ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​​ព្រៃឈើ​​ថាឡាបរិវ៉ាត់​​​ហាមឃាត់​គ្រឿងចក្រ​​ឈូស​ឆាយ​ដី​ព្រៃ​​របស់​​នាយក​​សាលាខេត្ត

13 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ ​គ្រឿងចក្រ​ប៊ុលឌូ​ហ៊្សែរ​ខ្នាតធំ D80 ចំនួន២គ្រឿង ដែល​ធ្វើសកម្ម​ភាព​ឈូសឆាយដីព្រៃរបស់រដ្ឋនៅចំណុចអូរបេងភូមិឈ្វាំង ឃុំសំអាង​ ស្រុកថាឡាបរិវ៉ាត់​បាន​​ត្រូវ​មន្ត្រីផ្នែករដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត់​សហការជាមួយនឹងកម្លាំងកងរាជអាវុធហត្ថស្រុកថាឡាបរិវ៉ាត់ ចុះឃាត់មិនឱ្យធ្វើ​សកម្ម​ភាព​ឈូសឆាយបន្ត​កាល​ពីវេលា​

ខេត្តស្ទឹងត្រែង ៖ ​គ្រឿងចក្រ​ប៊ុលឌូ​ហ៊្សែរ​ខ្នាតធំ D80 ចំនួន២គ្រឿង ដែល​ធ្វើសកម្ម​ភាព​ឈូសឆាយដីព្រៃរបស់រដ្ឋនៅចំណុចអូរបេងភូមិឈ្វាំង ឃុំសំអាង​ ស្រុកថាឡាបរិវ៉ាត់​បាន​​ត្រូវ​មន្ត្រីផ្នែករដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត់​សហការជាមួយនឹងកម្លាំងកងរាជអាវុធហត្ថស្រុកថាឡាបរិវ៉ាត់ ចុះឃាត់មិនឱ្យធ្វើ​សកម្ម​ភាព​ឈូសឆាយបន្ត​កាល​ពីវេលា​ម៉ោង១០ព្រឹកថ្ងៃ​ទី១ មិថុនា កន្លង​មក​នេះ ។

តាមលោកសុខ សេង អ្នក​មើលការខុស​ត្រូវ​​នៅកន្លែងឈូសឆាយនោះ​អះ​អាងថា ដីនេះគឺ​របស់​លោកប៉េង គង់ ទិញពីប្រជា​ពល​រដ្ឋ​ដោយ​មានចុះហត្ថលេខា និងបោះត្រាពីមេ​ឃុំសំអាង​​ផង ។ ចំណែកលោកញាន ផុន មេឃុំសំអាង​ក៏បាន​បញ្ជាក់តាមទូរស័ព្ទដែរថា ដីដែលកំពុង ឈូសឆាយនៅចំណុចអូរបេងនេះ ពិតជាដី​របស់​លោកប៉េង គង់ ​ជានាយខុទ្ទ​​កា​ល័យ​​សាលា​ខេត្ត​​ដែលបានទិញពីប្រជាពលរដ្ឋយូរណាស់មក​ហើយ។

ប្រជាពលរដ្ឋនៅតំបន់នោះនិយាយថា បើ​ពលរដ្ឋក្រីក្រហ៊ានកាប់ដីព្រៃលក់យ៉ាង ដូច្នេះ​គេ​ចាប់វាយខ្នោះយកទៅដាក់ពន្ធនាគារបាត់ទៅ​ហើយ ។ បញ្ហា​ចុះ​ហត្ថ​លេខាលក់​ដីព្រៃ និង​កាប់ឈូសឆាយដីព្រៃរបស់រដ្ឋឡើងវាលអស់នៅតាមសងខាងផ្លូវនេះ មានតែអ្នកមានអំណាច ទេ ទើបធ្វើបានហើយអត់មានបញ្ហាអ្វីថែមទៀត ។ ​កន្លងមកនេះ​ ករណីកាប់ឈូសឆាយដី​ព្រៃនៅតំបន់នេះ ​គេឮតែសំឡេងរណារយន្ត និងគ្រឿង​ចក្រ រំពង​​ពេញ​ព្រៃ​ហើយមិនដែល​ឃើញអាជ្ញាធរមានសមត្ថកិច្ចចេញ​មុខ​មកហាម​ឃាត់ទេ មានតែចេញមុខមកគំរាមប្រជាពល​រដ្ឋ​ក្រីក្រ រហូតដល់មានបញ្ហាកាន់កាំភ្លើងរត់ចូល​ក្នុង​ព្រៃថែម​ទៀត​ដោយសារតែអាជ្ញាធរ​គាប​សង្កត់។

