រាជធានីភ្នំពេញ ៖ រថយន្តហ៊ីយ៉ាន់ដាយចំណុះ៥តោនមួយគ្រឿង បានដាច់កាប៉ែនជាន់ហ្វ្រាំងអត់ស៊ីជ្រុលទៅបុករះគូទរថយន្តស្តារិកក្រពឹតគូទ រួចជ្រុលទៅបុករថយន្តកូរ៉េចំណុះមួយតោនកន្លះដាច់ទ្វារចំហៀងខាងស្តាំ ហើយបន្តបុកគូទរថយន្តក្រុង២៥កៅអីបណ្តាលឱ្យក្រពឹតកាងក្រោយ កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី៦ កក្កដា លើកំណាត់ផ្លូវលេខ២៧១កែងផ្លូវលេខ៣៧១ ទល់មុខគ្លីនិកបញ្ញាសក្តិ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
ប្រភពព័ត៌មានបានឱ្យដឹងថា រថយន្តហ៊ីយ៉ាន់ដាយចំណុះ៥តោន ពណ៌សមួយគ្រឿងជិះគ្នា៣នាក់ ដឹកក្រដាសកាតុងពេញរថយន្តតាមផ្លូវលេខ៣៧១ ពីជើងទៅត្បូង ខណៈមកដល់ចំណុចផ្លូវកែងមានជង្ហុក រថយន្តបើកវាង ក៏ដាច់កាប៉ែនជាន់ហ្វ្រាំងអត់ស៊ីទៅបុកគូទរថយន្តស្តារិក ពណ៌ស្លែ បណ្តាលឱ្យក្រពឹតគូទ ហើយជ្រុលទៅបុករថយន្តកូរ៉េចំណុះមួយតោនកន្លះ ពណ៌ស ដែលចតនៅមុខផ្ទះលក់គ្រឿងសំណង់ បណ្តាលឱ្យដាច់ទ្វារចំហៀងខាងស្តាំ រុញផ្ទប់រថយន្តកូរ៉េនោះទៅបុកមុខផ្ទះបោះពុម្ព និងឆ្លាក់ត្រាខូចស្លាកយីហោមួយផ្ទាំង ព្រមទាំងធ្វើឱ្យដួលកង់ និងម៉ូតូពីរគ្រឿងទៀត ហើយរថយន្តហ៊ីយ៉ាន់ដាយនោះនៅមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកគូទរថយន្តក្រុង២៥កៅអី ពណ៌ពងមាន់មួយគ្រឿងទៀតដែលដឹកបុគ្គលិកណាហ្គាវើលបណ្តាលឱ្យក្រពឹតគូទ។
អ្នកបើករថយន្តហ៊ីយ៉ាន់ដាយឈ្មោះប៊ុន ញ៉ ភេទប្រុស អាយុ៤៩ឆ្នាំ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ម្ចាស់រថយន្តស្តារិកឈ្មោះសូ ធឿន ភេទប្រុស អាយុ៣៨ឆ្នាំ ទទួលសំណងចំនួន២៥០ដុល្លារ ។ ចំណែករថយន្តកូរ៉េបានសំណង៤០០ដុល្លារ និងសងថ្លៃខូចខាតស្លាកយីហោ២៥ដុល្លារ ។ ដោយឡែកអ្នកបើករថយន្តក្រុងឈ្មោះឡេង ឡាយ ភេទប្រុស អាយុ៣៧ឆ្នាំ ទទួលសំណងចំនួន៦០ដុល្លារ ។បន្ទាប់ពីសងសំណងរួចរាល់ហើយរថយន្តខូចខាតទាំងអស់បានបើកចេញពីចំណុចកើតហេតុយកទៅជួសជុលរៀងខ្លួន ៕
ចែករំលែកព័តមាននេះ