ខេត្តឧត្តរមានជ័យ ៖ មានសេចក្តីរាយការណ៍ឱ្យដឹងថា ច្រករបៀងជប់គគីរដែលស្ថិតនៅក្នុងភូមិជប់គគីរ ឃុំអំពិល ស្រុកបន្ទាយអំពិល ត្រូវបានក្រុមទាហានសៀមព្រមានបិទមិនឱ្យពលរដ្ឋខ្មែរនាំមុខទំនិញចូលទៅលក់ដោយចោទថា ប្រជាពលរដ្ឋខ្មែរធ្វើចម្ការដាំដំឡូងមីនៅក្បែរបន្ទាត់ព្រំដែនដែលជាចំណុចមិនច្បាស់លាស់ ។ ការព្រមាននេះបានធ្វើឡើងកាលពីថ្ងៃទី២៥ មេសា ពេលជួបគ្នាជាមួយលោកមេប៉ុស្តិ៍ជប់គគីរ ។
ទោះបីជាបែបណា ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិជប់គគីរបានរៀបរាប់ឱ្យកោះសន្តិភាពដឹងថា ពួកគាត់បានរស់នៅក្បែរបន្ទាត់ព្រំដែនកម្ពុជា-ថៃនេះយូរមកហើយ និងមានដីចម្ការនៅក្បែរព្រំដែនផងដែរ ។ ពួកគាត់តែងប្រកបរបរនេះជារៀងរាល់ឆ្នាំពុំដែលខកខានឡើយ ស្រាប់តែពេលនេះ ក្រុមទាហានសៀមបានមកហាមឃាត់ និងឱ្យពួកគាត់ដកដំឡូងចោលវិញ ដោយសំអាងថា ជាកន្លែងមិនទាន់កំណត់ច្បាស់លាស់ពីព្រំដែននៅឡើយ ។
លោកអនុសេនីយ៍ឯក ខាត់ សុខឿន មេប៉ុស្តិ៍ ជប់គគីររបស់វរការពារព្រំដែនគោកលេខ៧០២ បានឱ្យកោះសន្តិភាពដឹងថា កាលពីថ្ងៃទី២៥ មេសា លោកបានជួបគ្នាជាមួយក្រុមទាហានថៃ ហើយទាហានថៃបាននិយាយថា សុំឱ្យប្រជាពលរដ្ឋរបស់លោកដកដំឡូងដែលដាំនេះចោលវិញ ព្រោះចូលដល់តំបន់ហាមឃាត់ បើមិនដកទេពួកគេនឹងបិទច្រកទ្វារមិនឱ្យនាំទំនិញចេញ-ចូល ។ ពេលនោះលោកបានតបទៅក្រុមទាហានថៃវិញថា លោកមិនហ៊ានសម្រេចទេ បើចង់ដកដំឡូងមីប្រជាពលរដ្ឋខ្មែរ ទាល់តែលោកទទួលបទបញ្ជាពីមេអង្គភាពសិនទើបអាចដកបាន តែមកដល់ពេលនេះមិនទាន់បានដកនោះទេ ។ លោកបានបញ្ជាក់ថា នៅពេលលោកចុះទៅពិនិត្យនៅកន្លែងដីចម្ការនោះ គឺប្រជាពលរដ្ឋបានធ្វើចម្ការចាស់ដដែលគ្រាន់តែឃើញមានពង្រីក៥ទៅ១០ម៉ែត្រប៉ុណ្ណោះ តែមិនបានប៉ះពាល់ទៅដល់ដីថៃនោះទេ ។
លោក ចាប ផាត អភិបាលស្រុកបន្ទាយអំពិល បានឱ្យកោះសន្តិភាពដឹងថា ប្រជាពលរដ្ឋរបស់លោកបានប្រកបរបរធ្វើចម្ការនេះជារៀងរាល់ឆ្នាំមិនដែលខកខានឡើយ ហើយមិនបានចូលបំពានដល់ទឹកដីថៃនោះទេ គឺក្រុមទាហានថៃចេះតែមានល្បិចកលគ្រប់បែបយ៉ាងមិនឈប់ឈរ អស់ពីបញ្ហានេះ បញ្ហានោះ ៕
ចែករំលែកព័តមាននេះ