ខេត្តសៀមរាប ៖ការប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ ដែលហៅកាត់ថា RBC លើកទី២០ បានធ្វើនៅសណ្ឋាគារអង្គរស៊ិន ជូរី ក្នុងក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃ២៦ដល់២៨ មីនា ។ ក្រុមលេខាភាគីកម្ពុជាដឹកនាំ ដោយលោកឧត្តមសេនីយ៍ទោឯក សំអូន ទីប្រឹក្សាសម្តេចតេជោហ៊ុន សែន មេបញ្ជាការរងនិងជានាយសេនាធិការយោធភូមិភាគទី៥ ឯខាងភាគីថៃដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីស៊ូផាវ៉ាត់ ឈើតថាំ នាយសេនាធិការកងទ័ពភូមិភាគទី១ថៃ ។ ការប្រជុំគណៈកម្មាធិការព្រំដែននៅថ្ងៃទី២៧ ដល់២៨ មីនានេះដឹកនាំដោយលោកឧត្តមសេនីយ៍ឯកប៊ុន សេង ទីប្រឹក្សាផ្ទាល់សម្តេចតេជោហ៊ុន សែន ជាមេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ ឯភាគីថៃជាសហប្រធានដឹកនាំដោយលោកឧត្តមសេនីយ៍ទោឧដុមដេត ស៊ីតាប៊ុត មេបញ្ជាការកងទ័ពភូមិភាគទី១ថៃ ដោយមានសមាជិកសរុបប្រមាណ១២០នាក់ ។
លោកឧត្តមសេនីយ៍ទោឯក សំអូន និងលោកឧត្តមសេនីយ៍ត្រីស៊ូផាវ៉ាត់ ឈើតថាំ បានពិនិត្យរាល់សំណើបន្ថែមដែលគ្រប់ស្ថាប័នពាក់ព័ន្ធទាំងពីរភាគីដាក់ជូនសហប្រធានគណៈកម្មាធិការព្រំដែននិងយកលទ្ធផលល្អដែលទទួលបានពីការប្រជុំលើកទី១៩ តាមកិច្ចព្រមព្រៀងអនុស្សរណៈនៃការយោគយល់គ្នានៅក្រុងប៉ាតាយ៉ាមកបូកបញ្ចូលឲ្យអនុវត្ត ព្រោះវាអាចឲ្យមានសុខសន្តិភាព ស្ថិរភាពនិងជួយលើកកម្ពស់ជីវភាពនៃការរស់នៅរកស៊ីរបស់ប្រជាពលរដ្ឋតាមខ្សែបន្ទាត់ព្រំដែនឲ្យកាន់តែមានភាពល្អប្រសើរឡើងថែមទៀត ។ ខ្លឹមសាររួមទទួលបានយកមកពិភាក្សានោះមានកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ បញ្ហាព្រំដែនគោក បញ្ហាឧក្រិដ្ឋកម្មនិងអំពើភេរវកម្មឆ្លងដែន ការការពារនិងបង្ក្រាបគ្រឿងញៀន ចោរលួចរថយន្ត និងទោចក្រយានយន្ត ការជួញដូរអាវុធជាតិផ្ទុះ វត្ថុបុរាណ និងរូបិយប័ណ្ណក្លែងក្លាយ ការឆ្លងកាត់ព្រំដែន ការជួញដូរមនុស្សនិងក្មេងអនាថា ពលករខុសច្បាប់ ។ ចំពោះកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ច សង្គម បរិស្ថាន វិទ្យាសាស្ត្រ និងបច្ចេកទេសនោះមានវិស័យសុខាភិបាល វិស័យបរិស្ថាន ការជួញដូរតាមព្រំដែន វិស័យកសិកម្ម វិស័យអប់រំ វិស័យទេសចរណ៍និងបញ្ហាផ្សេងៗជាច្រើនទៀត ។
កំណត់ហេតុរួមនៃការប្រជុំគណៈកម្មាធិការថ្នាក់ភូមិភាគលើកទី២០នៅសៀមរាបនេះធ្វើជា៣ភាសាគឺ ភាសាកម្ពុជា ភាសាថៃ និងភាសាអង់គ្លេស ដោយបានចុះហត្ថលេខាទទួលស្គាល់ពីសហប្រធានរួមគ្នាកម្ពុជា-ថៃ ហើយករណីមានការបកស្រាយខុសត្រូវអនុវត្តច្បាប់យកភាសាអង់គ្លេសធ្វើជាគោល ។
ក្រោយចប់អង្គប្រជុំសហប្រធានទាំងពីរបានធ្វើសន្និសីទកាសែត ។ លោកឧត្តមសេនីយ៍ឯកប៊ុន សេង បញ្ជក់ថា អង្គប្រជុំបានជំរុញបន្តអនុវត្តតាមអនុស្សរណៈ ដែលមានកាលពីឆ្នាំ២០០០កន្លងមកយ៉ាងហ្មត់ចត់ ឈរលើការឯកភាពដោះស្រាយដោយសន្តិវិធី អត់ធ្មត់យោគយល់គ្នា ជួបពិភាក្សាគ្នាដល់ទីកន្លែងដើម្បីពង្រឹងកិច្ចរួមសហការកាន់តែជិតស្និទ្ធ ដោយកត់សម្គាល់លើការរីកចម្រើនលើវិស័យសេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន និងបច្ចេកទេសតាមខ្សែបន្ទាត់ព្រំដែនជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋកំពុងតែរស់នៅរកស៊ីជាមួយគ្នារៀងរាល់ថ្ងៃ ។
