ខេត្តតាកែវ ៖ ការនាំស្រូវចេញទៅលក់ឱ្យឈ្មួញវៀតណាមរបស់អាជីវករក្នុងស្រុករហូតមកដល់ខែកញ្ញា នេះមានការថយចុះបើប្រៀបធៀបទៅនឹងខែមុនៗ ដែលបញ្ហានេះបណ្តាលមកពីនៅតាមបណ្តាខេត្តមួយចំនួនដែលនាំស្រូវចេញដឹកតាមរថយន្តធំៗបានផ្អាកសកម្មភាពរបស់ខ្លួន ខណៈពេលមានទឹកជំនន់ជន់លិចតាមខេត្ត និងផ្លូវ។
មន្ត្រីសាលាស្រុកគិរីវង់ បាននិយាយថា នៅស្រុកយើងនេះមិនថា រដូវប្រាំង ឬរដូវវស្សានោះទេ រដូវប្រាំងអាជីវករបានដឹកស្រូវមកពីខេត្តនានា ទៅលក់ឱ្យឈ្មួញវៀតណាមតាមច្រកភ្នំដិន។ លុះដល់រដូវវស្សាជាខែទឹកឡើងអាជីវករក្នុងស្រុក និងខេត្តផ្សេងដឹកស្រូវទៅលក់ឱ្យឈ្មួញយួនតាមព្រែកតាម៉ៅ ឃុំគីរីចុងកោះ ក្នុង១ខែៗរាប់មឺុនតោន។ ក្នុងខែសីហា កន្លងមក ស្រូវដែលដឹកចុះទៅស្រុកយួនតាមច្រកព្រែកតាម៉ៅ មានចំនួនច្រើន តែមកដល់ខែកញ្ញា នេះមានការថយចុះច្រើន១ថ្ងៃឃើញតែ១០០តោនទេ នេះបណ្តាលមកពីស្រូវក្នុងស្រុកអស់ និងស្រូវមកពីខេត្តផ្សេងៗមានការអាក់ខានដោយសារទឹកជំនន់ជន់លិចផ្លូវ។
មន្ត្រីសាលាស្រុកដដែលបានបន្តទៀតថា យើងសង្ឃឹមថា ខែវិច្ឆិកា ខាងមុខនេះស្រូវដឹកមកពីខេត្តផ្សេងៗ ទៅលក់ឱ្យឈ្មួញវៀតណាម តាមច្រកស្រុកគិរីវង់ នេះនឹងមានច្រើន ព្រោះច្រកនៅស្រុកគីរីវង់ នេះមានភាពងាយស្រួលដល់រថយន្តដឹកដល់ទូកតែម្តង តែក៏បង្កភាពងាយស្រួលដល់មន្ត្រីអសកម្មមួយចំនួនប្រមូលផ្តុំគ្នាមកជាន់ក្បាលរថយន្ត និងទូកដឹកស្រូវយកលុយផងដែរ ៕
ចែករំលែកព័តមាននេះ