៍បានឱ្យដឹងថា នៅវេលាម៉ោងជាង៦ព្រឹកថ្ងៃខាងលើ គាត់បានឃើញនារីម្នាក់ជិះម៉ូតូម៉ាកគុបជ្រុងពណ៌ទឹកប៊ិច បើកតាមបណ្តោយផ្លូវលេខ២២៨ ឆ្ពោះទៅទិសខាងលិច លុះមកដល់កែងផ្លូវលេខ៥១ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ស្រាប់តែមានរថយន្តក្រុងមួយគ្រឿងបើកក្នុងល្បឿនលឿនពីទិសខាងជើងទៅត្បូង ។ ពេលដែលវាក់អើជាមួយនឹងរថយន្តក្រុងនោះនាងបានជាន់ហ្វ្រាំងទាំងបង្ខំធ្វើឱ្យម៉ូតូជ្រុលទៅបុកជញ្ជាំងរថយន្ត បណ្តាលឱ្យដួលហើយជើងខាងស្តាំរបស់នាងក៏ត្រូវកង់រថយន្តកិនពីលើ បណ្តាលឱ្យបាក់តែម្តង។ ខណៈពេលនោះរថយន្តក្រុងព្យាយាមបើករត់តែត្រូវបានប្រជាពលរដ្ឋឃើញហេតុការណ៍នាំគ្នាដេញតាម និងឃាត់រថយន្តប្រគល់ឱ្យនគរបាល ។
នារីរងគ្រោះមានឈ្មោះតិប បុប្ផា អាយុ១៩ឆ្នាំ ជានិស្សិតវិទ្យាស្ថានវ៉ាន់ដាគណនេយ្យមានស្រុកកំណើតភូមិខ្នាចរមាស ឃុំនរាយ ស្រុកឈូក ខេត្តកំពត ស្នាក់នៅជាមួយបងប្អូនក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