ខេត្តកំពង់ចាម ៖ លោកឧត្តមសេនីយ៍ត្រី ឆាយ គឹមសុន ស្នងការនគរបាលខេត្ត បានពង្រាយកម្លាំងកងអន្តរាគមន៍សហការជាមួយនគរបាលស្រុកត្បូងឃ្មុំ តាមប្រមាញ់មុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្មម្នាក់ឈ្មោះ គង់ សារ៉ា ភេទប្រុស អាយុ៥២ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ដែលព្យាយាមគេចខ្លួន ។
ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី២៩ មិថុនា នៅភូមិទួលវិហារ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ដោយដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីនទឹកកកចំនួន២០០ក្រាម ជញ្ជីងថ្លឹង១ ទូរស័ព្ទដៃ ២គ្រឿង និងរថយន្តបាឡែន ពណ៌ខ្មៅ ១គ្រឿង ប្រគល់ឱ្យទៅមន្ទីរប្រឆាំងគ្រឿងញឿនក្រសួងមហាផ្ទៃទាំងយប់ ។
លោកវរសេនីយ៍ឯក ជឹម សេងហុង ស្នងការរងនគរបាលខេត្តទទួលផែនយុត្តិធម៌ មានប្រសាសន៍ឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានថា មានជនម្នាក់ដែលសកម្មខាងជួញដូរគ្រឿងញៀនបើករថយន្តបាឡែនមួយគ្រឿងចេញពីចំណុចផ្សារចាស់ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចូលមកទឹកដីខេត្តកំពង់ចាម លោកស្នងការនគរបាលខេត្ត ក៏ចេញបញ្ជាឱ្យរៀបចំពង្រាយកម្លាំងចាំស្ទាក់នៅតាមដងផ្លូវជាតិលេខ៦ ក្នុងភូមិសាស្រ្ត ស្រុកបាធាយ ។ ជាមួយនេះ ក៏បានទទួលព័ត៌មានទៀតថា ជនសង្ស័យឈ្មោះ សារ៉ា បានបើករថយន្តរត់គេចឆ្លងស្ពានព្រែកតាមាក់ ចូលមកស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងបានបុកប្រជាពលរដ្ឋស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់ ។ ពេលនោះមុខសញ្ញាមិនបានឈប់រថយន្តទេ គឺកាន់តែបន្ថែមល្បឿនបន្តទៅមុខទៀត ហើយត្រូវកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បើករថយន្តដេញតាមពីក្រោយយ៉ាងប្រកៀកប្រកិត ។
លោកស្នងការរងបន្តថា ក្នុងការតាមប្រមាញ់នោះ ទោះបីជាមានលើកសញ្ញាឱ្យឈប់ក៏ដោយ ក៏ជនសង្ស័យមិនព្រមឈប់ទេ លុះពេលបើកមកដល់ស្រុកអូររាំងឪ កម្លាំងនគរបាលស្រុកអូររាំងឪ បានដាក់បារ៉ាស់ក៏ត្រូវជននេះ បើកបំបុកបន្តដំណើរទៅមុខទៀតដែរ ។ សកម្មភាពតាមប្រមាញ់ក៏ចេះតែបន្តរហូតដល់ភូមិទួលវិហារ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ដែលលោកស្នងការដាក់បារ៉ាស់រឹងមាំទើបចាប់បាន ។
លោកឧត្តមសេនីយ៍ត្រី ឆាយ គឹមសុន មានប្រសាសន៍ឱ្យដឹងថា ជនសង្ស័យឈ្មោះ គង់ សារ៉ា ក្រោយពីនាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ក៏ប្រគល់ឱ្យទៅមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃទាំងយប់ ព្រោះជារឿងហេតុដែលកើតនៅរាជធានីភ្នំពេញ ។ ជននេះត្រូវមានទោសដល់ទៅពីរករណី គឺ១-បង្កគ្រោះថ្នាក់ចរាចរណ៍ធ្វើឱ្យមនុស្សស្លាប់ និង២-បទជួញដូរគ្រឿងញៀន៕
ចែករំលែកព័តមាននេះ