ក្រុងប៉ោយប៉ែត ៖ នារីរូបស្រស់៣នាក់បានក្លាយទៅជាអ្នកជាប់ចោទពីបទសមគំនិតលួចរថយន្តកាមរីសេ៊រីឆ្នាំ២០០៨មួយគ្រឿង ខណៈពេលចាញ់បោកពួកប្រុសព្រានដែលមានបំណងនាំពួកនាងចូលផ្ទះសំណាក់ តែចៃដន្យរថយន្តបើកបុករបាំងស្ពានបណ្តាលឱ្យខូចទាំងរថយន្តនិងរងរបួស ហើយត្រូវបានមន្ទីរសាធារណការខេត្តចាប់រថយន្តទុកប្តឹងឱ្យសងថ្លៃខូចខាតបង្កាន់ដៃស្ពាន ។
ស្ត្រីទាំង៣នាក់នេះរួមមាន ១- ឈ្មោះណុប ស្រីល័ក្ខណ៍ អាយុ២៥ឆ្នាំ ជាជាងអ៊ុតសក់ ២- ឈ្មោះគឹម សួរ អាយុ១៧ឆ្នាំ និង៣- ឈ្មោះយ៉ា ម៉ាគា អាយុ២១ឆ្នាំ ២នាក់ក្រោយនេះជាបុគ្គលិកកាស៊ីណូហ្គោលឌិនក្រោន រស់នៅក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ ពួកនាងបានរៀបរាប់ថា កាលពីថ្ងៃទី២១ ឧសភា ពួកនាងបានទៅចូលរួមក្នុងកម្មវិធីខួបកំណើតរបស់មិត្តភក្តិនៅក្នុងក្លឹបឌីស្កូថេកដោន លុះដល់វេលាម៉ោងជិត២រំលងអធ្រាត្រឈានចូលថ្ងៃទី២២ ឧសភា ពួកនាងបានចេញពីកម្មវិធីហើយជួបនឹងឈ្មោះដា ព្រមទាំងគូកនរបស់គេ២នាក់ទៀតនៅក្នុងរថយន្តស្រែកហៅពួកនាងព្រមទាំងធានាថា ជូនទៅផ្ទះព្រោះយប់ជ្រៅណាស់ហើយ ។
នារីទាំងនេះបានរៀបរាប់ទៀតថា ដោយសារយល់ថា ជាអ្នកភូមិជាមួយគ្នានិងមានផ្ទះនៅជិតគ្នា ពួកនាងក៏ព្រមឡើងជិះទៅជាមួយពួកគេ ស្រាប់តែធ្វើដំណើរបានពាក់កណ្តាលផ្លូវឈ្មោះដា បែរជាបើករថយន្តពង្វាងផ្លូវដោយបង្ហួសទៅទីរួមខេត្តបន្ទាយមានជ័យ ក្នុងល្បឿនយ៉ាងលឿនមិនព្រមឈប់សោះក្នុងបំណងអាក្រក់ ទោះបីជាពួកនាងខំស្រែកយ៉ាងណាក៏ដោយក៏គេមិនឈប់ដែរ ។ លុះដល់ចំណុចផ្លូវកោងស្ពានទឹកថ្លា រថយន្តក៏ជ្រុលចង្កូតទៅបុកបង្កាន់ដៃស្ពានក្រឡាប់ខូចខាតយ៉ាងដំណំ ក្នុងនោះនារីឈ្មោះស្រីល័ក្ខណ៍ ក៏រងរបួសដែរ ។
ក្រោយពីកើតហេតុ ក្រុមជនទាំងនេះបានហៅរថយន្តសន្ទូចមកស្ទូចយករថយន្តទាំងយប់ ព្រមទាំងដឹកជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅក្រុងប៉ោយប៉ែត ចំណែកម្ចាស់រថយន្តត្រូវបានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តចាប់ឱ្យសងថ្លៃខូចខាតបង្កាន់ដៃស្ពានទៀតផង ។ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ស្ត្រីទាំង៣នាក់ត្រូវបានសមត្ថកិច្ចក្រុងប៉ោយប៉ែតកោះហៅឱ្យចូលខ្លួនទៅបំភ្លឺក្នុងករណីជាប់ចោទពីបទសមគំនិតលួចរថយន្តម៉ាកកាមរី ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ១គ្រឿងយកទៅលក់ ដោយអ្នកប្តឹងឈ្មោះវុធ ត្រូវជាបងប្រុសបង្កើតរបស់ជនឈ្មោះដា ។
ជុំវិញបញ្ហាខាងលើនេះ លោកអ៊ុំ សុផល អធិការនគរបាលក្រុងប៉ោយប៉ែតប្រាប់ថា លោកគ្រាន់តែកោះហៅស្ត្រីទាំង៣នាក់មកធ្វើការសាកសួរប៉ុណ្ណោះ ដោយយោងតាមពាក្យបណ្តឹងដែលគេបានប្តឹង ។ លោកបន្តថា បើសាកសួរហើយមិនមានការពាក់ព័ន្ធទេ លោកនឹងឱ្យពួកនាងត្រឡប់ទៅវិញដោយរង់ចាំដោះស្រាយនៅពេលក្រោយទៀត ៕
ចែករំលែកព័តមាននេះ