រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ទើបរៀបការបានរយៈពេល៣ខែ ត្រូវជនមិនស្គាល់មុខចាប់ពង្រត់ពីទ្រូងប្តី និងក្រុមគ្រួសារទៅបាត់បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយគេបាននាំគ្នាតាមរកទាំងយប់ ប៉ុន្តែសូម្បីតែស្រមោលបន្តិចក៏ពុំឃើញផង ។ ក្រុមគ្រួសារអះអាងថា ពេលចាប់ពង្រត់នោះបានឮសូរសំឡេងនាងស្រែកឱ្យជួយតាមទូរស័ព្ទតែ២ម៉ាត់ប៉ុណ្ណោះ ក៏បាត់ឈឹងរហូតតែម្តង ដែលបញ្ហានេះធ្វើឱ្យក្រុមគ្រួសារ ជាពិសេសប្តីរបស់នាងព្រួយបារម្ភពីសុវត្ថិភាពនាងយ៉ាងខ្លាំង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីយប់ ថ្ងៃទី២៨ មេសា ឆ្នាំ២០១១ នៅក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌដង្កោ ។ ស្ត្រីដែលក្រុមគ្រួសារសង្ស័យថា មានគេចាប់ពង្រត់នោះឈ្មោះចាន់ ស្រីកា អាយុ១៩ឆ្នាំ មុខរបរលក់ដូរ នៅផ្ទះក្នុងភូមិខាងលើ ចំណែកប្តីរបស់នាងឈ្មោះឈុំ ភក្ត្រា ហៅប្រុក អាយុ២១ឆ្នាំ ពួកគេទាំងពីរនាក់ទើបរៀបការបានរយៈ ពេល៣ខែប៉ុណ្ណោះ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មានក្រុមជនមិនស្គាល់មុខត្រូវបានគេដឹងថា មានគ្នា៥នាក់ជិះម៉ូតូ២គ្រឿង ក្នុងនោះគេស្គាល់១គ្រឿងម៉ាកហុងដា C125 ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ឯ១គ្រឿងទៀតមិនស្គាល់ស៊េរីនោះទេ ។ នៅមុនពេលកើតហេតុនាងចាន់ ស្រីកា បានទៅឈរលេងនៅខាងក្រោយផ្ទះតែម្នាក់ឯង ឯក្រុមគ្រួសារខ្លះនៅក្នុងផ្ទះ ខ្លះនៅមុខផ្ទះ និងខ្លះទៀតកំពុងងូតទឹកនៅក្នុងបន្ទប់ទឹក ហើយក្រុមជនមិនស្គាល់មុខបានទៅចាប់នាងដឹកយកចេញទៅបាត់ ។ ក្នុងខណៈនោះស្ត្រីជាម្តាយបានឮសំឡេងស្រែកឱ្យជួយ ប៉ុន្តែមិនបានចាប់អារម្មណ៍ថា នាងត្រូវគេចាប់ទេ ព្រោះកន្លងមកនាង និងប្តីឧស្សាហ៍ប្រឡែងគ្នាលេងហើយនាងតែងតែស្រែកឱ្យជួយបែបនេះ ហើយនៅពេលកើតហេតុស្ត្រីជាម្តាយដែលកំពុងងូតទឹកនឹកស្មានថា នាងប្រឡែងគ្នាលេងជាមួយប្តីដូចសព្វដង ។ ប្រភពដដែលបានបន្តថា លុះក្រោយមកបាត់មិនឃើញនាងទើបមានការភ្ញាក់ផ្អើលឆោឡោ ហើយនៅកន្លែងនាងឈរគេប្រទះឃើញតែស្បែកជើងរបស់នាង១គូ និងខ្សែកាបូបស្ពាយដែលដាច់តែប៉ុណ្ណោះ ពេលនោះក្រុមគ្រួសាររួមជាមួយសមត្ថកិច្ចបាននាំគ្នាដើររកគ្រប់ទីកន្លែង ។ មិនតែប៉ុណ្ណោះ មួយសន្ទុះក្រោយមកគេបាននិយាយទូរស័ព្ទទៅនាងហើយនាងបានទទួលទូរស័ព្ទតែអត់ឮនិយាយតបតទេ គ្រាន់តែឮនាងស្រែកជួយ២ទៅ៣ម៉ាត់ប៉ុណ្ណោះ ក៏ស្ងាត់ឈឹងទៅវិញរហូត។
ប្រភពដដែលបានបន្តថា នៅពេលកើតហេតុនោះបុរសជាប្តីរបស់នាងមិននៅផ្ទះទេ រវល់ទៅលេងផ្ទះអ៊ំ ដែលនៅក្នុងភូមិនោះដែរ ហើយទាក់ទិនទៅនឹងហេតុការណ៍នោះត្រូវបានគេសង្ស័យថា មានគេលួចស្រឡាញ់នាងមុនពេលនាងរៀបការ ហើយក្រោយពេលនាងរៀបការបុរសដែលស្រឡាញ់នាងមិនបាននោះចងគំនុំក៏បានចាប់នាងទៅតែម្តង។ ពេលនេះគេពុំដឹងថា នាងមានសុវត្ថិភាព ឬយ៉ាងណានោះឡើយ៕
ចែករំលែកព័តមាននេះ