ខេត្តកំពត ៖ បុរសម្នាក់បានលោតទឹកសម្លាប់ខ្លួននៅក្នុងប្រឡាយមួយត្រូវបានក្មេងប្រុសម្នាក់ប្រទះឃើញក៏មានការឆោឡោដឹងដល់សាច់ញាតិទៅស្រង់ចេញពីក្នុងទឹកដឹកតាមរ៉ឺម៉កច្នៃមកកាន់មន្ទីរពេទ្យស្រុក កំពង់ត្រាច កាលពីរសៀលថ្ងៃទី៧ តុលា ។
សាក្សីម្នាក់បាននិយាយថា បុរសរងគ្រោះដែលប៉ុនប៉ងលោតទឹកសម្លាប់ខ្លួននៅក្នុងប្រឡាយកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី៧ តុលា ត្រូវបានគេប្រទះឃើញទាន់ពេលក៏ដឹកតាមរ៉ឺម៉កច្នៃយកមកសង្គ្រោះនៅគ្លីនិកឯកជន តែដោយសារធ្ងន់ធ្ងរក៏ដឹកចូលពេទ្យរដ្ឋវិញ ។ បុរសរងគ្រោះឈ្មោះសោម ឡន អាយុ៣៦ឆ្នាំ រស់នៅក្នុងភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ។ ប្រជាពលរដ្ឋមួយរូប បាននិយាយថា ការលោតទឹកសម្លាប់ខ្លួននេះមកពីបុរសរូបនេះខឹងប្រពន្ធដោយសារកើតមានជម្លោះគ្នាជាញឹកញាប់ក៏ផ្តើមផឹកស្រាស្រវឹងហើយគិតខ្លីទៅលោតទឹកសម្លាប់ខ្លួនបែបនេះ ទៅ ។ ក្រោយពេលហេតុការណ៍កើតឡើងប្រពន្ធមិនបានមកមើលប្តីទេ មានតែក្រុមសាច់ញាតិខាងបុរសរងគ្រោះប៉ុណ្ណោះដែលជួយជ្រោមជ្រែងដឹកយកទៅសង្គ្រោះ ។ ពេលដឹកទៅដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យប្រចាំការបានយកប្រដាប់ស្ទង់ដង្ហើមពិនិត្យនិងជួយធ្វើចលនារាងកាយឱ្យទើបបុរសរងគ្រោះមានដង្ហើមវិញ ។
ទោះជាបែបណា មូលហេតុនៃការប៉ុនប៉ង ធ្វើអត្តឃាតរបស់បុរសខាងលើគ្មាននរណាម្នាក់បានដឹងច្បាស់លាស់ឡើយ ៕
ចែករំលែកព័តមាននេះ