ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មជ្ឈ​មណ្ឌល​​អប់​រំ​ពី​​ចម្ងាយ​​ដំ​បូង​​​បង្អស់​​នៅ​ប្រទេស​កម្ពុជា​

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​​ ៖ ទីភ្នាក់ងារ​សហ​ប្រតិ​បត្ដិ​ការ​​អន្ដរជាតិ​កូរ៉េ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​កូយ​កា នឹង​ប្រគល់​មជ្ឈមណ្ឌល​អប់រំពី​ចម្ងាយ
(e-Leaning Center) ជូន​កម្ពុជា នា​ថ្ងៃ​ទី​០៤ ឧសភា ឆ្នាំ​២០១២ នៅ​វិទ្យាស្ថានបច្ចេកវិទ្យា​កម្ពុជា ក្នុង​ពិធី​ដែល​នឹង​ប្រារព្ធ​ឡើង​

រាជ​ធានី​ភ្នំ​ពេញ​​ ៖ ទីភ្នាក់ងារ​សហ​ប្រតិ​បត្ដិ​ការ​​អន្ដរជាតិ​កូរ៉េ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​កូយ​កា នឹង​ប្រគល់​មជ្ឈមណ្ឌល​អប់រំពី​ចម្ងាយ
(e-Leaning Center) ជូន​កម្ពុជា នា​ថ្ងៃ​ទី​០៤  ឧសភា ឆ្នាំ​២០១២ នៅ​វិទ្យាស្ថានបច្ចេកវិទ្យា​កម្ពុជា ក្នុង​ពិធី​ដែល​នឹង​ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាពលោក​ អឹុម សិ​ទ្ធី រដ្ឋមន្ដ្រី​ក្រសួងអប់​រំ​​ យុវជន និង​កីឡា និង​លោក​ គី​ម ហាន​ស៊ូ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា​ ។

មជ្ឈមណ្ឌល​អប់រំ​ពី​ចម្ងាយ​នេះ ជា​សមិទ្ធ​ផល​មួយ​ក្នុង​ចំណោម​សមិទ្ធផល​ជា​ច្រើននៃ​គម្រោង​តម្លៃ​១​លានដុល្លារ ដែល​មានឈ្មោះ​ថា ការ​ពង្រឹងសមត្ថភាព​អប់រំ​ពី​ចម្ងាយ​ដល់​ប្រទេស​កម្ពុជា សម្រាប់​អាស៊ាន​សាយ​ប៊ឺ​យូ​នី វឺ​ស៊ី​ធី ដែល​ត្រូវ​បាន​គាំទ្រ​ថវិកា​ដោយ​រដ្ឋាភិ​បាល​កូរ៉េ តាម​រយៈ​កូយ​កា​ប្រចាំ​នៅ​កម្ពុជា សម្រាប់​រយៈ​ពេល​​៣​ឆ្នាំ ពីឆ្នាំ​​២០១០ ដល់​២០១២ ដោយ​រាប់​បញ្ចូល​ទាំង​ដំណាក់កាល​សិក្សា​លទ្ធភាព​ផង​ដែរ​។

គម្រោង​នេះ ត្រូវ​បាន​អនុវត្ដ​ស្រប​ពេល​ជា​មួយ​គ្នា​ជាមួយ​គម្រោង៣​ផ្សេង​ទៀតក្នុង​ប្រទេស​ឡាវ ភូមា និង​វៀតណាម ដើម្បី​សម្រេច​ឱ្យបាន​គោលដៅ​ចំនួន​ពីរ​ ។ ទី​មួយ ដើម្បី​កសាង​សមត្ថ​ភាព​ធនធានមនុស្ស​របស់ប្រទេស​កម្ពុជា តាម​រយៈ​សាកលវិទ្យាល័យ​សាយ​ប៊ឺអាស៊ាន ដោយ​បង្កើត​មជ្ឈមណ្ឌល​អប់រំ​ពី​ចម្ងាយ​នៅ​វិទ្យាស្ថាន បច្ចេកវិទ្យា​កម្ពុជា និង​ដោយ​ផ្ទេរ​ចំណេះដឹង និង​បទ​ពិសោធន៍​របស់​កូរ៉េ​ ។ ទី​ពីរ ដើម្បី​រួមចំណែក​កាត់​បន្ថយ​ភាព​ខុសគ្នា​នៃ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល និង​ពង្រីក​កិច្ច​សហប្រតិបត្ដិកា​រលើ​វិស័យ​ព័ត៌មាន​វិទ្យា​ និង​បច្ចេកវិទ្យា​ទំនាក់ទំនង​ក្នុងចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន​ ។