លោកសុផឹត នាយផ្នែករដ្ឋបាលព្រៃឈើ​ថាឡាបរិវ៉ាត់បានបញ្ជាក់ថា ក្នុង​ប្រតិ​បត្តិការនេះ កម្លាំងសមត្ថកិច្ចបានឃាត់​គ្រឿង​ចក្រ​ខ្នាតធំពីរគ្រឿងមិន​ឱ្យធ្វើសកម្មភាពឈូសឆាយ​ដីព្រៃបន្ត​ទៀត ហើយរង់ចាំយោ​បល់ពី​ថ្នាក់​លើសិន។ ចំពោះ​ករណីនេះ លោកប៉េង គង់ បានបក​ស្រាយ​ថា បើជំនាញរដ្ឋបាលព្រៃឈើ​ឃាត់​គ្រឿង​​ចក្រនោះ លោកក៏មិន​ដឹងធ្វើម៉េចដែរ ហើយ​ដីនៅតំបន់នោះមិនមែនមានដី​តែ​​របស់​​លោក​ម្នាក់ឯងទេ ។ ចំពោះដីនេះគឺ​លោកបាន​ទិញ​ពីប្រជាពលរដ្ឋ ​កាលពី៤​ឆ្នាំមុន ហើយ​ការឈូសឆាយនេះ​គឺ​ដើម្បីដាំដំណាំ​កសិកម្ម​ប៉ុណ្ណោះ លើ​​ផ្ទៃដី​ទំហំ២០០ម៉ែត្រx២០០ម៉ែត្រ ។

គេមិនទាន់ដឹងថា តើ​រឿង​រ៉ាវ​នេះ​នឹង​ប្រែ​ក្លាយ​ទៅ​ជាយ៉ាងណានោះទេ ដោយ​ក្រុម​មន្ត្រី​ថ្នាក់​ក្រោម​​​​រង់​ចាំរដ្ឋមន្រ្តីក្រសួងកសិកម្ម និង​ប្រធានរដ្ឋ​បាល​ព្រៃឈើពិនិត្យលើករណីនេះ​ដើម្បីឱ្យដឹងថា តើដីចំណុចអូរបេងជាដីព្រៃ ឬយ៉ាង​ណា ។ មាន​ការ​កត់សម្គាល់​ថា កាល​ពី​៤ឆ្នាំ​មុន ដីព្រៃនេះ​មិន​មាននរណា​​ហ៊ាន​​ទៅ​កាប់​ឆ្ការ​យក​ដីឡើយ ​លុះ​ពេល​មានផ្លូវ​ ស្រាប់​តែ​ដី​ព្រៃ​អម​​សង​ខាង​ផ្លូវក្លាយ​ទៅ​ជាដីកម្ម​សិទ្ធិ​របស់​អ្នក​មាន​ធន​ធាន​ និងអ្នក​មានអំណាច ​ដែលអ្នក​ខ្លះ​មានដី​រាប់រយ​ហិកតា​​ហើយ​​ជួ​ល​ប្រជា​ពល​រដ្ឋ​ក្រីក្រ​ឱ្យ​ស៊ីឈ្នួលកាប់​រាន​​ និង​ចាំដី​ឱ្យទៀត​​ផង៕