ខេត្តកំពង់ចាម ៖អ្នករត់ម៉ូតូឌុបម្នាក់ឈ្មោះសៀក ស៊ាងលី ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នក្នុងភូមិខ្នងក្រពើលិច ឃុំទ្រមូង ស្រុកមេមត់ បានត្រូវបុរស២នាក់ល្បួងជិះចេញពីផ្សារមេមត់ ហើយនាំទៅប្លន់សម្លាប់ដោយចាក់លិច១ដែកឆាបចុងស្រួចចំខ្នងផ្នែកខាងឆ្វេងទម្លុះចំបេះដូង កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១៩ មីនា ២០១២ ស្ថិតនៅខាងជើងភូមិសំរោង ចម្ងាយប្រហែល១.៥០០ម៉ែត្រ ក្នុងឃុំដារ ស្រុកមេមត់ ដោយប្លន់យកម៉ូតូឌ្រីមសេ១២៥ ស៊េរី២០១២ ជិះគេចខ្លួនទៅបាត់ដោយសុវត្ថិភាព។
លោក ឌឹម ហួរ មន្ត្រីនគរបាលយុត្តិធម៌នៃអធិការដ្ឋានស្រុកមេមត់ បានឱ្យដឹងថា អ្នកធ្វើចម្ការម្រេចបានឃើញបុរស៣នាក់ជិះម៉ូតូ១គ្រឿងខាងលើចូលមកក្នុងចម្ការ ក្នុងភូមិសំរោង ឃុំដារ លុះមួយសន្ទុះក្រោយមកស្រាប់តែឮសំឡេងស្រែកថាជួយផងៗ ចោរប្លន់ម៉ូតូខ្ញុំហើយ រួចក៏បាត់មាត់ទៅ និងឃើញតែបុរស២នាក់ជិះម៉ូតូចេញមកវិញ ។ ក្រោយពីស្ងប់ស្ងាត់មួយសន្ទុះ អ្នកចម្ការនៅកន្លែងកើតហេតុនាំគ្នាមកមើលក៏ឃើញបុរសម្នាក់ស្លាប់ ក៏បានទូរស័ព្ទមកប្តឹងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំដារ ដើម្បីឱ្យជួយអន្តរាគមន៍ស្ទាក់ក្រុមចោរប្លន់នោះ ។
លោក ឌឹម ហួរ ឲ្យដឹងទៀតថា ពេលទទួលព័ត៌មាននេះភ្លាម ក្រោមបញ្ជាលោកអធិការនគរបាលស្រុកមេមត់ បានឱ្យកម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងនគរបាលយុត្តិធម៌ស្រុកតាមរុករកក្រុមចោរ២នាក់នោះ តែដោយសារចម្ការម្រេច មានទំហំធំហើយផ្លូវខ្វាត់ខ្វែង មិនដឹងថា ចោរជិះម៉ូតូគេចចេញទៅទិសខាងណាទេ សូម្បីតែកម្លាំងសមត្ថកិច្ចដែលដាក់ត្រៀមចាំនៅផ្លូវជាតិលេខ៧ ក៏មិនឃើញដែរ។ តាមការពិនិត្យចម្ងាយពីកន្លែងមានឈាមហូរមកដល់់ចំណុចដួលស្លាប់ គឺប្រហែលជា១០០ម៉ែត្រ ដូច្នេះពេលដែលចោរម្នាក់ប្រើដែកឆាបចុងស្រួចចាក់ខ្នងហើយនោះមិនទាន់ស្លាប់ទេ ក៏មានការប្រវាយប្រតប់ ហើយថែមទាំងរត់ដេញតាមពីក្រោយម៉ូតូស្រែកថា «ជួយផងៗ ចោរប្លន់ម៉ូតូរបស់ខ្ញុំហើយ» ។
ចំណែកមន្ត្រីកងរាជអាវុធហត្ថខេត្តនិយាយក្រោយពីមានការស្រាវជ្រាវបង្ហាញថា នៅវេលាម៉ោងប្រហែល១១ព្រឹកថ្ងៃទី១៩ មីនា បុរសអ្នករត់ម៉ូតូឌុបពោះម៉ាយរូបនេះ ត្រូវជន២នាក់ ហៅជិះចេញពីម្តុំផ្សារមេមត់ឆ្ពោះទៅទិសខាងលិច ។ លុះក្រោយមកក៏ទទួលដំណឹងថា អ្នករត់ម៉ូតូឌុបរូបនេះ ត្រូវចោរចាក់សម្លាប់យកម៉ូតូទៅបាត់ នៅភូមិសំរោង ឃុំដារ ស្រុកមេមត់ ។ ចំពោះករណីនេះ សមត្ថកិច្ចកំពុងតាមប្រមាញ់ក្រុមចោរប្លន់២នាក់នោះហើយតែមិនទាន់ដឹងថា អាចរកឃើញ ឬក៏អត់ទេ ៕
ចែករំលែកព័តមាននេះ