លើស​ពី​មជ្ឈមណ្ឌល​អប់រំ​ពី​ចម្ងាយ​នេះ គម្រោង​នេះ​ក៏​ផ្ដល់​អោយ​មន្ដ្រី​មក​ពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា និង​ក្រសួង​អប់រំ​ផង​ដែរនូវ​ការ​គាំទ្រ​ផ្សេង​ៗ​ទៀត ដើម្បី​ធានា​ថា​ពួក​គេ​អាច​បន្ដ​គ្រប់គ្រង​មជ្ឈមណ្ឌល​នេះ​បាន បន្ទាប់​ពី​គម្រោង​ចប់​ទៅ​ ។ ការ​គាំទ្រ​ទាំងនោះ​រួម​មាន ការ​បង្កើត​ប្រព័ន្ធ​គ្រប់គ្រង​ការ​សិក្សា កម្មវិធី​សិក្សា និង​សមាសធាតុ​នៃ​ការ​អប់រំ​ពី​ចម្ងាយ និង​ការ​ពង្រឹង​សមត្ថភាព តាម​រយៈ​ការ​អញ្ជើញ​មន្ដ្រី​កម្ពុជា ទៅ​ចូលរួម​វគ្គបណ្ដុះបណ្ដាល​នៅ​ប្រទេស​កូរ៉េ​ ។

គម្រោង​នេះ​គឺជា​ជំហាន​ទី​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង ដែល​នាំមុខ​ដោយ​រដ្ឋាភិបាល​កូរ៉េ ឆ្ពោះទៅ​កាន់គំនិត​ផ្ដួចផ្ដើម​ដើម្បី​សមា​ហរ​ណ​កម្ម​អាស៊ាន តាម​រយៈ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ និង​ធនធានមនុស្ស ផ្នែក​ព័ត៌មានវិទ្យា និង​បច្ចេក​វិទ្យា​ ទំនាក់ទំនងនៃ​ប្រទេស CLMV ពោល​គឺ កម្ពុជា ឡាវ ភូមា និង​វៀតណាម ដើម្បី​អោយ​ប្រទេស​ទាំងនេះ​អាច​ដើរ​ទាន់​បណ្ដាប្រទេស​ជា​សមាជិក​អាស៊ាន​ផ្សេង​ៗ​ទៀត និង​ចូលរួម​ជា​មួយ​​សាកលវិទ្យាល័យ​សាយ​ប៊ឺ​អាស៊ាន​-​កូរ៉េ ដែល​​ត្រូវ​បានស្នើ​ឱ្យ​បង្កើត​ឡើង​កាលពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​កូរ៉េ​ខែមិថុនា​ឆ្នាំ​២០០៩​ ។ 

ប្រសិន​បើ​គម្រោង​ទី​មួយ​នេះទទួល​បាន​ជោគ​ជ័យ សាកលវិទ្យាល័យ​សាយ​ប៊ឺ​អាស៊ាន​-​កូរ៉េ នឹង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​កា​រត​ភ្ជាប់​បណ្ដា​ប្រទេសជា​សមាជិក​អាស៊ាន ជាមួយ​សាធារណ​រដ្ឋ​​កូរ៉េ ក្នុង​ការងារ​អប់រំ​ពី​ចម្ងាយ ដោយ​ផ្ដោត​ទៅ​លើ​ការ​អភិវឌ្ឍ​ធនធានមនុស្ស និង​វិស័យ​អប់រំ​នៅ​ក្នុង​តំបន់​ ៕