ខេត្តកំពត ៖ បុរសម្នាក់ត្រូវនគរបាលស្រុកកំពង់ត្រាចចាប់ខ្លួនកាលពីព្រឹកថ្ងៃទី១២ តុលា ពីបទចាប់រំលោភស្ត្រីមេម៉ាយឈ្មោះស.ស អាយុ៣៧ឆ្នាំ នៅឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច។ ជនជាប់ចោទឈ្មោះកង រំដួល អាយុ៤២ឆ្នាំ នៅភូមិជាមួយស្ត្រីរងគ្រោះ។
លោកឃួន សុវណ្ណ អធិការនគរបាលស្រុកមានប្រសាសន៍ថា ស្ត្រីមេម៉ាយកូន២បានប្តឹងថា ឈ្មោះកង រំដួល ចាប់នាងបង្ខំរួមរ័កនៅលើផ្ទះកាលពីវេលាម៉ោង៩យប់ ថ្ងៃទី១០ តុលា។ បុរសនោះមានប្រពន្ធរួចទៅហើយ តែបានលួងលោមចាប់នាងរំលោភ ហើយគេបញ្ចុះបញ្ចូលនាងកុំឱ្យនិយាយប្រាប់គេដោយគេនឹងទទួលខុសត្រូវរឿងនេះ តែក្រោយមកបែបប្រុងដោះដៃទើបនាងដាក់ពាក្យបណ្តឹងទៅនគរបាលឱ្យចាត់ចែងតាមច្បាប់។
ស្ត្រីរងគ្រោះបានបង្ហាញអាវយឺតសបង្កង់ដៃខ្លីមួយរបស់ជនជាប់ចោទដែលបន្សល់ទុកនៅលើគ្រែជាភស្តុតាង។ លោកឃួន សុវណ្ណ ប្រាប់កោះសន្តិភាពថា បុរសនោះអះអាងថា គេជាប្រធានសមាគមវង្សភ័ក្ត្រ បុរីប្រចាំឃុំបឹងសាលាតែការចាប់ខ្លួនគេមិនពាក់ព័ន្ធសមាគមទេ គឺពីបទរំលោភសេពសន្ថវៈស្ត្រីមេម៉ាយកូន២។ ប៉ូលិសនិយាយថា ជនសង្ស័យបានដៀលប្រមាថមន្ត្រីនគរបាលពេលទៅធ្វើការនៅកន្លែងកើតហេតុ ៕
ចែករំលែកព័តមាននេះ