លោកបញ្ជាក់បន្ថែមថា បទល្មើសកាប់ឈើដោយខុសច្បាប់ត្រូវបានដាក់បញ្ចូលថ្មីមករួមគ្នាទប់ស្កាត់ដោយផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានយល់ដឹងពីច្បាប់ ស្រាវជ្រាវរកមេខ្យល់ដែលប្រើប្រាស់កម្លាំងប្រជាជនទាំងសងខាងឱ្យធ្វើខុសច្បាប់ ។ មានការដើរល្បាតរួមគ្នាតាមភូមិសាស្ត្រដែលសង្ស័យ ។ បង្កើនទំនាក់ទំនងកម្លាំងប្រដាប់អាវុធជួរមុខឲ្យមានវិទ្យុទាក់ទងនិងទូរស័ព្ទសម្រាប់ផ្តល់ព័ត៌មានជាមួយគ្នាជាប្រចាំក្នុងការតាមដានទប់ស្កាត់គ្រប់បទល្មើសដែលកើតឡើងសំខាន់ការប្រើប្រាស់អំពើហិង្សាក្នុងការអនុវត្តច្បាប់លើប្រជាពលរដ្ឋ ។
លោកបានលើកយកបញ្ហាបើកច្រកតំបន់នៅភូមិព្រៃចាន់(បឹងស្នោ)ឃុំអូរបីជាន់ ទល់មុខភូមិណងម៉ាកមូន ឃុំគោកស៊ូងចំណុចបង្គោលឡាក់លេខ៤៣ គឺបានឯកភាពគ្នានិងមានការអនុញ្ញាតពីរាជរដ្ឋាភិបាលមកយូរណាស់ហើយកាលពីឆ្នាំ២០០៧ ឲ្យអភិបាលខេត្តទាំងពីរ (ខេត្តបន្ទាយមានជ័យនិងស្រះកែវ) លម្អិតបន្ថែមទៀតរាយការណ៍ទៅថ្នាក់លើ ហើយការចុះត្រួតពិនិត្យពីគណៈកម្មការព្រំដែនបានពិនិត្យឃើញថាបង្គោលឡាក់លេខ៤៣ គឺមានភាពប្រកតីមិនប្រែប្រួលឡើយ។ ដូច្នេះមិនត្រូវទុកបន្តឲ្យនៅវែងឆ្ងាយទៀតទេ ត្រូវជំរុញពិនិត្យបន្ថែមទៀតនៅចុងខែមេសាឆ្នាំ២០១២ខាងមុខនេះដើម្បីបើកឲ្យដំណើរការតាមបំណងប្រជាពលរដ្ឋត្រូវការដោះដូរទំនិញគ្នា ព្រោះវាជួយបញ្ចៀសកាត់បន្ថយការខុសច្បាប់របស់ប្រជាពលរដ្ឋនៅតំបន់នោះនិងអាចបង្វែរទំនិញចេញចូលមួយចំនួនពីការកកស្ទះនៅតំបន់ប៉ោយប៉ែត សំខាន់ការកាត់បន្ថយភាពក្រីក្រនិងការអភិវឌ្ឍតាមព្រំដែន។
លោកឧត្តមសេនីយ៍ទោ ឧដុមដេត ស៊ីតាប៊ុត មេបញ្ជាការកងទ័ពភូមិភាគទី១ថៃបញ្ជាក់ថា លទ្ធផលនៃកិច្ចប្រជុំលើកទី២០នេះបានបង្ហាញឲ្យឃើញពីភាពជិតស្និទ្ធ មានទំនុកចិត្តជំរុញការរួបរួមគ្នាកាន់តែខ្លាំងធ្វើឲ្យកើតឡើងអ្វីៗជាដំណោះស្រាយដ៏ល្អមានប្រយោជន៍ដល់ប្រជាជនទាំងសងខាង ។ ការជួបគ្នាឲ្យបានញឹកញាប់នេះគឺអាចកាត់បន្ថយការប្រឈមមុខដាក់គ្នាដោយអាវុធ សំខាន់កម្លាំងប្រដាប់អាវុធនៅជួរមុខតាមខ្សែបន្ទាត់ព្រំដែន ត្រូវតែបង្កើតទំនាក់ទំនងព័ត៌មានពីគ្នាតាមប្រព័ន្ធរលកធាតុអាកាសដើម្បីរួមគ្នាប្រឆាំងការកើតឡើងបទល្មើសផ្សេងៗ ។
លោកជំរុញបន្ថែមកិច្ចសហប្រតិបត្តិការរួមគ្នាទប់ស្កាត់លើឧក្រិដ្ឋកម្ម ចោរកម្មឆ្លងដែន ហើយពង្រឹងពង្រីកលើវិស័យសេដ្ឋកិច្ច និងផ្សព្វផ្សាយដល់ប្រជាជនឲ្យយល់ដឹងពីការចេញចូលដោយប្រើលិខិតឆ្លងដែន(Border Pass) នៅច្រកសំពៅលូន-ខៅឌិន ក្នុងខេត្តបាត់ដំបងអំពីសិទ្ធិនៃការចេញចូលគឺបានត្រឹមតែក្នុងស្រុកដូចគ្នាប៉ុណ្ណោះ ។ នេះជាការទុកចិត្តគ្នាបន្ថែមទៀតរវាងភាគីទាំងពីរ(កម្ពុជា-ថៃ)ដើម្បីបម្រើប្រទេសជាតិយើងទាំងអស់គ្នាឲ្យមានក្តីសុខ ៕
ចែករំលែកព័តមាននេះ